ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​ប៉ៃលិន ៖ ក្មេង​ទំនើង​២​នាក់​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក ស្រី ម៉​ន ចាប់ខ្លួន បន្ទាប់​ពី​ទទួល​​ពាក្យបណ្តឹង​ពី​ឪពុក​ម្តាយ​ជន​រង​គ្រោះ​ថា ពួក​គេ​ធ្វើ​សកម្មភាព​ចូល​ទៅ​ក្នុង​អនុ​វិទ្យាល័យ​ភ្នំ​យ៉ា​ត រួច​ទាញ​យក​ច្រ​វ៉ា​ក់​ម៉ូតូ​វាយ​ទៅ​លើ​កូនប្រុស​គាត់​ឱ្យ​រង​របួស​ចំនួន​១៥​ច្រ​វ៉ា​ក់ រួច​រត់គេច​ខ្លួន ។

ការ​ចាប់​ឃាត់ខ្លួនជន​ដៃដល់​ទាំង​២​នាក់​នេះ​ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​០៩ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៩ កុម្ភៈ ២០១៦ ស្ថិត​នៅ​មុខ​អនុ​វិទ្យាល័យ​ភ្នំ​យ៉ា​ត ក្នុងភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។

ជន​រង​គ្រោ​ឈ្មោះ​សំ មក​រា​ឧត្តម ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៩c នៃ​អនុ​វិទ្យាល័យ​ភ្នំ​យ៉ា​ត រង​របួស​កន្ទួល​ពេញ​ខ្លួន ត្រូវ​ចំនួន​១៥​ច្រ​វ៉ា​ក់​ម៉ូតូ រស់នៅ​ភូមិ​អូរ​តា​ប្រាង្គ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។ ចំណែក​ជន​ដៃដល់ ១-​ឈ្មោះ​ពិន ចាន់​ណូ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ (​ឈប់​រៀន​) រស់នៅ​ភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ២-​ឈ្មោះ​សុំ សម្បត្តិ ភេទ​ប្រុស អាយុ​២០​ឆ្នាំ (​ឈប់​រៀន​) រស់នៅ​ភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។

ប្រភព​បន្ត​ថា ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​ពី​ឪពុក​ម្តាយ​ជន​រង​គ្រោះ លោក​ក៏​បាន​ដឹកនាំ​កម្លាំង​ចុះ​ធ្វើការ​ស្រាវជ្រាវ​រក​ជន​ដៃដល់​ដើម្បី​ឃាត់ខ្លួន ស្រាប់តែ​ឃើញ​ពួក​គេ​ទៅ​ឈរ​នៅ​មុខ​អនុ​វិទ្យាល័យ បម្រុង​នឹង​ចូល​ទៅ​វាយប្រហារ​សិស្ស​នៅ​ទីនោះ​ទៀត ក៏​ចាប់ ឃាត់ខ្លួន​តែ​ម្តង ។ លោក​បន្ត​ទៀត​ថា នៅ​រសៀល​ថ្ងៃ​ទី​០១ មីនា ២០១៦ ខាង​លោក​បាន​រៀបចំ​កសាង​សំនុំរឿង ដើម្បី​បញ្ជូន​ជន​ទាំង​២​នាក់​ខាងលើ ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត ឱ្យ​ចាត់ការ​តាម​នីតិវិធី ។