ក្រុមហ៊ុន ​Ford ជះ​ទឹក​ប្រាក់យ៉ាងច្រើន ដើម្បី​ចូល​រួម​ពង្រឹងគុណភាព​ការ​ប្រណាំង​កង់​នៅ​កម្ពុជា

ក្រុម​ហ៊ុន​ RMA Cambodia ដែល​ជា​តំណាង​នាំ​ចូល និង​ចែក​ចាយ​ផ្តាច់​មុខ​នូវ​រថយន្ត Ford ប្រចាំ​នៅ​កម្ពុជា បានជះ​ទឹក​ប្រាក់​រាប់​ពាន់​ដុល្លារ ​ឧបត្ថម្ភ​ដល់​​ការ​ប្រកួត​កីឡាទោចក្រយាន ក.ផ.រ​ ៥​កំណត់​ផ្លូវ ឆ្នាំ​២០១៦ ប៉ែក​បូព៌ា​ប្រទេស​កម្ពុជា ដែល​មាន​ចម្ងាយ​សរុប​​​៤៧០​គីឡូម៉ែត្រ​ ​ខណៈ​ការ​ប្រណាំង​កង់​លើ​ផ្ទៃ​រាប(ក.ផ.រ)នេះ នឹង​បើក​​ការ​ប្រកួត​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​៤ ខែមីនា នឹង​​បញ្ចប់​នៅ​ថ្ងៃទី​៨ ខែមីនា។

biking-003ក្នុង​សន្និសីទ​កាសែត នៅ​​ទី​ស្នាក់​​ការ​ក្រុមហ៊ុន RMA Cambodia កាល​ពី​​ថ្ងៃ​សៅរ៍ តំណាង​មក​ពីសហព័ន្ធ​ខ្មែរ​កីឡាទោចក្រយាន និង​តំណាង​មក​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា សុទ្ធ​តែ​បាន​លើក​ឡើង​ថា ការឧបត្ថម្ភ​​របស់ Ford ក្នុង​ការ​ប្រកួត​នេះ បាន​ចូល​រួម​យ៉ាង​សំខាន់​ក្នុង​ការ​ពង្រឹង​គុណ​ភាព​​កីឡា​ប្រណាំង​កង់​នៅ​កម្ពុជា។ លោក ញឹម ខេមរា អនុ​ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡាទោចក្រ​ក្រយាន បាន​ថ្លែងថា ​ការ​ប្រកួត​នេះ បាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ជ្រើស​រើស​កីឡាករ​ឆ្នើម សម្រាប់​ដាក់​ឲ្យ​ហ្វឹក​ហាត់​នៅ​ក្រុម​ជម្រើស​ជាតិ ព្រោះ​នេះ​ជា​ការ​ប្រណាំង​កង់​លើ​ផ្ទៃ​រាប​រយៈ​ចម្ងាយ​ឆ្ងាយគឺ​៤៧០​គីឡូ​ម៉ែត្រ ដែល​នឹង​ត្រូវ​ចេញ​ដំណើរ​ពី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែមីនា រួច​ឆ្ពោះ​​ទៅ​​ខេត្តកំពង់​ចាម ​និង​បន្ត​ទៅ​ខេត្ត​ត្បូង​ឃ្មុំ ខេត្ត​ព្រៃ​វែង ខេត្ត​ស្វាយ​រៀង ហើយត្រូវ​វិល​​មក​បញ្ចប់​នៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល ដោយ​ប្រើ​ពេល​៥​ថ្ងៃ។

biking-004អត្ត​ពលិក​ចំនួន​៥០​នាក់(ស្រី​៥​នាក់) មក​ពី​ក្លិប​ចំនួន​៩ រួម​មាន ក្លិប​កង់​តា​ខ្មៅ សាកល​វិទ្យាល័យ​ធន​ធាន​មនុស្ស ក្លិប​ខេត្តកណ្តាល ក្លិប​កង់​មេគង្គ ក្លិប​ឫទ្ធិសែន ក្លិបកង់​ហោះ ក្លិប​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ ក្លិប​ខេត្តបាត់​ដំបង និង​ក្លិប​កង់​អង្គរ​សាយគ្លីង ត្រូវ​បាន​សម្រិតសម្រាំង​ឲ្យ​ចូល​រួម​ក្នុង​ការ​ប្រកួត​នេះ ហើយ​នៅ​ក្នុង​ការ​ប្រកួត១​កំណត់​ផ្លូវៗ ឬ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ គឺ​មាន​ការ​សម្រាក​១​យប់ ដោយ​ខាង​ខេត្ត​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​​ការ​ហូប​ចុក និង​ការ​ស្នាក់​នៅ
ប៉ុន្តែ​លោក វ៉ាន់ ថន អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាទោចក្រយាន បាន​ធ្វើ​ការ​​ព្រមានដល់​តំណាង​ក្លិប​ និងអត្ត​ពលិក​ចូល​រួមទាំង​អស់ ត្រូវ​ជិះ​ឲ្យ​ដល់​គោល​ដៅ​ ទោះ​ស្ថិត​ក្នុង​ថិរវេលា​បែប​ណា​ក៏​ដោយ។ ផ្ទុយ​ទៅ​ បើ​អ្នក​ជិះ​មិន​ដល់​គោល​ដៅ ហើយ​បែ​ជា​លើក​កង់​ដាក់​លើ​រថយន្ត ឬ​អ្វី​ផ្សេងៗ​នោះ គណៈកម្មការ នឹង​កត់​ឈ្មោះ​ទុក ហើយ​អ្នក​នោះ នឹង​មិន​ត្រូវ​បាន​ដាក់​ឲ្យ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រណាំង​កង់​ផ្សេងៗ​ទៀត​នោះ​ឡើយ។​

biking-002​លោកបាន​បញ្ជាក់​​ថា៖​«ការ​ប្រកួត​​លើ​ចម្ងាយ​ផ្លូវ​ឆ្ងាយ​បែប​នេះ​មាន​សារៈ​សំខាន់​នេះ គឺ​វា​នឹង​ជួយ​ឲ្យ​កីឡាករ​របស់​យើង​មាន​កម្លាំង​អំណត់ និង​មាន​ល្បឿនថេរ។ បើ​គ្មាន​ការ​ប្រកួត​បែប​នេះ យើង​ពិត​ជា​មិន​បានដឹង​ពី​កម្លាំង​អំណត់ និង​ល្បឿន​ថេរ​របស់​យើង​នោះ​ទេ ​ហេតុនេះ​អ្នក​ចូល​រួម​ទាំង​អស់ត្រូវ​ប្រឹង​ប្រែងជិះ​ឲ្យ​ដល់​គោល​ដៅ​ដាច់​ខាត ដើម្បី​បញ្ជាក់​ពី​សមត្ថ​ភាព​ពិត​របស់​ខ្លួន ព្រោះ​ការ​ប្រកួតនេះមាន​សារ៉ែន​បើក​ផ្លូវ និងមាន​ការ​រៀបចំ​បាន​ល្អ​ជា​ង​ការ​ប្រកួត​ថ្នាក់​ជាតិ​ទៅ​ទៀត»។
ចំណែក​លោក ញ៉ែម រិទ្ធី អ្នក​គ្រប់​គ្រង​ផ្នែក​យុទ្ធសាស្រ្តអភិវឌ្ឍអាជីវកម្ម​នៃ​ក្រុម​ហ៊ុន​ RMA Cambodia បាន​ថ្លែង​ថា៖​«នេះ​ជា​លើក​ទី​២​ហើយ​ដែល Ford ពាន​ចូល​រួម​ឧបត្ថម្ភ​ដល់​ការ​ប្រកួត​ប្រណាំង​កង់​នេះ ហើយ​វា​ក៏​ជា​ប្រភេទ​កីឡា​​ទី​១​ផង​ដែរ ដែល​យើង​បាន​​ចូល​រួម​គាំ​ទ្រ ប៉ុន្តែ​​តាម​ផែន​ការ​របស់​លោក​ប្រធាន យើង​អាច​នឹងចាប់ទៅ​ធ្វើ​ជាមួយ​ខាង​បាល់​ទាត់ និង​កីឡា​ផ្សេងៗ​ទៀត នៅ​ថ្ងៃ​ខាង​មុខ»។

biking-001លោក អ៊ុក សិទ្ធិជាតិ អគ្គ​នាយក​កីឡា និង​ជា​អ្នក​តំណាង​ឲ្យ​​ក្រសួងអប់រំ យុវជន និង​កីឡា ​បាន​កោត​សរសើរ និង​គាំ​ទ្រយ៉ាង​ពេញ​ទំហឹង​ទៅ​ដល់​ខាង Ford ដែល​បាន​ចូល​រួម​ឧបត្ថម្ភ​បង្កើត​ឲ្យ​មាន​ព្រឹត្តិការណ៍នេះ​ឡើង។ លើក​បាន​និយាយ​ថា៖​«នេះ​ជា​ការ​រួមចំណែក​ជួយ​ដល់​សង្គម​ជាតិ ពិសេស​បាន​ជួយ​ដល់​ខាង​សហព័ន្ធ ក្នុង​ការ​ពង្រឹង​សមត្ថភាព​អត្ត​ពលិក​របស់​ខ្លួន ហើយ​ខាង​ក្រសួង ក៏​នឹង​ជួយ​ទៅ​ដល់​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន ក្នុង​ការ​បើក​វគ្គ​បណ្តុះ​បណ្តាល​អាជ្ញាកណ្តាល នា​ពេល​ខាង​មុខ​ផង​ដែរ»៕