ទូតខ្មែរនៅម៉ាឡេស៊ី បានសង្គ្រោះនារីខ្មែរ ៤រូប និងកុមារម្នាក់ ជាប់ឃុំឃាំងនៅជំរុំ Balantik Camp ឲ្យបានវិលត្រឡប់មកប្រទេសវិញ

ភ្នំពេញ៖ ស្រ្តីចំនួន៤ រូប រួមនិងកុមារម្នាក់ផងនោះ ដែលបានជាប់ឃុំឃាំងនៅក្នុងជំរុំ Balantik Camp រដ្ឋ Kedah ប្រទេសម៉ាឡេស៊ី ត្រូវបានស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំទីនោះជួយអន្តរាគមន៍ ឲ្យបានវិលត្រឡប់មកមាតុភូមិវិញ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ លោក ជុំ សុន្ទរី អ្នកនំាពាក្យក្រសួងការបរទេស ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលទទួលបាន នៅរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦នេះ។

បើតាមលោក ជុំ សុន្ទរី បានឲ្យដឹងថា ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ជួយស្ត្រីខ្មែរចំនួន ៤រូប ដែលបានទៅធ្វើការតាមផ្ទះ នៅប្រទេសម៉ាឡេស៊ី ហើយបានជាប់ឃុំឃាំងនៅជំរុំ Balantik Camp រដ្ឋ Kedah ហើយនិងកុមារ ១រូប ឲ្យបានវិលត្រឡប់មកកម្ពុជាវិញ។

លោក ជុំ សុន្ទរី បានបញ្ជាក់ទៀតថា ស្រ្តីរងគ្រោះទំាងនោះ ទី១.ឈ្មោះ ហ៊ន ស្រីនាង អាយុ ២៥ឆ្នាំ មានស្រុកកំណើតនៅភូមិមេសាង ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង បានទៅប្រទេសម៉ាឡេស៊ី ដោយរថយន្ត កាត់តាមប្រទេសថៃ កាលពីឆ្នាំ ២០១៤, ទី២.ឈ្មោះ អួល ស្រីខួច អាយុ ៣៤ឆ្នាំ មានស្រុកកំណើតនៅភូមិមេសាង ឃុំព្រៃរំដេងស្រុកមេសាង ខេត្តព្រៃវែង បានទៅប្រទេសម៉ាឡេស៊ី ដោយរថយន្ត កាត់តាមប្រទេសថៃ កាលពីឆ្នាំ២០១៤, ទី៣.ឈ្មោះ អាប់ឌុលឡោះ រ៉យម៉ា (ខ្មែរអ៊ីស្លាម) ភេទស្រី អាយុ ២៦ ឆ្នាំ មានស្រុកកំណើតនៅភូមិបបររលួយ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច បានទៅប្រទេសម៉ាឡេស៊ីដោយរថយន្ត កាត់តាមប្រទេសថៃ និងទី៤.ឈ្មោះ សំ ភោគ អាយុ ៤២ឆ្នាំ មានស្រុកកំណើតនៅភូមិស្នោ ឃុំស្នោ ស្រុកបាត់ដំបង ខេត្តបាត់ដំបង បានទៅប្រទេសម៉ាឡេស៊ី ដោយរថយន្ត កាត់តាមប្រទេសថៃ កាលពីឆ្នាំ ២០១៤ ហើយនិងកូនប្រុស កើតថ្ងៃទី ២៧ខែធ្នូ ឆ្នាំ២០១៥ នៅប្រទេសម៉ាឡេស៊ី។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់បន្ថែមទៀតថា ស្ថានឯកអគ្គរាជទូត បានចេញលិខិតធ្វើដំណើរបណ្តោះអាសន្ន ជូនដល់ស្ដ្រី និងកុមារ ទាំង ៥ រូបខាងលើ និងបានជួយចេញថ្លៃសំបុត្រយន្តហោះឲ្យចំនួន ៣រូប ដែលស្ថានទូតរកសាច់ញាតិមិនឃើញ ចំពោះស្ត្រីចំនួន ២ រូបទៀត សាច់ញាតិបានចេញសំបុត្រយន្តហោះឲ្យ។ ពលរដ្ឋខ្មែរទាំង៥រូប នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅ ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង ០៧៖៥០នាទី ព្រឹក តាមជើងយន្តហោះ AK ៥៣៦៕