ដើមបណ្ដឹង​ជាប់សែស្រឡាយ​ជនជាតិ​វៀតណាម ប្រាប់ថា ​ឪពុក​បាន​ចងករ​ដើម្បី​ការពារ​កូនៗ​របស់ខ្លួន​ចំនួន ៦ នាក់​

ភ្នំពេញ: ​ដើមបណ្ដឹង​រដ្ឋប្បវេណី​ដែល​ជាប់សែស្រឡាយ​ជនជាតិ​វៀតណាម​ម្នាក់​មកពី​ខេត្តស្វាយរៀង អ្នកស្រី សៀវ ចាន់​ថី​បាន​ជម្រាប​ប្រាប់​អង្គជំនុំជម្រះ នៅ​ថ្ងៃទី​១ ខែមីនា ឆ្នាំ ២០១៦ ថា ឪពុក​របស់​អ្នកស្រី បានធ្វើ​អត្ដ​ឃាត​ដោយ​ចងករ​សម្លាប់​ខ្លួនឯង​ព្រោះ​ដើម្បី​ការពារ​កូនៗ​របស់ខ្លួន​ចំនួន ៦ នាក់ ឲ្យ​រួច​ផុតពី​ការយកទៅ​សម្លាប់​។ ដើមបណ្ដឹង​រដ្ឋប្បវេណី​រូបនេះ​បាន​លើកឡើងថា ឪពុក​របស់ខ្លួន​បានដឹង ជាមុន​ស្រេច​ហើយ​ថា លោក​នឹង​ត្រូវបាន​កម្មាភិបាល​ខ្មែរក្រហម​យកទៅ​សម្លាប់ ព្រោះ​លោក​បានឃើញ​គ្រួសារ​ជនជាតិ​វៀតណាម​ផ្សេងៗ​ទៀត​នៅក្បែរ​គ្នា ត្រូវបាន​ក​ម្មា​
​ភិ​បាល​ខ្មែរក្រហម យកទៅ​ធ្វើបាប​និង​សម្លាប់​។ អ្នកស្រី​បាន​ថ្លែងថា ឪពុក​អ្នកស្រី​ប្រាប់​មុនពេល​ស្លាប់​ថា ការដែល​គាត់​ធ្វើអត្តឃាត គឺ​ដើម្បី​កូន​រស់​។​
 
​ដើមបណ្ដឹង​រដ្ឋប្បវេណី​រូបនេះ​បន្ដថា កម្មាភិបាល​ខ្មែរក្រហម​ក៏បាន​វាយ​ធ្វើបាប បងប្រុស​របស់​អ្នកស្រី​នឹង​ដំបង​ឫស្សី ដោយ​ពួកគេ​ចោទ​បងប្រុស​របស់​អ្នកស្រី​ជា​ខ្មាំង ក្រោយពេល​បង​អ្នកស្រី ធ្វើ​ឲ្យ​សត្វ​គោ​មុត​ជើង​។ ពាក់​
​ព័ន្ធ​នឹង​ការ​ធ្វើទុក្ខបុកម្នេញ​លើ​ជនជាតិ​វៀតណាម​នៅ​កម្ពុជា​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​វិញ ដើមបណ្ដឹង​រដ្ឋ​ប្ប​
​វេ​ណី​មកពី​ខេត្ដ​ស្វាយរៀង អ្នកស្រី សៀង ចាន់​ថី បាន​ជម្រាប​ទៅ​អង្គជំនុំជម្រះ​ថា គ្រួសារ​របស់​អ្នកស្រី​ត្រូវបាន​គេ​ធ្វើបាប​យ៉ាងខ្លាំងបំផុត​នៅ​ក្នុងសម័យ​ខ្មែរក្រហម​។​
 
​ចំណែក​ដើមបណ្ដឹង​រដ្ឋប្បវេណី​ដែល​ជាប់សែស្រឡាយ​ជនជាតិ​វៀតណាម​មួយរូប​ផ្សេងទៀត គឺ​អ្នកស្រី ខូង មួយ អាយុ ៥៨ ឆ្នាំ មកពី​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បាន​ជម្រាប​ទៅ​អង្គជំនុំជម្រះ​ថា ដោយសារតែ​ឪពុកម្ដាយ​របស់​អ្នកស្រី​ជា​ជនជាតិ​ចិន វៀតណាម​កម្មាភិបាល​ខ្មែរក្រហម បាន​នាំយក ទៅ​សម្លាប់ចោល​ទាំងអស់​។ អ្នកស្រី​បន្ថែមថា បងប្អូន​របស់​អ្នកស្រី​ក៏ត្រូវ​បាន​គេ​យកទៅ​វាយ​សម្លាប់ចោល​ផងដែរ​។ អ្នកស្រី​ថា អ្នកស្រី​មានការ​ឈឺចាប់​បំផុត នៅ ពេល​អ្នកស្រី​រំលឹក​រឿងនេះ​ឡើងវិញ​។​
 
​អ្នកស្រី​បាន​រៀបរាប់ថា អ្នកស្រី​បានស្នើ​សុំ​អ្នកគ្រប់គ្រង​នៅ​កងចល័ត ទៅលេង​ផ្ទះ ប៉ុន្ដែ​អ្នកស្រី​ថា ពេលទៅដល់​ផ្ទះ ផ្ទះ​របស់​អ្នកស្រី​មាន​សភាព​ស្ងាត់ជ្រងំ​គ្មាន​មនុស្ស​នៅ​។ អ្នកស្រី​បន្ដថា អ្នកស្រី​បាន​អង្គុយ​រង់ចាំ​រហូតដល់​ល្ងាច​ទើប​មាន​អ្នកជិតខាង​លួចខ្សឹប​ថា ឪពុកម្ដាយ​របស់​អ្នកស្រី​ត្រូវបាន​គេ​យកទៅ​សម្លាប់ចោល​អស់ហើយ ដោយ​ចោទប្រកាន់ថា យួន ចិន និយាយ​ខ្មែរ​អត់​ច្បាស់​។ អ្នកស្រី​បន្ថែមថា អ្នកស្រី​យំ​រហូត​ពេញ​មួយ​យប់ ហើយ​ភ្លឺ​ឡើង​អ្នកស្រី​ក៏​ត្រលប់​ទៅ​កងចល័ត​វិញ និង​យក​រឿងនេះ​ទៅប្រាប់​ប្អូនប្រុស​របស់​អ្នកស្រី​វិញ​។ ប៉ុន្ដែ​អ្នកស្រី​ថា ពេល​ទៅរក​ប្អូនប្រុស អ្នកស្រី​ក៏​មិនបាន​ជួប​ទៀត​។ អ្នក​កងចល័ត​បាន​លួចខ្សឹប​ប្រាប់ថា ប្អូនប្រុស​របស់​អ្នកស្រី​ត្រូវបាន​គេ​យកទៅ​កងចល័ត​សេរី​បាត់​ហើយ​។​

​អង្គជំនុំជម្រះ​សាលាដំបូង​បាន​បន្ត​ស្តាប់​ការ​ថ្ឡែ​ង​ទុក្ខសោក​វេទនា​របស់​ដើមបណ្តឹង​រដ្ឋប្បវេណី​ទី​៥ គឺ​លោក អ៊ូច ស៊ុន​ឡាយ ដោយ​លោក​បាន​ជម្រាប​ដល់​អង្គជំនុំជម្រះ​ថា​លោក​បាន​បាត់បង់​សមាជិកគ្រួសារ​ចំនួន ១៣ នាក់ ក្នុងនោះ​មាន​ប្រពន្ធ​របស់លោក​ជាប់សែស្រឡាយ​វៀតណាម និង​កូន​បីនាក់​របស់លោក​ផងដែរ​។ ការ​ថ្លែង​ពី​ទុក្ខ​វេទ នា​របស់លោក​អ៊ូច ស៊ុន ឡាយ នឹងត្រូវ​បន្ត​នៅ​ព្រឹក​ថ្ងៃទី​២ ខែមីនា ឆ្នាំ ២០១៦៕​

ដើមបណ្ដឹង​ជាប់សែស្រឡាយ​ជនជាតិ​វៀតណាម ប្រាប់ថា ​ឪពុក​បាន​ចងករ​ដើម្បី​ការពារ​កូនៗ​របស់ខ្លួន​ចំនួន ៦ នាក់​

ដើមបណ្ដឹង​ជាប់សែស្រឡាយ​ជនជាតិ​វៀតណាម ប្រាប់ថា ​ឪពុក​បាន​ចងករ​ដើម្បី​ការពារ​កូនៗ​របស់ខ្លួន​ចំនួន ៦ នាក់​