លោក កែម ឡី​៖«ឯកឧត្តម កឹម សុខា ទំនងជា​ត្រូវបាន​បង្ខំ​ឲ្យ​ទទួលយក​សេណា​រី​យ៉ូ​អ្វីមួយ​»

​តាំងពី​ថ្ងៃទី​២៩​កុម្ភៈ សារព័ត៌មាន​មួយចំនួន និង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​ផ្សព្វផ្សាយ​អំពី​ឃ្លី​ប​សំឡេង​ដែល​គេ​អះអាងថា ជាការ​សន្ទនា​រវាង​ឯកឧត្តម កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ជាមួយនឹង​នារី​ម្នាក់​។ នេះ​ពិតជា​មិនមែនជា​លើកដំបូង​ឡើយ ដែល​ឯកឧត្តម កឹម សុខា មេដឹកនាំ​គណបក្សប្រឆាំង បាន​ជួបនឹង​ការចោទប្រកាន់​ស្រដៀងៗ​គ្នា​។ សម្រាប់​លោក កែម ឡី ដែលជា​អ្នកស្រាវជ្រាវ​បញ្ហា​សេដ្ឋកិច្ច និង​សង្គម រឿង​បែបនេះ នឹង​គ្មាន​ផលប៉ះពាល់​លើ​ប្រជាប្រិយភាព​នយោបាយ​រប​ស់ឯកឧត្តម កឹម សុខា និង​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​ឡើយ​។​

​ខាងក្រោម​នេះ គឺជា​បទសម្ភាសន៍​រវាង​លោក លាង ដឺ​លុច អគ្គនាយករង​សារព័ត៌មាន​ថ្មីៗ និង​លោក កែម ឡី​៖

​លោក លាង ដឺ​លុច​៖ ហេតុអ្វី​បានជា​រឿងអាស្រូវ​នានា​តែង​កើត​លើ​ឯកឧត្តម កឹម សុខា​?

​លោក កែម ឡី​៖ តាំងពី​រឿង​គុក​ទួលស្លែង រឿង​ប្រពន្ធចុង សុទ្ធតែជា​រឿង​ដាក់​សម្ពាធ ដើម្បី​ឲ្យ​ពលរដ្ឋ​អស់ជំនឿ​លើ​ឯកឧត្តម កឹម សុខា​។ ប៉ុន្តែ​ខ្ញុំ​គិតថា វា​មិនមាន​ប្រយោជន៍​ទេ​។ រឿងលើក​នេះ​ទៀត អាច​ថា ជា​គាបសង្កត់​ផ្នែក​នយោបាយ​ដើម្បី​ឲ្យ កឹម សុខា ទទួលយក​សេណា​រី​យ៉ូ​អ្វីមួយ​។ ឧទាហរណ៍ ការចង់​ឲ្យ​លោក ប៉ុល ហំ​ម ធ្វើជា​អនុប្រធានរដ្ឋសភា ឬ​ឯកឧត្តម កឹម សុខា ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ជាដើម​។ តែ​ខ្ញុំ​គិតថា ធ្វើបែបនេះ វា​នៅតែ​មិន​ចំណេញ​។

​លោក លាង ដឺ​លុច​៖ តែបើ​និយាយ​អំពី​សីលធម៌​អ្នកនយោបាយ វា​អាចធ្វើ​ឲ្យ​ប៉ះពាល់​ប្រជាប្រិយភាព​របស់ឯកឧត្តម កឹម សុខា ដែរ​មិន​ថា​ចឹ​ង​លោក​?

​លោក កែម ឡី​៖ ទីមួយ យើង​មិនបាន​​ដឹង​ច្បាស់​ថា វា​ជាការ​សន្ទនា​ពិតប្រាកដ​តាម​ទូរ​សព្ទ ឬក៏​អត់​ផង​។ ពីព្រោះ​សំឡេង គេ​អាច​កាត់ត​បាន​។  ទី​ពីរ ការប៉ះពាល់​ប្រជាប្រិយភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​អាច​កើតមាន បើសិនជា​គណបក្សកាន់អំណាច​ធ្វើ​ល្អ កែទម្រង់​ល្អ បង្កើត​សេវា​សុខាភិបាល​ល្អ​ឆ្លើយតប​តម្រូវការ​ពលរ​ដ្ឋ ឬ​ប្រមូល​សម្បទាន​ដី​សេដ្ឋកិច្ច មកជា​សម្បទាន​ដី​សង្គមកិច្ច ហើយ​បែងចែក​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ជាដើម​។​

​លោក លាង ដឺ​លុច​៖ ដូច្នេះ​មានន័យថា ក្នុងសង្គម​កម្ពុជា​បច្ចុប្បន្ន គេ​មិនទាន់​រសើប ឬ​គេ​មិនទាន់​ខ្វាយខ្វល់​រឿង​សីលធម៌​អ្នកនយោបាយ​នៅឡើយ​ទេ​?

​លោក កែម ឡី​៖ កម្ពុជា​យើង​មិនបាន​ប្រើ​ប្រព័ន្ធ​បោះឆ្នោត​ឯកត្តនាម ហើយ​វា​ក៏​មិនមែនជា​ការបោះឆ្នោត​ប្រជា​ធានា​ធិបតី​ដែរ​។ ដូច្នេះ​បញ្ហា​បុគ្គល មិនមាន​ឥទ្ធិពល​ឡើយ​។ យើង​ប្រើ​ប្រព័ន្ធ​បោះឆ្នោត​សមាមាត្រ វា​ជា​បរិបទ​ព្រៃ​ទាំងមូល​។ ដូច្នេះ​បើសិន​ជាមាន​បញ្ហា​បុគ្គល​១​នាក់​ឬ​២​នាក់ គឺ​គ្មាន​បញ្ហា​អ្វី​នោះទេ​។​

​លោក លាង ដឺ​លុច​៖ លោក​យល់​យ៉ាងណា​ពី​ទិដ្ឋភាព​នៃ​ការប្រកួតប្រជែង​នយោបាយ​នៅ​កម្ពុជា​?

​លោក កែម ឡី​៖ ខ្ញុំ​មើលទៅ កីឡាករ​រត់ប្រណាំង​ម្នាក់ៗ ដូចជា​មិន​ខំប្រឹង​រត់​ទៅមុខ​ឲ្យ​លឿន​ឆាប់​ដល់ទី​ទេ តែ​ខំ​ប៉ែង​ជើង​គូរ​ប្រកួត​ឲ្យ​ដួល ហើយ​ដើម្បី​គាត់​រត់​លេងៗ ក៏​ដល់ទី​ដែរ​៕

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​