ហេតុអ្វី​បានជា​ថ្ងៃ ១​មិនា​នេះ​សំខាន់​សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​?

​ថ្ងៃ​អង្គារ​ទី ១​មិនា​នេះ ប្រជាជន​អាមេរិក​ដែល​រស់នៅ​រដ្ឋ​ចំនួន​១២ និង​ទឹកដី​ចំនួន​១​នាំគ្នា​បោះឆ្នោត​ដើម្បី​រើសយក​បេក្ខជន​នៃ​បក្ស​ទាំងពីរ​ដែល​ត្រូវ​ប្រជែង​យក​តំណែង​ប្រធានាធិបតី​។ ក្នុងចំណោម​បេក្ខជន​នៃ​បក្ស​ទាំងពីរ បើសិន​អ្នកណា​ដែល​អាច​រក​សំឡេងគាំទ្រ​បាន​ច្រើន​ក្នុងថ្ងៃនេះ អាចមាន​ក្តីសង្ឃឹម​ខ្ពស់​ថា​គេ​នឹង​ទទួលបាន​ការជ្រើសតាំង​ពី​បក្ស ហើយ​បេក្ខជន​ដែល​មិន​បានទទួល​ការគាំទ្រ​ច្រើន​ទេ អាច​សម្រេចចិត្ត​ដកខ្លួន​ចេញពី​ការប្រកួតប្រជែង​នេះ​។ តើ​ថ្ងៃ​បោះឆ្នោត​ដ៏​សំខាន់ ដែល​គេ​ហៅថា​« Super Tuesday» វា​សំខាន់​បែបណាខ្លះ​?

​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖

​ថ្ងៃនេះ​ជា​ថ្ងៃ​សំខាន់បំផុត​សម្រាប់​ការប្រកួតប្រជែង​រក​សំឡេងគាំទ្រ​ក្នុង​បក្ស​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​។ គេ​ហៅ​ថ្ងៃនេះ​ថា «Super Tuesday»​។ វា​ជា​សមរភូមិ​នយោបាយ​សំខាន់​ត្រង់​ថា ប្រជាជន​អាមេរិក​នៅ​រដ្ឋ​ចំនួន ១២ និង​ទឹកដី​អាមេរិក​មួយ​ផង​នោះ​នាំគ្នា​បោះឆ្នោត​រួមគ្នា​ក្នុងពេល​តែមួយ​។ អាច​ថា វា​ជា​ពេលដែល​កំណត់ថា បេក្ខជន​ណា​មានលទ្ធភាព​ខ្ពស់​អាច​នឹងត្រូវ​បក្ស​ជ្រើសតាំង​ឲ្យ​ទៅ​ប្រជែង​តំណែង​ប្រធានាធិបតី ហើយ​ថា​តើ​បេក្ខជន​ណា​ទៀត​ត្រូវ​ដកខ្លួន​ចេញពី​សង្វៀន​នយោបាយ​នេះ​។  តែ​នៅ​អាមេរិក​គេ​ប្រើប្រាស់​វី​ធី​សាស្ត្រ​ចំនួន​ពីរ ដែល​វា​ប្រែប្រួល​តាម​រដ្ឋ​នីមួយ​ដើម្បី​ស្វែងរក​សំឡេងគាំទ្រ​សម្រាប់​បេក្ខជន​នីមួយៗ នេះ​។​ដូច្នេះ មុន​ឈានទៅ​ស្វែងយល់​ពីថ្ងៃ​បោះឆ្នោត​ដ៏​សំខាន់​« Super Tuesday » គប្បី​យល់​ពី​វិធីសាស្ត្រ​ទាំងពីរ​នេះ​សិន​។​

១. អាមេរិក​រដ្ឋ​ខ្លះ​ប្រើប្រាស់​វិធី​ជ្រើសរើស​តាមបែប Caucus ហើយ​រដ្ឋ​ខ្លះ​ប្រើប្រាស់ Primary
​ទោះបីជា​មានប​ក្សធំ​ពីរ​ក៏ដោយ​ដែល​ប្រឡូក​ក្នុង​ប្រកួតប្រជែង​តំណែង ប្រធានាធិបតី​នៅ​អាមេរិក ក៏​ការបោះឆ្នោត​បួន​ឆ្នាំ​ម្តងនេះ​ចំណាយ​ពេលវេលា​យូរ​។ ការ​ប្រជែង​ក្នុង​បក្ស​ដើម្បី​រក​សំឡេងគាំទ្រ​បេក្ខជន​ប្រធានាធិបតី​នៅតាម​បណ្តា​រដ្ឋ​និង​ទឹកដី​អាមេរិក ចាប់ផ្តើម​តាំងពី​ខែកុម្ភៈ​ឆ្នាំ ២០១៦ រហូតដល់​គណបក្ស​នីមួយៗ​រកបាន​បេក្ខជន​ប្រធានាធិបតី​ចុងក្រោយ (​យ៉ាងយូរបំផុត​៥​ខែ​ចាប់ពី​ខែកុម្ភៈ​) ។ ក្រោយ​រកឃើញ​បេក្ខជន​ប្រធានាធិបតី​ចុងក្រោយ​ក្នុង​បក្ស​ទាំងពីរ​ហើយ បេក្ខជន​នោះ​នឹង​បន្ត​យុទ្ធនា​ការឃោសនា​រហូត​ដល់​ថ្ងៃ​បោះឆ្នោត​ថ្ងៃ ៨ វិច្ឆិកា​ឆ្នាំ ២០១៦ ។

​សូម​ពន្យល់​បន្តិច​ដែរ​ថា នៅ​សហរដ្ឋអាមេរិក គេ​ប្រើប្រាស់​វិធី​ពីរ​យ៉ាង​មានដូចជា Caucus និង Primary ដើម្បី​ប្រមែរ​ប្រមូល​សំឡេងឆ្នោត​ក្នុងចំណោម​សមាជិក​បក្ស​នីមួយៗ​ដើម្បី​កំណត់​យក​បេក្ខជន​ក្នុង​បក្ស​ដែល​ត្រូវ​ប្រកួត​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី ហើយ​វិធីសាស្ត្រ​នេះ​ត្រូវបាន​គេ​ផ្លាស់ប្តូរ​ឆ្លាស់គ្នា​ទៅតាម​រដ្ឋ​នីមួយៗ​។

 យ៉ាងណាក៏ដោយ វិធីសាស្ត្រ​ទាំងពីរ​នេះ​ខុសគ្នា​បន្តិចបន្តួច​ប៉ុណ្ណោះ​។ ការបោះឆ្នោត Primary នេះ​ដូចជា​ការបោះឆ្នោត​ធម្មតា​ដែរ ព្រោះ​ប្រជាជន​(​សមាជិក​បក្ស​) គូស​សន្លឹកឆ្នោត​ដើម្បី​កំណត់​បេក្ខជន​ក្នុង​បក្ស​ណាមួយ​ដែល​ពួកគេ​ពេញចិត្ត​ចង់​ឲ្យ​ក្លាយជា​បេក្ខជន​ប្រធានាធិបតី​សម្រាប់​ប្រជែង​ក្នុងការ​បោះឆ្នោត​ចុងក្រោយ​។ ចំណែក​តាមបែប Caucus ឯណោះ​វិញ​ផ្ទុយ​ពីគ្នា ព្រោះ​វា​ជា​វិធីសាស្ត្រ​ដែល​គេ​ប្រើប្រាស់​តាំងពី​យូរ​មកហើយ ហើយ​វា​ជាការ​ជួបជុំគ្នា​រវាង​អ្នកគាំទ្រ​បក្ស​ប៉ុណ្ណោះ​។ ប្រជាជន​ដែលមាន​ឈ្មោះ​បោះឆ្នោត​ត្រូវ​ចូលរួម​ក្នុង​សកម្មភាព​ជជែក​ដេញដោល និង​ពិភាក្សាគ្នា​ពី​បញ្ហា​បោះឆ្នោត​ប្រធានាធិបតី​និង​កំណត់​បេក្ខជន​ក្នុង​បក្ស​ណាមួយ​ដែល​គេ​គាំទ្រ​នៅ​ទីកន្លែង​សាធារណ​តាម​ក្រុង​ឬ​ស្រុក​របស់ខ្លួន​។  អ្នកគាំទ្រ​គណបក្ស​អាច​ប្រើប្រាស់​វេទិកា​ជួបជុំ​នេះ​ដើម្បី​បញ្ចុះបញ្ចូល​អ្នក​ដែល​មិនទាន់​សម្រេចចិត្ត​ត្រឹមត្រូវ​ឲ្យ​គាំទ្រ​បេក្ខជន​ណាមួយ​ក្នុង​បក្ស​ផងដែរ​។ 

២. អ្វីដែល​គួរ​ដឹង​ពី​ថ្ងៃទី ១​មិនា ឬ​ថ្ងៃ Super Tuesday នេះ ?
​សម្រាប់​បក្ស​សាធារណរដ្ឋ​ការបោះឆ្នោត​ដ៏​សំខាន់​ថ្ងៃទី ១​មិនា នេះ​នឹង​កំណត់ថា​បេក្ខជន​ណា​ក្នុងចំណោម​បេក្ខជន​ទាំង ៥ មានដូចជា ដូ​ណា​ល់ ត្រាំ (Donald Trump), ម៉ា​កូ រុ​ប៊ី​យ៉ូ (Marco Rubio), ថេត គ្រុស (Ted Cruz) បេន ឃឺ​សិន (Ben Carson) និង​លោក  John Kasich  នឹង​ទទួលបាន​សំឡេងគាំទ្រ​ជាងគេ​និង​អាច​ឈានទៅ​ទទួលបាន​ការជ្រើសតាំង​ឲ្យ​តំណាង​បក្ស​។ តាមពិតទៅ ដើម្បី​ឈ្នះ​ការជ្រើសតាំង​ជា​តំណាង​បក្ស​ឈានទៅ​ប្រជែង​យក​តំណែង​ប្រធានាធិបតី បេក្ខជន​បក្ស​សាធារណរដ្ឋ​ត្រូវការ អ្នកតំណាង​ដែល​គាំទ្រ​ខ្លួន​ចំនួន ១២៣៧​នាក់​។ ហើយ​គ្រាន់តែ​ថ្ងៃ​បោះឆ្នោត​ទី ១​មិនា​នេះ បេក្ខជន​អាច​រក​ការគាំទ្រ​ពី​អ្នកតំណាង​ចំនួន ២៥​ភាគរយ​ឬ​ស្មើ​៥៩៥​នាក់​ឯណោះ ។​

 ចំណែក​បក្ស​ប្រជាធិបតេយ្យ វិញ​មាន​បេក្ខជន​តែ​ពីររូប​ប៉ុណ្ណោះ ក្នុងនោះ​មាន​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន និង​លោក ប៊ឺ​នី សេន​ឌឺ ( Bernie Sanders) តែ​ក្នុងចំណោម​អ្នក​ទាំងពីរ​គេ​វាយតម្លៃថា លោកស្រី​អតីតរដ្ឋមន្ត្រី​ការបរទេស ហ៊ី​ឡា​រី គ្លី​ន​តុ​ន នឹង​រកបាន​សំឡេងគាំទ្រ​ច្រើនជាង​សមាជិក​ព្រឹទ្ធសភា​លោក សេន​ឌឺ​។  ក្នុង​បក្ស​ប្រជាធិបតេយ្យ​នេះ ដើម្បី​ឈ្នះ​ការជ្រើសតាំង​ក្នុង​បក្ស បេក្ខជន​ត្រូវការ​អ្នក​ដែល​គាំទ្រ​ខ្លួន​ចំនួន ២៨៣៨ ខណៈ​ថ្ងៃ​ការបោះឆ្នោត​ថ្ងៃ​ពិសេស​ថ្ងៃ ១​មិនា​នេះ​មាន​អ្នកតំណាង​ចំនួន ១០០៤​នាក់​ឯណោះ​។

​ត្រលប់​មកវិញ​រដ្ឋ ដែល​រៀបចំ​បោះឆ្នោត​រួមគ្នា​តាម Primary សម្រាប់​បក្ស​ទាំងពីរ​នៅថ្ងៃនេះ​មានដូចជា​រដ្ឋ Alabama, Arkansas, Georgia, Massachusetts, Minnesota, Oklahoma, Tennessee, Texas, Vermont និង Virginia​។ ចំណែក​រដ្ឋ អា​ឡា​ស្កា (Alaska) ខាង​គណបក្ស​សាធារណរដ្ឋ​នឹង​រៀបចំ​ប្រជុំ Caucus ដើម្បី​ជ្រើសរើស​បេក្ខជន​នៅថ្ងៃនេះ តែ​បក្ស​ប្រជាធិបតេយ្យ​នឹង​រៀបចំ Caucus នេះ​នៅ​ថ្ងៃ ២៦​មិនា​ឯណោះ​។ ហើយ​ប្រជាជន​នៅ​ទឹកដី Samoa រៀបចំ​ប្រជុំ​អ្នកគាំទ្រ​បក្ស​ប្រជាធិបតេយ្យ​ដើម្បី​ជ្រើសរើស​បេក្ខជន​ដែល​ពួកគេ​ពេញចិត្ត​។ រីឯ​នៅ​រដ្ឋ Colorado បក្ស​ទាំងពីរ​នឹង​រៀបចំ​ការប្រជុំ Caucus នេះ តែ​មានតែ​គណបក្ស ប្រជាធិបតេយ្យ​ប៉ុណ្ណោះ​ដែល​ជ្រើសរើស​បេក្ខជន ខណៈ​បក្ស​សាធារណរដ្ឋ​កំណត់​ត្រឹម​អ្នកតំណាង​ដើម្បី​ឲ្យ​ពួកគេ​ជ្រើសរើស​បេក្ខជន​ចុងក្រោយ​នៅ​ថ្ងៃ​សមាជជាតិ​ចុងក្រោយ​ពីថ្ងៃ​១៨ ដល់​ថ្ងៃ ២១​ខែកក្កដា​ខាងមុខ ។​

៣.​បេក្ខជន​ឈរឈ្មោះ​ចំណាយលុយ​ច្រើន​ក្នុងការ​ឃោសនាបោះឆ្នោត​
​ក្នុង​ដំណើរការ​ប្រកួតប្រជែង​ក្នុង​បក្ស​ដើម្បី​ឆ្ពោះទៅ​ការបោះឆ្នោត​ប្រធានាធិបតី​ខាងមុខនេះ បេក្ខជន​ដែល​ប្រកាស​ឈរឈ្មោះ​នោះ​ត្រូវ​ចំណាយលុយ​ច្រើនសន្ធឹក​សន្ធាប់​។ បើតាម​សារព័ត៌មាន CNN បេក្ខជន​ចំណាយលុយ​ប្រហែល ១​ពាន់​លាន​ដុល្លារ​អាមេរិក​យ៉ាងហោចណាស់​សម្រាប់​ការឃោសនា និង​សកម្មភាព​នានា​ពាក់ព័ន្ធ​នឹង​ការប្រកួតប្រជែង​តំណែង​ប្រធានាធិបតី​នេះ ។​

​អាមេរិក​ខុសគេ ដោយសារ​មិនមាន​ការកំណត់​ពេល​ស​ម្រា​ប់​ការរៀបចំ​ការឃោសនា​មុនពេល​បោះឆ្នោត​ឡើយ​។ ជារួម​បេក្ខជន​ដែល​ប្រកាស​ឈរឈ្មោះ​បោះឆ្នោត​ចាប់ផ្តើម​ការឃោសនា រហូតដល់ ២០​ខែ​មុនពេល​បោះឆ្នោត​ក៏មាន ដែល​វា​ជា​មូល​ហេតុដែល​បណ្តាល​ឲ្យ​ការចំណាយ​កើនឡើង​ខ្លាំង​។ ម្យ៉ាង​បេក្ខជន​ដែល​ឈរឈ្មោះ​ចំណាយលុយ​ច្រើន​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ការផ្សាយពាណិជ្ជកម្ម ចំណាយ​លើ​ក្រុម​អ្នករៀបចំ​ការឃោសនា និង​លើ​ការធ្វើដំណើរ​ពីរ​ដ្ឋ​មួយ​ទៅ​រដ្ឋ​មួយទៀត​នៅ​ទូទាំង​សហរដ្ឋអាមេរិក​ផងដែរ​៕

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​