សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​អាជ្ញាធរ​ខេត្ត​កំពង់ធំ​ពង្រឹង​យន្តការ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ

សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​ខេត្ត​កំពង់ធំ លើក​ឡើង​ថា អាជ្ញាធរ​ត្រូវ​ពង្រឹង​ការ​យក​ចិត្ត​ទុក​ដាក់ និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​របស់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ឲ្យ​មាន​ប្រសិទ្ធភាព ជា​ជាង​រង់ចាំ​តែ​មាន​ពលរដ្ឋ​ស្វែងរក​ដំណោះស្រាយ​ពី​នាយក​រដ្ឋមន្ត្រី។

ការ​លើក​ឡើង​នេះ ក្រោយ​ពេល​អាជ្ញាធរ​ខេត្ត​កំពង់ធំ បាន​បង្កើត​ក្រុម​ការងារ​មួយ​ដើម្បី​តាម​ដាន​ព័ត៌មាន​នៅ​លើ​គណនេយ្យ​ហ្វេសប៊ុក (Facebook) របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២៩ កុម្ភៈ។

មន្ត្រី​សិទ្ធិ​មនុស្ស​យល់​ថា ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ក្នុង​ខេត្ត​កំពង់ធំ ភាគ​ច្រើន​មិន​ទាន់​ចេះ​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​នៅ​ឡើយ។ បញ្ហា​នេះ ធ្វើ​ឲ្យ​ពួក​គាត់​មិន​ទាន់​អាច​ឆ្លើយ​ឆ្លង​នូវ​រាល់​បញ្ហា​ប្រឈម ឬ​ទុក្ខ​កង្វល់​របស់​ខ្លួន​ដែល​ជួប​ប្រទះ ទៅ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​បាន​ទេ។ ជាមួយ​គ្នា​នេះ ពួក​គាត់​មាន​តែ​ដាក់​ពាក្យ​បណ្ដឹង​តាម​រយៈ​អាជ្ញាធរ​មូលដ្ឋាន ហើយ​ប្រសិន​បើ​ក្រុម​ការងារ​អាជ្ញាធរ​ខេត្ត ផ្ដោត​តែ​ទៅ​លើ​គណនេយ្យ​ហ្វេសប៊ុក​របស់​លោក​នាយក​រដ្ឋមន្ត្រី បញ្ហា​មួយ​ចំនួន​របស់​ប្រជាពលរដ្ឋ​នៅ​តែ​មិន​អាច​ដោះស្រាយ​បាន​ដដែល។

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​កំពង់ធំ លោក ប្រាក់ សារ៉ាន់ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១ មីនា ថា លោក​គាំទ្រ​ចំពោះ​ក្រុម​ការងារ​របស់​អាជ្ញាធរ ប៉ុន្តែ​លោក​ចង់​ឃើញ​មាន​ការ​ដោះស្រាយ​នូវ​រាល់​ពាក្យ​បណ្ដឹង​របស់​ប្រជាពលរដ្ឋ​ជាក់ស្តែង​ឲ្យ​ទាន់​ពេលវេលា។ បន្ថែម​ពី​នេះ លោក​ថា បណ្ដាញ​សង្គម​អាច​ជួយ​ការងារ​របស់​អាជ្ញាធរ​មួយ​ផ្នែក ប៉ុន្តែ​មួយ​ផ្នែក​ទៀត គឺ​ទាមទារ​ឲ្យ​មន្ត្រី​អាជ្ញាធរ សកម្ម​ក្នុង​ការ​ទទួល​យក​ពាក្យ​បណ្ដឹង​ពលរដ្ឋ​តាម​មូលដ្ឋាន ព្រម​ទាំង​ដោះស្រាយ​ជូន​ពួក​គាត់៖ «ជា​យោបល់​ខ្ញុំ សុំ​ឲ្យ​បង្កើត​ក្រុម​ហ្នឹង​តាម​ដាន​ពាក្យ​បណ្ដឹង​ប្រជាពលរដ្ឋ និង​ទទួល​ពាក្យ​បណ្ដឹងរបស់​ប្រជាពលរដ្ឋ​តាំង​ពី​នៅ​ថ្នាក់​ឃុំ-សង្កាត់ ស្រុក និង​ខេត្ត»

កាល​ពី​ថ្ងៃ​ទី​២៩ កុម្ភៈ អាជ្ញាធរ​ខេត្ត​កំពង់ធំ បាន​សម្រេច​បង្កើត​ក្រុម​ការងារ​ខេត្ត សម្រាប់​តាម​ដាន​ព័ត៌មាន​ប្រចាំ​ថ្ងៃ និង​សំណូមពរ​នានា​របស់​ប្រជាពលរដ្ឋ​នៅ​លើ​គណនេយ្យ​ហ្វេសប៊ុក​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ សមាសភាព​ក្រុម​ការងារ​នេះ​រួម​មាន អភិបាល​រង​ខេត្ត លោក សុខ លូ ជា​ប្រធាន នាយក​រង​រដ្ឋបាល​សាលា​ខេត្ត លោក ម៉ាក់ ប៊ុនហុង ជា​អនុប្រធាន ព្រម​ទាំង​អភិបាល​ស្រុក និង​ក្រុង ជា​សមាជិក។

ក្រុម​ការងារ​នេះ មាន​ភារកិច្ច​ស្រង់​ព័ត៌មាន ឬ​របាយការណ៍​ប្រចាំ​ថ្ងៃ និង​សំណូមពរ​ប្រជាពលរដ្ឋ​ដែល​ផ្ញើ​ទៅ​កាន់​គណនេយ្យ​ហ្វេសប៊ុក​ផ្ទាល់​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ឆ្លើយ​តប និង​ស្វែងរក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​ទាន់​ពេលវេលា។ បន្ថែម​ពី​នេះ ត្រូវ​សហការ​ជាមួយ​អង្គភាព មន្ទីរ​ក្នុង​ខេត្ត សម្រាប់​លើក​ជា​យោបល់​ឲ្យ​គណៈ​អភិបាល​ខេត្ត​ដោះស្រាយ​រាល់​បញ្ហា​នានា​ជូន​ប្រជាពលរដ្ឋ​ប្រកប​ដោយ​តម្លាភាព និង​ប្រសិទ្ធភាព។

នាយក​រដ្ឋបាល​សាលា​ខេត្ត​កំពង់ធំ លោក ឡង់ គីសឺង មាន​ជំនឿ​ថា ក្រុម​ការងារ​នេះ​នឹង​អាច​ជួយ​កាត់​បន្ថយ​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​បន្ថែម​ទៀត ព្រម​ទាំង​ជា​ការ​បើក​ទូលាយ​សម្រាប់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​មួយ​នេះ។ លោក​បន្ត​ថា ក្រុម​ការងារ​របស់​ខេត្ត នឹង​ចុះ​ពិនិត្យ​រាល់​បញ្ហា ឬ​សំណូមពរ​របស់​ពលរដ្ឋ​ដែល​ផ្ញើ​ទៅ​កាន់​ហ្វេសប៊ុក​របស់​លោក​នាយក​រដ្ឋមន្ត្រី​ដល់​ទីតាំង​ទៀត​ផង។ ក្រៅ​ពី​នេះ ពលរដ្ឋ​ដែល​មិន​ទាន់​ចេះ​ប្រើប្រាស់​បណ្ដាញ​សង្គម ពួក​គេ​ក៏​អាច​ដាក់​ពាក្យ​បណ្ដឹង​តាម​រយៈ​អាជ្ញាធរ​មូលដ្ឋាន​ដដែល៖ «ប្រសិន​បើ​ជា​មាន​បញ្ហា​កើត​ឡើង​ដែល​ដាក់​ចូល​ទៅ​ក្នុង​ផេក (Page) សម្ដេច មាន​ភាព​មិន​ប្រក្រតី ឬ​ភាព​អយុត្តិធម៌​ណា​មួយ យើង​ខ្ញុំ​នឹង​ចុះ​ទៅ​ដោះស្រាយ និង​ឆ្លើយ​តប​ទៅ​នឹង​អ្វី​ដែល​ពួក​គាត់​ចង់​បាន»

ទោះ​បី​ជា​បែប​នេះ​ក្តី ប្រជាពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​នៅ​ឃុំ​ក្រយា ស្រុក​សន្ទុក មួយ​រូប លោកស្រី អ៊ុក ថាវរី និយាយ​ថា អស់​រយៈពេល​ជាង ២​ឆ្នាំ​មក​ហើយ ជម្លោះ​ដីធ្លី​របស់​ពួក​គាត់​ប្រមាណ ២០០​គ្រួសារ នៅ​មិន​ទាន់​បាន​ដោះស្រាយ បើ​ទោះ​បី​ជា​ពួក​គាត់​នាំ​គ្នា​ដាក់​ពាក្យ​ប្ដឹង​ទៅ​អាជ្ញាធរ​ជាច្រើន​ដង​ក៏ដោយ។ លោកស្រី​ថា ប្រសិន​បើ​នៅ​តែ​មិន​មាន​ការ​ដោះស្រាយ​ទៀត ពួក​គាត់​មាន​គម្រោង​បញ្ជូន​ពាក្យ​បណ្ដឹង​ទាំង​នោះ​ទៅ​តាម​គណនេយ្យ​ហ្វេសប៊ុក​នាយក​រដ្ឋមន្ត្រី​តែ​ម្តង។

ការ​បង្កើត​ក្រុម​ការងារ​តាម​ដាន​ហ្វេសប៊ុក​ប្រមុខ​ដឹក​នាំ​នៅ​ពេល​នេះ ក្រោយ​ពេល លោក ហ៊ុន សែន បាន​ចេញ​សេចក្ដី​ណែនាំ​មួយ​កាល​ពី​ថ្ងៃ​ទី​៨ កុម្ភៈ ទៅ​កាន់​មន្ត្រី​រាជ​រដ្ឋាភិបាល​ទាំងអស់ តាំង​ពី​ថ្នាក់​ឧបនាយករដ្ឋមន្ត្រី រហូត​ដល់​ថ្នាក់​ខេត្ត ត្រូវ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​លើ​បញ្ហា​នានា ដែល​សព្វថ្ងៃ​លោក​ទទួល​បាន​ព័ត៌មាន​ចម្រុះ រួម​ទាំង​ពាក្យ​បណ្ដឹង និង​សំណូមពរ​ពី​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ដើម្បី​ដោះស្រាយ​ឲ្យ​មាន​តម្លាភាព និង​ប្រសិទ្ធភាព​ខ្ពស់។

ទោះ​បី​ជា​យ៉ាង​ណា កន្លង​មក អ្នក​តាម​ដាន​ស្ថានការណ៍​សង្គម​កម្ពុជា ធ្លាប់​លើក​ឡើង​ថា វិធានការ​ដោះស្រាយ​បញ្ហា​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់ លោក ហ៊ុន សែន បង្កើត​ឡើង​គ្រាន់​តែ​ជា​ការ​ចំណេញ​នយោបាយ​ប៉ុណ្ណោះ មិន​អាច​ដោះស្រាយ​បញ្ហា​ជាតិ​ធំៗ​បាន​ឡើយ។ ពួក​គេ​ទទូច​ឲ្យ​រដ្ឋាភិបាល មាន​យន្តការ​ដោះស្រាយ​បញ្ហា​ជាតិ​ជា​ប្រព័ន្ធ ជា​ជាង​រង់ចាំ​តែ​ទទួល​សំណូមពរ​ពី​ពលរដ្ឋ​លើ​បណ្ដាញ​សង្គម​ដូច​សព្វថ្ងៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។