សមត្ថកិច្ច​បញ្ជូន​ជនសង្ស័យ​១០​នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​នឹង​កាស៊ីណូ​ខុស​ច្បាប់

មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​សៀមរាប សង្ស័យ​ថា មនុស្ស ១០​នាក់ ដែល​គេ​នាំ​ខ្លួន​ចេញ​ពី​កាស៊ីណូ ខុស​ច្បាប់​មួយ​កន្លែង ជ្រក​ក្រោម​ស្លាក​ភោជនីយដ្ឋាន សាន់ ស៊ាំង ក្នុង​បុរី​ប្រិមប្រិយ នៃ​ភូមិ​ត្រពាំងសេះ សង្កាត់​គោកចក នោះ អាច​នឹង​ជាប់​ពាក់ព័ន្ធ​លើ​សកម្មភាព​បន​ល្បែង​ស៊ីសង​ខុស​ច្បាប់។​

សមត្ថកិច្ច​កំណត់​ថា បុរស ៥​នាក់ និង​ស្ត្រី ៥​នាក់ ដែល​គេ​នាំ​ខ្លួន​ទៅ​សាកសួរ​តាំង​តែ​ពី​រាត្រី​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ រហូត​មក​ដល់​ពេល​នេះ មាន​ខ្លះ​អាច​ជា​អ្នក​គ្រប់គ្រង​កាស៊ីណូ​ខុស​ច្បាប់ និង​ខ្លះ​ទៀត​ជា​អ្នក​គ្រប់គ្រង​បុគ្គលិក​ដែល​ជា​អ្នក​ចែក​បៀ​ជាដើម។

មន្ត្រី​មន្ទីរ​យុត្តិធម៌ នៃ​ទី​បញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថ ខេត្ត​សៀមរាប បាន​សម្រេច​បញ្ជូន​ខ្លួន​មនុស្ស​ប្រុស ស្រី ចំនួន ១០​នាក់ ជា​អ្នក​បម្រើ​ការ​នៅ​ក្នុង​កាស៊ីណូ​ខុស​ច្បាប់ ១​កន្លែង ជ្រក​ក្រោម​ស្លាក​ភោជនីយដ្ឋាន​នោះ​ទៅ​កាន់​តុលាការ នៅ​ល្ងាច​ថ្ងៃ​អង្គារ ទី​១ ខែ​មីនា។

សមត្ថកិច្ច​បាន​ចោទ​ប្រកាន់​មនុស្ស​ប្រុស ស្រី ទាំង ១០​នាក់​នោះ ថា​អាច​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​កាស៊ីណូ ខុស​ច្បាប់ ពីព្រោះ​ក្រោយ​ពេល​បង្ក្រាប និង​នាំ​ខ្លួន​មក​សាកសួរ អ្នក​ខ្លះ​មាន​តួនាទី​ជា​អ្នក​គ្រប់គ្រង​បន​ល្បែង ជា​អ្នកគ្រប់គ្រង​បុគ្គលិក​ចែក​បៀ ជា​កម្លាំង​សន្តិសុខ​យាម​កាស៊ីណូ និង​ជា​អ្នក​សំអាត​កន្លែង​លេង​ល្បែង​នោះ​ជាដើម។

ប្រធាន​មន្ទីរ​យុត្តិធម៌​នៃ​ទី​បញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថ ខេត្ត​សៀមរាប គឺ​លោក​វរសេនីយ៍ទោ ថា ដាលុច។ លោក​ថ្លែង​នៅ​ក្នុង​ទីបញ្ជាការ​ដោយ​មិន​អនុញ្ញាត​ឱ្យ​សម្ភាស​និង​ថត​សំឡេង​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី​១ ខែ​មីនា ថា មេបញ្ជាការ​របស់​លោក​បាន​សម្រេច​ចិត្ត​ឱ្យ​បញ្ជូន​មនុស្ស​ទាំង ១០​នាក់​ទៅ​តុលាការ​ខេត្ត​សៀមរាប ជាមួយ​នឹង​សំណុំរឿង បន្ទាប់ពី​កម្លាំង​របស់​លោក​បាន​នាំ​ខ្លួន​អ្នក​ទាំង ១០ ទៅ​សាកសួរ​អស់​រយៈពេល​ជាង ៣០​ម៉ោង​មក។

បុរស​ម្នាក់​ក្នុងចំណោម​មនុស្ស ៩​នាក់​ផ្សេង​ទៀត ដែល​សមត្ថកិច្ច​នាំ​ខ្លួន​មក​សាកសួរ បាន​បង្ហាញ​ទឹក​មុខ​ភ័យ​ព្រួយ ហើយ​ថា កម្លាំង​កងរាជអាវុធហត្ថ​ដែល​បម្រុង​បញ្ជូន​ពួកគាត់​ទៅ​តុលាការ គឺ​ជា​ភាព​អយុត្តិធម៌។ សន្តិសុខ​ម្នាក់​របស់​កាស៊ីណូ​ខុស​ច្បាប់ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​រូប​នោះ​ប្រាប់​ថា រូប​គាត់​ត្រឹមតែ​ជា​សន្តិសុខ​យាម​ឡាន ម៉ូតូ ប៉ុណ្ណោះ មិនបាន​ដឹង​រឿង​អ្វី​ទេ ហើយ​នៅ​ពេល​ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​គាត់​ដូច្នេះ គឺ​វា​អយុត្តិធម៌​ណាស់៖ «ធ្វើ​ការ​មិន​ទាន់​បាន​បើកប្រាក់​ខែ​ផង បើ​ដឹង​ថា ធ្វើ​ការ​កន្លែង​ខុស​ច្បាប់​អ៊ីចឹង​គឺ​ខ្ញុំ​មិន​មក​ធ្វើ​ទេ ពីព្រោះ​ផ្ទះ​របស់​ខ្ញុំ​នៅ​កំពង់សោម»

​កាលពី​វេលា​ម៉ោង ៣ និង ២៥​នាទី​រសៀល​ថ្ងៃ​ទី​១ ខែ​មីនា អ្នក​ទាំង ១០​នាក់ បាន​បញ្ជូន​ទៅ​ដល់​ដៃ​តុលាការ​ខេត្ត​សៀមរាប ហើយ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​សៀមរាប និង​ជា​តំណាង​អយ្យការ​នៃ​សំណុំរឿង​ក្ដី​នោះ លោក កើត សុវណ្ណារ៉េត បាន​បដិសេធ​មិន​ធ្វើ​ការ​អធិប្បាយ​ជុំវិញ​ចំណាត់​ការ​តាម​នីតិវិធី​បែប​ណា​នៅ​ឡើយ ដោយ​លោក​ប្រាប់​ថា កំពុង​ជាប់​រវល់។

កាល​ពី​រាត្រី​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ កន្លង​ទៅ កម្លាំង​ប៉ូលិស និង​កងរាជអាវុធហត្ថ ព្រម​ទាំង​ស្ថាប័ន​តុលាការ​ខេត្ត​សៀមរាប បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ទៅ​លើ​កាស៊ីណូ ខុស​ច្បាប់ ១​កន្លែង​ដែល​ជ្រក​ក្រោម​ស្លាក​ភោជនីយដ្ឋាន សាន់ ស៊ាំង នៅ​ក្នុង​បុរី​ប្រិមប្រិយ សង្កាត់​គោកចក ក្រុង​សៀមរាប។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ សមត្ថកិច្ច​នៅ​តែ​មិន​ទាន់​វែក​មុខ​ថៅកែ និង​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​ការ​បើក​កាស៊ីណូ ខុស​ច្បាប់​នោះ​ទេ ក្រៅ​តែ​ពី​បាន​បញ្ជូន​ខ្លួន​អ្នក​បម្រើ​ការ​ឱ្យ​កាស៊ីណូ នោះ​ចំនួន ១០​នាក់​ទៅ​តុលាការ និង​រឹប​អូស​យក​វត្ថុ​តាង​ជា​ច្រើន​ប្រភេទ​មក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។