សិល្បៈ​និងវប្ប​​​ធម៌ &raquo ជ្រុង​មួយ​នៃ​សាសនា

វិន័យ​នាំ​មក​នូវ​ឧត្តមភាព ព្រះពុទ្ធ​សាសនា​យក​ព្រះ​វិន័យ​ជា​គ្រឹះ កាលបើ​អ្នកបួស​មិន​ប្រតិបត្តិ​តាម​វិន័យ បរិស័ទ​លែង​មាន​ជំនឿ​អស់​សទ្ធា ពេល​នឹង​ព្រះសង្ឃ​ដែល​រស់នៅ​ក្នុង​សាសនា​តែង​អាស្រ័យ​ទេយ្យទាន​ពី​បរិស័ទ​នោះ មិន​អាច​ទ្រទ្រង់​ភេទ​ជា​បព្វជិត​បាន​តទៅ​ទៀត ត្រូវ​ប្តូរ​ពី​ឧត្តមភេទ​មក​ហីនភេទ​វិញ ពេល​នោះ​ហើយ​ព្រះពុទ្ធ​សាសនា​នឹង​ត្រូវ​រលាយ​សាបសូន្យ​។ ព្រោះហេតុនោះ​ហើយ ទើប​ព្រះពុទ្ធ​សាសនា តម្រូវ​ឱ្យ​អ្នកបួស​ត្រូវ​តែ​គោរព​ប្រតិបត្តិ​ធម៌​វិន័យ​យា​៉​ង​ជាក់លាក់​ប្រាកដ​ណាស់ ។

ដោយឡែក វិន័យ​នេះ​បើ​និយាយ​ចំពោះ​គ្រហស្ថ​អ្នកគ្រប់គ្រង​ផ្ទះសម្បែង​វិញ បើកាលណា​គ្រួសារ​ណាមួយ​អត់​វិន័យ គ្មាន​សីលធម៌ សុជីវធម៌ ក្នុង​ជីវិត​រស់នៅ សមាជិកគ្រួសារ​នោះ​ទៅ​ប្រព្រឹត្ត​អំពើ​អបាយមុខ​ផ្សេង​ៗ មាន​ចរិត​ក្រឡោ​ង​ខាម​លែង​ស្តាប់បង្គាប់​អ្នក​ណា​ទាំងអស់ ធ្វើ​ឱ្យ​គ្រួសារ​នោះ​ឃើញ​តែ​ភាព​អន្ធការ​លែង​ស្គាល់​ពន្លឺ​នៃ​សុភមង្គល សម​ដូច​បាលី​មួយ​ឃ្លា​លើក​ឡើង​ថា វិ​ន​យោ ច សុ​សិ​ក្ខិ​តោ ច ឯ​ត​ម្មង្គល​មុត្ត​មំ វិន័យ​ដែល​បុគ្គល​សិក្សា​ដោយ​ប្រពៃ​ហើយ​ជា​មង្គល​ដ៏​ឧត្តម ។

ប្រាកដ​ណាស់​វិន័យ​មាន​២​យ៉ាង​គឺ​អគារិយវិន័យ វិន័យ​សម្រាប់​ពួក​គ្រហស្ថ​១ អនាគារិយវិន័យ វិន័យ​សម្រាប់​បព្វជិត​១ ។ អគារិយវិន័យ សំដៅយក​សីល​៥ សីល​៨ និង​កម្មបទ​១០​។ អនាគារិយវិន័យ​សំដៅយក​ការ​ប្រព្រឹត្ត​ក្នុង​ចតុបារិសុទ្ធិសីល​ទាំង​៤​របស់​ភិក្ខុ និង​សិក្ខាបទ​១០ ទណ្ឌកម្ម​១០ នាសនង្គ​១០ សេ​ខិ​យ​វត្ត​៧៥ និង​សិក្ខាបទ​ក្នុង​លោក​វ​ជ្ជៈ​សិក្ខាបទ​៤៩​របស់​សាមណេរ​ទៀត រួម​ទាំង​វត្តប្រតិបត្តិ​ជា​ច្រើន​ទៀត ។

បុគ្គល​ដែល​មាន​សេចក្តី​ប្រមាថ មិន​ប្រព្រឹត្ត​តាម​វិន័យ​របស់​ខ្លួន​លោក​ហៅ​ថា បុគ្គល​ទ្រុស្តសីល តែង​មាន​បដិសន្ធិ​ទៅ​រង​ទុក្ខ​ក្នុង​អបាយភូមិ​ជា​ប្រាកដ​ដូច​មាន​បាលី​ថា ទុ​ស្សី​លោ អបាយ​គ​តោ អា​ហុ លោក​ពោល​ថា បុគ្គល​ទ្រុស្តសីល តែង​ទៅ​កាន់​អបាយភូមិ​យា​៉​ង​ពិតប្រាកដ ។ ចំណែកឯ​បុគ្គល​មាន​សីល ប្រព្រឹត្ត​បដិបត្តិ​ល្អ​ហើយ រមែង​រួច​ចាក​ទុក្ខ​ទាំងពួង​មានដំណើរ​ទៅ​កាន់​សុគតិភព ។

មិន​ចាំបាច់​និយាយ​ទៅ​ថ្វី​ដល់​ទៅ​សីល​៨ សីល​១០ ឬ​សីល​ដ៏​អស្ចារ្យ​៤​ចំណុច​របស់​ភិក្ខុ សូ​ម្បី​តែ​បុគ្គល​រក្សាសីល​៥​បាន​ខ្ជាប់ខ្ជួន​ហើយ​នោះ ក៏​ទទួល​បាន​ផលានិសង្ស​ច្រើន​ជា​អនេក ។

ផល​ដែល​ទទួល​បាន​ពី​ការ​ប្រតិបត្តិ​វិន័យ គឺ​សីល​ត្រឹមត្រូវ​ហើយ​នោះ មិនមែន​ហុច​ផល​ឱ្យ​តែ​នៅ​ក្នុង​អនាគតជាតិ​ទេ ក្នុង​ពេល​បច្ចុប្បន្ន​ក៏​ទទួលផល​នេះ​ដែរ ។ សូម​លោក​យក​អានិសង្សសីល​៥​មក​បញ្ជាក់​ដូច​តទៅ បា​ណា​តិ​បា​តា វេរមណី ការ​មិន​សម្លាប់សត្វ រមែង​មាន​សុខភាព​ល្អ អាយុ​យឺនយូរ​ទាំង​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគតជាតិ ។ ការ​មិន​លួច​ទ្រព្យ​របស់​អ្នក​ដទៃ រមែង​ថែរក្សា​ទ្រព្យសម្បត្តិ​របស់​ខ្លួន​បាន​គង់វង្ស​ឋិតថេរ​មិន​វិនាស​អន្តរាយ​ដោយហេតុ​ផ្សេង​ៗ មាន​អន្តរាយ​អំពើ​ចោរ​ជាដើម ។ ការ​មិន​ប្រព្រឹត្ត​ខុស​ក្នុង​កាម រមែង​គ្រប់គ្រង​គ្រួសារ​ដោយ​សុវត្ថិភាព មិន​មាន​អ្នក​ដទៃ​មក​បៀតបៀន​ប្រពន្ធ​កូន​។

ការ​មិន​ពោល​ពាក្យ​មុសាវាទ (​ភូតភរ​កុហក​បោកប្រាស់​គេ​) រមែង​មាន​សំឡេង​ពីរោះ មិន​មាន​ពាក្យ​ចោទ​ពោល​មូល​បង្កាច់​បង្ខូចកេរ្តិ៍​ពី​អ្នក​ដទៃ ។ ការ​មិន​សេពសុរា និង​គ្រឿងញៀន រមែង​មាន​សតិបញ្ញា​ល្អ និង​មិន​វង្វេងវង្វាន់​ក្តៅ​អន្ទះអន្ទែង​ក្នុង​រាង​កាយ ។ រួច​ចាក​ពី​ភាព​សៅហ្មង​ក្នុង​ពេល​បច្ចុប្បន្ន​ទៅ​ភព​ខាង​មុខ នឹង​ជា​អ្នកមាន​បញ្ញា​ច្រើន​ឈ្លាសវៃ​ក្នុង​កិច្ចការ​ទាំងពួង​។ នេះ​ជា​ផល​របស់​បុគ្គល​រក្សាសីល​៥ ប្រតិបត្តិ​វិន័យ​បាន​ត្រឹមត្រូវ ៕
(​ដោយ​ធម្មាចារ្យ សច្ចៈ ភាព​)