ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ភ្នំពេញ ៖ ភូមិ​ត្រពាំង​ឈូក​នៅ​ទល់មុខ​នឹង​មន្ទីរពេទ្យ​ព្រះ​កុ​សម ឬ​ហៅ​ថា​មន្ទីរពេទ្យ​លោកសង្ឃ ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ដែល​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​គ្រប់​ៗ​គ្នា​ស្គាល់​ច្បាស់​ថា​ជា​សំបុក​ថ្នាំ​ញៀន​ដុះ​ស្លែ​ជាង​២០​ឆ្នាំ និង​ប្រមូលផ្តុំ​ដោយ​ល្បែងស៊ីសង​គ្រប់​ប្រភេទ​នៅ​ទីនោះ ជា​ពិសេស គឺជា ឋានសួគ៌​លោកីយ៍​របស់​មនុស្ស​គ្រប់​វ័យ​ចូល​ទៅ​ប្រើប្រាស់​ថ្នាំ​ញៀន និង​លេងល្បែង​ស៊ីសង ជា​ហូរហែរ ឥត​ស្រាកស្រាន្ត មិន​ថា​យប់​ឬ​ថ្ងៃ​ឡើយ​។

ដោយ​មិនសូវ​ខ្លាចញញើត​ក្នុង​ការ​បង្ក្រាប​របស់​អាជ្ញាធរ​ខណ្ឌ​សែន​សុខ​បន្តិច​សោះឡើយ​។ ប្រជាពលរដ្ឋ​រស់នៅ​ម្តុំ​នោះ សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ឲ្យ​ដឹង​ថា ជា​រៀងរាល់ថ្ងៃ​មិន​ថា​ពេល​យប់​ឬ​ពេល​ថ្ងៃ​ឡើយ គឺ​ពួក​គាត់​តែងតែ​ឃើញ​មនុស្ស​មួយ​ចំនួន មុខ​ដដែល​ៗ​មិន​ថា​ក្មេង​មិន​ថា​ចាស់​មិន​ថា​ប្រុស​មិន​ថា​ស្រី​ឡើយ តែងតែ​ចូល​មក​ជក់​ថ្នាំ​ញៀន និង​លេងល្បែង​ស៊ីសង​គ្រប់​ប្រភេទ​នៅ​ក្នុង​ក្នុងផ្ទះ​ឈើ​មួយ​ចំនួន​ធំ​ដែល​បាន​បើក​រកស៊ី​របរ​ខុសច្បាប់​ទាំងនោះ​។ ហើយ​ពួក​គាត់​មើលទៅ​ក្រុម​មនុស្ស​ទាំងនោះ​ដូច​ជា មិនសូវ​ខ្លាចញញើត​ក្នុង​ការ​បង្ក្រាប​របស់​សមត្ថកិច្ច ឬ​អាជ្ញាធរ​ខណ្ឌ​សែន​សុខ​បន្តិច​សោះឡើយ ឬ​មក​ពី​ការ​បង្ក្រាប​របស់​អាជ្ញាធរ​ខណ្ឌ​សែន​សុខ​នៅ​មាន​កម្រិត​ដូច​គេ​និយាយ​ថា​ពេល​ចុះ​បង្ក្រាប​នៅ​ទីនោះ​ម្តង​ៗ គឺ​ចាប់​បាន​តែ​អ្នក​ប្រើប្រាស់​កំប៉ិកកំប៉ុក ចំណែក​មេ​ៗ​ជួញដូរ​ថ្នាំ​ញៀន​និង​ចែកចាយ​នៅ​ទីនោះ​មិនឃើញ​ចាប់​បាន  ទើប​នៅ​ទីនោះ​នៅ​តែ​មានការ​ចាប់អារម្មណ៍​និង​នៅ​តែ​មាន​ភាព​ទាកទាញ​សម្រាប់​មនុស្ស​គ្រប់​វ័យ​ចូល​ទៅ​សប្បាយ​ប្រើប្រាស់​ថ្នាំ​ញៀន​មិន​ចេះ​អស់បែប​នេះ​។

ឆ្លើយ​តប​ក្នុង​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ លោក លី សា​វេ​ត អភិបាល​ខណ្ឌ​សែន​សុខ​បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៦ នេះ​អាជ្ញាធរ​ខណ្ឌ​សែន​សុខ​នឹង​ប្រើ​វិធានការ​ថ្មី​ក្នុង​ការ​បង្ក្រាប​ទីតាំង​ដុះ​ស្លែ​ដែល​ល្បី​ខាង​គ្រឿងញៀន ស្ថិត​ក្នុងភូមិ​ត្រពាំង​ឈូក ក្នុង​សង្កាត់​ទឹកថ្លា​នេះ ដោយ​អាជ្ញាធរ​ខណ្ឌ​សែន​សុខ​កំពង់​ស្រាវជ្រាវ​ស្វែងរក​ម្ចាស់ផ្ទះ​ដែល​ពូកែ​ជួល​ផ្ទះ​អោយ​ក្រុម​ទាំងនោះ​យក​ទៅ​ធ្វើ​ជា​កន្លែង​ប្រើប្រាស់​ថ្នាំ​ញៀន ឬ​ក៏​បើក​ល្បែងស៊ីសង​ផ្សេង​ៗ​មក​ធ្វើ​កិច្ចសន្យា​ទទួលខុសត្រូវ​ទាំងអស់ បើសិនជា​មាន​លើក​ក្រោយ​ទៀត​។

បើសិនជា​ស្វែងរក​ម្ចាស់ផ្ទះ​ដែល​បាន​ជួល​អោយ​ក្រុម​អ្នក​ប្រើប្រាស់​នោះ​មិនឃើញ​អាជ្ញាធរ​នឹង​ប្រើ​ធម៌​ក្តៅ​ដោយ​វាយ​ផ្ទះ​នោះ​កម្ទេច​ចោល​តែ​ម្តង​។ ក្នុង​នោះ​លោក​លី សា​វេ​ត អភិបាល​ខណ្ឌ​សែន​សុខ​ក៏​បាន​បញ្ចា​ក់​អោយ​ដឹងផង​ដែរ​ថា​នៅ​ពេល​នេះ​អាជ្ញាធរ​ខណ្ឌ​កំពុង​ស្នើ​ទៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​រៀបចំ​សំណង់​មិន​មាន​របៀបរៀបរយ​នៅ​ទីនោះ នៅ​ក្នុង​ពេល​ខាង​មុខ​នេះ​៕​