ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចាត់​ទុក​វិបត្តិ​ដីធ្លី​ថា​ជា​ជំងឺ​មហា​រីក​ដែល​ពិបាក​ព្យាបាល

ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល សាទរ​ចំពោះ​របាយការណ៍​របស់​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​រក​ឃើញ​ថា វិបត្តិ​ដីធ្លី​នៅ​កម្ពុជា បាន​ថយ​ចុះ ក៏ប៉ុន្តែ​ទន្ទឹម​នឹង​នេះ សង្គម​ស៊ីវិល​ឲ្យ​ដឹង​ថា វិបត្តិ​ដីធ្លី​ដែល​បាន​អូស​បន្លាយ​អស់​ពេល​ជាច្រើន​ឆ្នាំ​នេះ បាន​ក្លាយ​ទៅ​ជា​ជំងឺ​មហា​រីក​ដែល​ពិបាក​ព្យាបាល​ទៅ​វិញ។

ថ្វី​បើ​មន្ត្រី​រដ្ឋាភិបាល​ទទួល​បន្ទុក​ដោះស្រាយ​វិវាទ​ដីធ្លី​អះអាង​ថា កម្ពុជា នឹង​មិន​មាន​បដិវត្តន៍​ដីធ្លី​យ៉ាង​ណា​ក៏ដោយ​ចុះ ប៉ុន្តែ​សង្គម​ស៊ីវិល​យល់​ឃើញ​ថា ជម្លោះ​ដីធ្លី​នេះ​នៅ​តែ​ជា​ការ​ប្រឈម ហើយ​មធ្យោបាយ​នៃ​ការ​ដោះស្រាយ​ដើម្បី​បញ្ចប់​វិបត្តិ​នេះ នៅ​តែ​ពុំ​ទាន់​អាច​រក​ច្រក​ចេញ​បាន​នៅ​ឡើយ។

របាយការណ៍​របស់​អង្គការ​លីកាដូ (LICADHO) រក​ឃើញ​ថា បើ​ទោះ​ជា​ឆ្នាំ​២០១៥ វិបត្តិ​ដីធ្លី​បាន​ថយ​ចុះ​ជាង​ឆ្នាំ​២០១៤ អង្គការ​លីកាដូ នៅ​ទទួល​បាន​បណ្ដឹង​ចំនួន ៩៨​ករណី បើ​ធៀប​ក្នុង​ឆ្នាំ​២០១៤ ដែល​មាន​វិវាទ​ដីធ្លី​រហូត​ដល់ ១១២​ករណី​នោះ។

អ្នក​សម្រប​សម្រួល​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​លីកាដូ លោក អំ សំអាត ថ្លែង​ថា ជម្លោះ​ដីធ្លី​នៅ​តែ​ជា​ការ​គំរាម​កំហែង​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ឡើយ។ ម្យ៉ាង​វិញ​ទៀត អ្វី​ដែល​ក្រសួង​ដែនដី រក​ឃើញ​ថា វិបត្តិ​ដីធ្លី​ត្រូវ​បាន​កាត់​បន្ថយ​តាម​រយៈ​យន្តការ​របស់​រដ្ឋាភិបាល​នោះ វា​គឺ​គ្រាន់​តែ​ជា​ផ្នែក​មួយ ក៏ប៉ុន្តែ​នៅ​មាន​រឿង​ច្រើន​ណាស់​ដែល​រដ្ឋាភិបាល​នៅ​មិន​ទាន់​បាន​ដោះស្រាយ​ចំ​បញ្ហា​នៅ​ឡើយ៖ «»

នៅ​ក្នុង​សន្និបាត​បូក​សរុប​ការងារ និង​លើក​ទិសដៅ​នៅ​ឆ្នាំ​២០១៦ កាល​ពី​ថ្ងៃ​ទី​២៩ កុម្ភៈ មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ទទួល​បន្ទុក​ដោះស្រាយ​ដីធ្លី លោក ប៊ិន ឈិន អះអាង​ថា កម្ពុជា នឹង​មិន​មាន​បដិវត្តន៍​ដីធ្លី ដូច​ការ​ព្រមាន​របស់​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ចំនួន ក្នុង​ពេល​កន្លង​ទៅ​នោះ​ទេ។ ម្យ៉ាង​ទៀត​នៅ​ក្នុង​ឆ្នាំ​២០១៥ កន្លង​ទៅ​នេះ គណៈកម្មការ​សុរិយោដី ដែល​ជា​សេនាធិការ​របស់​រដ្ឋាភិបាល បាន​ដោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី ៦៣៧​ករណី ក្នុង​ចំណោម​នោះ ៣៧៦​ករណី​ដោះស្រាយ​បាន​ជោគជ័យ ខណៈ​ជម្លោះ ១៩២​ករណី​ទៀត​ត្រូវ​ទុក​ជា​មោឃៈ ឬ​ជា​វិវាទ​ដែល​ត្រូវ​បដិសេធ​ចោល។

ជុំវិញ​រឿង​នេះ នាយក​លេខាធិការដ្ឋាន​នៃ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ សាទរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រសួង​ដែនដី នេះ ក៏ប៉ុន្តែ​លោក​យល់​ឃើញ​ថា ការ​ដោះស្រាយ​នេះ​ប្រហែល​ជា​មិន​ទាន់​ចំ​បញ្ហា​ដែល​មាន​វិវាទ​ពិត​ប្រាកដ​នៅ​ឡើយ​ទេ៖ «»

កាល​ពី​ដើម​ខែ​មីនា ឆ្នាំ​២០១៤ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រួម​ទាំង​ភាគី​ពាក់ព័ន្ធ ត្រូវ​ចាត់​វិធានការ​ម៉ឺងម៉ាត់​ប្រឆាំង​ក្រុមហ៊ុន​ដែល​ទទួល​សិទ្ធិ​វិនិយោគ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច ហើយ​មិន​អនុវត្ត​ទៅ​តាម​គោលការណ៍​នៃ​កិច្ចសន្យា​ទេ ត្រូវ​ដក​ហូត​ជា​ដី​សម្បទាន​សង្គមកិច្ច​វិញ។

កន្លង​ទៅ រដ្ឋាភិបាល​បាន​ផ្ដល់​សិទ្ធិ​វិនិយោគ​ឲ្យ​ក្រុមហ៊ុន​ឯកជន តាម​រយៈ​គោល​នយោបាយ​សម្បទាន​ដី​សេដ្ឋកិច្ច​ជាង ២​លាន​ហិកតារ។ ក្រោយ​ពី​មាន​ភាព​ចម្រូងចម្រាស​ក្នុង​អំឡុង​ឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៤ រហូត​មាន​ការ​គំរាម​ពី​សង្គម​ស៊ីវិល​ថា បើ​រដ្ឋាភិបាល​ពុំ​មាន​វិធានការ​ជាក់លាក់​ទេ កម្ពុជា អាច​នឹង​មាន​បដិវត្តន៍​ដីធ្លី។ បន្ទាប់​មក​ទើប លោក ហ៊ុន សែន សម្រេច​ដក​ហូត​ដី​ជិត ១​លាន​ហិកតារ​វិញ​ទុក​ជា​ដី​សម្បទាន​សង្គមកិច្ច សម្រាប់​ពលរដ្ឋ​ដែល​ខ្វះខាត​ដី​ប្រើប្រាស់​ជាក់ស្ដែង។

លោក សៀ ភារម្យ យល់​ឃើញ​ថា ថ្វី​បើ​បញ្ហា​នៃ​វិវាទ​ដីធ្លី​ត្រូវ​បាន​កាត់​បន្ថយ​តាម​រយៈ​គោល​នយោបាយ​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ដាក់​ចេញ​ក្តី ជម្លោះ​ដីធ្លី ជាពិសេស​ដី​ដែល​ប៉ះ​ចំ​ក្រុមហ៊ុន​ធំៗ​មួយ​ចំនួន ដូចជា​នៅ​តំបន់​បឹងកក់ ឬ​តំបន់​ផ្សេង​ទៀត នៅ​តែ​ជា​ការ​ប្រឈម​នៅ​ឡើយ។ លោក​មើល​ឃើញ​ថា បញ្ហា​ដែល​បាន​ដោះស្រាយ​រួច​មក​ហើយ​នេះ ភាគ​ច្រើន​ប្រហែល​ជា​ដី​មិន​ស្ថិត​នៅ​ក្នុង​វិវាទ ដែល​ផ្ដើម​ចេញ​ពី​គោលការណ៍​នៃ​សម្បទាន​ដី​សេដ្ឋកិច្ច​នោះ​ទេ៖ «»

ក្នុង​អំឡុង​ឆ្នាំ​២០១១ គឺ​ជា​ឆ្នាំ​ដែល​វិបត្តិ​ដីធ្លី​បាន​ផ្ទុះ​ឡើង​ខ្លាំង​ជាង​គេ​បំផុត។ គេ​នៅ​ចាំ​បាន​ថា ឆ្នាំ​២០១១ គឺ​ជា​ឆ្នាំ​ដែល​រដ្ឋាភិបាល​បាន​ផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច​ច្រើន​ជាង​គេ​បំផុត។

របាយការណ៍​ដែល​ចេញ​ផ្សាយ​ដោយ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) រក​ឃើញ​ថា ឆ្នាំ​២០១១ នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​សម្រេច​កាត់​ដី​ចេញ​ពី​ឧទ្យាន​ជាតិ ពី​តំបន់​ការពារ​សត្វ និង​រុក្ខជាតិ តាម​រយៈ​ការ​ធ្វើ​អនុប្រយោគ​ពី​ដី​កម្មសិទ្ធិ​សាធារណៈ​របស់​រដ្ឋ មក​ជា​ដី​កម្មសិទ្ធិ​ឯកជន​របស់​រដ្ឋ​វិញ។ ក្នុង​ឆ្នាំ​ដដែល​នេះ​ដែរ រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​ចំនួន ១២៣​អនុក្រឹត្យ ដើម្បី​ផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ដែល​មាន​ផ្ទៃដី​ចំនួន​ជាង ៧០​ម៉ឺន​ហិកតារ (៧៥១.៨៨២​ហិកតារ)

ស្រប​ពេល​ហិង្សា​ដីធ្លី​បាន​ឡើង​កម្តៅ​កាន់​តែ​ខ្លាំង​នៅ​ពេល​នោះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​សារ​នយោបាយ​ដោយ​ទទួល​ស្គាល់​ថា បដិវត្តន៍​ដីធ្លី​អាច​នឹង​កើត​ឡើង បើ​មិន​ទប់ស្កាត់​ទេ រហូត​បង្ខំ​ចិត្ត​ចេញ​បទបញ្ជា​លេខ​០១ ដើម្បី​ដោះស្រាយ​ដីធ្លី​ផង​ដែរ។

លោក អំ សំអាត យល់​ឃើញ​ថា បើ​សិន​រដ្ឋាភិបាល​នៅ​តែ​បណ្តែតបណ្តោយ​ទៀត បញ្ហា​ប្រឈម​កាល​ពី ៦​ឆ្នាំ​មុន អាច​នឹង​កើត​ឡើង​ជា​ថ្មី​ទៀត។ រឹត​តែ​ជា​បញ្ហា​នោះ​នៅ​ត្រង់​ថា ការ​ដោះស្រាយ​បើ​មិន​ផ្អែក​លើ​គោលការណ៍​តម្លាភាព និង​អព្យាក្រឹត្យ​ទេ ជម្លោះ​ដែល​បង្ក​ឡើង​ពី​បញ្ហា​ដ៏​តិចតួច​នេះ នឹង​បណ្ដាល​ឲ្យ​ក្លាយ​ជា​ជំងឺ​ដ៏​រ៉ាំរ៉ៃ​ថែម​ទៀត៖ «»

របាយការណ៍​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ចេញ​ផ្សាយ​កាល​ពី​ពេល​កន្លង​ទៅ​នេះ រក​ឃើញ​ថា ការ​ប្រើប្រាស់ និង​ការ​ចោទ​ប្រកាន់​ពី​បទល្មើស​ព្រហ្មទណ្ឌ ក៏​កាន់​តែ​កើន​ឡើង​ដែរ។ របាយការណ៍​ដដែល​ឲ្យ​ដឹង​ទៀត​ថា ឆ្នាំ​២០១១ មាន​មនុស្ស​យ៉ាង​តិច​ជាង ៤០០​នាក់ (៤២៧​នាក់) ត្រូវ​រង​ការ​ចោទ​ប្រកាន់ ក្នុង​នោះ​មាន​មនុស្ស ៩៥​នាក់ ត្រូវ​បាន​ចាប់​ខ្លួន ហើយ​រហូត​មក​ដល់​នឹង​ពេល​នេះ នៅ​មាន​មនុស្ស ៤៨​នាក់​ទៀត​ដែល​កំពុង​នៅ​ជាប់​ឃុំឃាំង​នៅ​ឡើយ។

លើស​ពី​នេះ​ទៀត អ្នក​នៅ​សល់​ពី​នេះ កំពុង​រត់​គេច​ខ្លួន ឬ​រង់ចាំ​ការ​កាត់​ក្តី​ពី​តុលាការ។ ក្នុង​ចំណោម​អ្នក​ទាំង​នោះ ក៏​មាន​មន្ត្រី​សិទ្ធិ​មនុស្ស តំណាង​រាស្ត្រ អ្នក​សារព័ត៌មាន មេធាវី សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ និង​ជំទប់​ឃុំ​មួយ​ចំនួន​ផង​ដែរ។ របាយការណ៍​នេះ​ក៏​រក​ឃើញ​ដែរ​ថា ជម្លោះ​ដីធ្លី​កើត​ឡើង​ភាគ​ច្រើន បណ្ដាល​មក​ពី​ការ​ផ្ដល់​សម្បទាន​ដី​សេដ្ឋកិច្ច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។