ចិន​-​វៀតណាម បន្ត​ពង្រឹង​ទំនាក់ទំនង​បក្ស​និង​រដ្ឋ​

​ប្រធានាធិបតី​ចិន​លោក ស៊ី ជិន​ពីង បាន​ជួប​ជាមួយ​ប្រេសិត​របស់​លេខា​បក្ស​កុម្មុយនីស្ត​វៀតណាម​លោក ង្វៀន ភូ​ជុង នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ ហើយ​ភាគី​ទាំងពីរ​បាន​សន្យា​ពង្រឹង​ទំនាក់ទំនង​រវាង​បក្ស​កុម្មុយនីស្ត​ទាំងពីរ និង​ទំនាក់ទំនង​រដ្ឋ​និង​រដ្ឋ​។ ដំណើរ​លើក​នេះ គឺ​ស្រប​ពេលដែល​ចិន​និង​វៀតណាម​កំពុងតែ​ជាប់ដៃ​ក្នុង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង និង​បន្ទាប់ពី​វៀតណាម​ធ្វើ​សមាជ​បក្ស​រើស​មេដឹកនាំ​ថ្មី​រួចមក​។​

​ចិន​និង​វៀតណាម​សន្យា​បន្ត​ជំរុញ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ប្រសើរ​ថែមទៀត បើទោះជា​មាន​ភាពមិន​ចុះសំរុង​គ្នា​លើ​ដែន​អធិបតេយ្យ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ក៏ដោយ​។ ភាគី​ទាំងពីរ​ប្រកាស​ដូចនេះ នៅពេល​ប្រធានាធិបតី​ចិន​លោក ស៊ី ជិន​ពីង ជួប​ជាមួយ​លោក Hoang Binh Quan ប្រេសិត​របស់លោក ង្វៀន ភូ​ជុង​ដែល​ទើប​ជាប់ឆ្នោត​បន្ត​ជា​លេខា​បក្ស​កុម្មុយនីស្ត​វៀតណាម​អាណត្តិ​ថ្មី​។

​ឆ្លៀត​ពេលនោះ​លោក Hoang Binh Quan បានប្រគល់​សារ​របស់លោក ង្វៀន ភូ​ជុង ទៅ​លោក​ស៊ី ដោយបាន​លើកឡើង​ពី​ភាពដូចគ្នា​លើ​ប្រព័ន្ធ​នយោបាយ​ដឹកនាំ​ប្រទេស​ទាំងពីរ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua លោក ង្វៀន ភូ​ជុង បញ្ជាក់​ក្នុង​លិខិត​នោះ​ថា ចិន​និង​វៀតណាម មាន​ទំនាក់ទំនង​ផលប្រយោជន៍​ដូចគ្នា​ជាច្រើន ហើយ​ទំនាក់ទំនង​បក្ស​និង​បក្ស​បាន​ដើរតួ​យ៉ាងសំខាន់​ក្នុង​ជំរុញ​ទំនាក់ទំនង​រដ្ឋ​និង​រដ្ឋ​។  

​ក្រៅពីនោះ លេខា​បក្ស​កុម្មុយនីស្ត​វៀតណាម បានស្នើ​ឲ្យ​ភាគី​ទាំងពីរ​រក្សា​សន្តិភាព​និង​ស្ថិរភាព​នៅ​ដែនសមុទ្រ ដែល​រួមចំណែក​យ៉ាងសំខាន់​ក្នុង​សន្តិភាព​តំបន់ ក៏ដូចជា​ពិភពលោក​។ បើទោះជា​លោក ង្វៀន ភូ​ជុង មិន​បញ្ជាក់​ចំ​ក៏ដោយ គេ​អាច​យល់បាន​ថា លោក​ចង់​សំដៅ​ដល់​ការ​វាតទី​របស់​ចិន​ចូលមក​តំបន់​សមុទ្រ​ចិន​ខាងត្បូង ដែលជា​ចំណុច​ជម្លោះ​រវាង​ចិន​និង​វៀតណាម ក៏ដូចជា​សមាជិក​អាស៊ាន​មួយចំនួនទៀត​។

​ដោយសារ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង នាយករដ្ឋមន្ត្រី​វៀតណាម​លោក ង្វៀន តាន់​ហ្ស៊ុ​ង ដែលជា​គូរ​ប្រជែង​របស់លោក ង្វៀន ភូ​ជុង បាន​ទៅរក​ជំនួយ​ពី​មហាអំណាច​អាមេរិក​ដើម្បី​ទប់ទល់​នឹង​ចិន​។ យ៉ាងណាក្ដី លោក ង្វៀន តាន់​ហ្ស៊ុ​ង ត្រូវបាន​ផាត់​ចេញពី​តំណែង​ក្នុង​សមាជ​បក្ស​កុម្មុយនីស្ត​វៀតណាម​ដែល​ទើបតែ​បញ្ចប់ ហើយ​លោក ង្វៀន ភូ​ជុង ដែល​បន្ត​តំណែង​លេខា​បក្ស នៅតែ​អាច​បន្ត​ជំហ​ជិតស្និទ្ធ​ចិន​ដដែល​។​

​ចិន​និង​វៀតណាម​ដែលជា​អ្នកជិតខាង​នឹង​គ្នា មិនសូវ​ជា​មើលមុខ​គ្នា​ត្រូវ​ប៉ុន្មាន​នោះទេ ដោយសារតែ​បញ្ហា​អធិបតេយ្យ​នៅ​សមុទ្រ​ចិន​ខាងត្បូង​។ វៀតណាម​ទាមទារ​ទឹកដី​នៅ​សមុទ្រ​ចិន​ខាងត្បូង តែង​ចោទ​ចិន​ថា​បានធ្វើ​សកម្មភាព​យោធា​ដោយ​ឯកតោភាគី ស្រប​ពេលដែល​ការបែងចែក​ទឹកដី​នៅ​មិនទាន់​ច្បាស់​នៅឡើយ​។ វៀតណាម​ដែលមាន​កម្លាំង​ទ័ព​ចាញ់​ប្រៀប​ចិន បាន​ទាក់ទាញ​អាមេរិក​ឲ្យ​ចូលមក​ពាក់ព័ន្ធ ដើម្បី​កុំ​ឲ្យ​កូនជញ្ជីង​ផ្អៀង​ទៅរក​ចិន​ខ្លាំងពេក​។

​យ៉ាងណាមិញ តាមរយៈ​ដំណើរ​ទស្សនកិច្ច​របស់​ប្រេសិត​លេខា​បក្ស​កុម្មុយនីស្ត​វៀតណាម  ​ហាក់​បានបង្ហាញ​ពី​បំណង​បន្ត​សហប្រតិបត្តិការ​រ​វាង​ចិន​និង​វៀតណាម​។ ដៃ​ម្ខាង​វៀតណាម​នៅតែ​យកចិត្ត​ចិន​ព្រោះ​ចិន​ជាទី​ផ្សារ​ដ៏​ធំ​សម្រាប់​ទំនិញ​វៀតណាម ហើយ​វៀតណាម​នឹងមិន​សុខចិត្ត​បិទទ្វារ​សេដ្ឋកិច្ច​ខ្លួនឯង​នោះទេ​។ ដៃ​ម្ខាង​ទៀត​ព្យាយាម​ដោះស្រាយ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ដោយ​ទាញ​មហាអំណាច​មក​ពាក់ព័ន្ធ​៕

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​