ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

 ខេត្តកោះកុង​៖ អាគារ​សិក្សា​០៤​ខ្នង នៅ​តំបន់​អា​រ៉ែ​ង​ស្ថិត​ក្នុងស្រុក​ថ្ម​បាំង​ខេត្ដកោះកុង​ដែល​ជា​អំណោយ​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧ និង​សប្បុរសជន​រស់នៅ​សហរដ្ឋអាមេរិក​ត្រូវ​បាន​ប្រារព្ធ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់នៅ​ថ្ងៃ​ទី​២៩ ខែកុម្ភៈ ឆ្នាំ​២០១៦​ក្រោម​វត្តមាន​ឯកឧត្ដម ហ៊ុន ម៉ា​ណែ​ត និង​មានការ​ចូលរួម​ពី​អាជ្ញាធរ​ខេត្ត​ស្រុក យុវជន សប្បុរសជន​លោកគ្រូ​អ្នកគ្រូ​សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ផង​ដែរ​។

ឯកឧត្ដម​ហ៊ុន ម៉ា​ណែ​ត​បាន​មាន​ប្រសាសន៍​ថា​រាជរដ្ឋាភិបាល​កម្ពុជា​តែងតែ​យកចិត្ដទុកដាក់​ជួយ​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម​ទាំងឡាយ​ដែល​ប្រជាពលរដ្ឋ​រួម​មាន​ទាំង​ជីវភាព​រស់នៅ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ៗ​ដូច​ជា​ផ្លូវថ្នល់​មន្ទីរពេទ្យ វត្ត​អារាម​សាលារៀន​។ លោក​បន្ត​ថាបើ​ទោះបី​តំបន់​នេះ​នៅ​ឆ្ងាយ​យ៉ាងណា​ក៏​ដោយ​ក៍​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​មាន​សម្តេច​តេ​ជោ ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យកចិត្ដទុកដាក់​កសាង​សមិទ្ធផល​នានា និង​បាន​ស្វែង​យល់​ពី​ការ​លំបាក​ព្រមទាំង​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​ប្រជាជន​នៅ​តំបន់​នេះ​ជួប​ប្រទះ​។ លោក​បាន​បញ្ជាក់​ថា​សូម​បងប្អូន​ជឿ​ទុកចិត្ដ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​តែងតែ​នៅ​ជាមួយ​បងប្អូន​រួមសុខទុក្ខ​ជាមួយ​គ្នា​(​ថា​គឺ​ធ្វើ​)​មិន​ដែល​សន្យា​ចោល​ទេ​ខុស​ពី​អ្នក​ខ្សឹប​អ្នក​ដើរ​សន្យា​ដែល​មិន​ធ្វើ​អ្វី​សោះ​។

​ជាក់ស្តែង​ថ្ងៃនេះ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តំបន់​អា​រ៉ែ​ង​នេះ​បាន​ទទួល​សមិទ្ធផល​ថ្មី​មាន​សាលារៀន​ចំនួន​០៤​ខ្នង​ក្រោម​ការ​ឧ​ប​ត្ថ​ម​ពី​សំណាក់​សប្បុរសជន​នៅ​សហរដ្ឋអាមេរិក និង​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧​ព្រមទាំង​មានការ​ចូល​រួំ​ពី​អាជ្ញាធរ  ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ​បើ​គ្មាន​ការ​ចូលរួម​ដោយ​ទឹកចិត្ត​ក្នុង​ការ​កសាង​នេះ​ទេ​យើង​ក៍​មិន​អាច​កសាង​សមិទ្ធផល​នៅ​តំបន់​នេះ​បាន​ដែរ​។ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត បាន​ផ្តល់​ដំបូន្មាន​និង​លើកទឹកចិត្ត​ឱ្យ​ក្មួយ​សិក្សា​នុ​សិស្ស​នៅ​តំបន់​អា​រ៉ែ​ង​អោយ​ដឹងគុណ​ឱ​ពុក​ម្តាយ​លោកគ្រូ​អ្នកគ្រូ​តាម​រយៈ​ការ​ធ្វើអំពើ​ល្អ​និង​ខិតខំ​រៀនសូត្រ​ព្រោះ​សាលារៀន​គឺជា​ថ្នាល​បណ្ដុះបណ្ដាល​អភិវឌ្ឍ​ធនធានមនុស្ស​សង្គម​គ្រួសារ​និង​សង្គម​ជាតិ​ដែល​ជា​ចំណុច​ចម្បង​នៃ​ការ​អភិវឌ្ឍ​ផ្សេង​ៗ​ដែល​មិន​អាច​ខ្វះខាត​បាន​ឡើយ​។​

ឯកឧត្ដម​បាន​ថ្លែង​ការ​កោតសរសើ​ហើយ​ថ្លែងអំណរគុណ​ដល់​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧ និង​សប្បុរសជន​នៅ​សហរដ្ឋ​អា​មេ​រិច​និង​ប្រជាពលរដ្ឋ​នៅ​តំបន់​អា​រ៉ែ​ង ដែល​បាន​សហការ​គ្នា​ពុះពារ​គ្រប់ការ​លំបាក​ក្នុង​ការ​កសាង​សាលារៀន​០៤​ខ្នង​សង់​រួច​ស្ថិត​ក្នុង​ឃុំ​ប្រឡាយ ឃុំ​ជំនាប់ និង​ឃុំ​ថ្ម​ដូន​ពៅ​ស្រុក​ថ្ម​បាំង​ខេត្ដកោះកុង​ព្រមទាំង​អំណោយ​ផ្សេង​ៗ​ជា​ច្រើន​ទៀត ហើយ​កន្លង​មក​ចលនា​នេះ​ក៍បាន​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ធ្វើ​ការងារ​មនុស្សធម៌​ក្នុង​សង្គម​ការងារ​បម្រើ និង​ជួយ ប្រជាពលរដ្ឋ​មានការ​លំបាក​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​។

​ក្នុង​នាម​អ​ជ្ញា​ធរ​ខេត្ត​លោក​ប៊ុ​ន លើ​ត បាន​លើក​ឡើង​ថា​ទោះបី​តំបន់​អា​រ៉ែ​ង​នេះ​នៅ​ឆ្ងាយ​យ៉ាងណា​ក៍​រាជរដ្ឋាភិបាល​ខិតខំ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ដើម្បី​ខិត​ឱ្យ​ជិត​ប្រជាពលរដ្ឋ​សំដៅ​គិតគូរ​ពី​សុខ​សុខទុក្ខ និង​តម្រូវការ​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍ​ជា​ជំហាន​ៗ លោក​អភិបាលខេត្ត​បាន​សំណូមពរ​ឱ្យ​ប្រពល​រដ្ឋ​ចូលរួម និង​ផ្តល់​ឱកាស​រាជរដ្ឋាភិបាល​អភិវឌ្ឍ​ប្រទេស​ដើម្បី​ប្រយោជន៍​រួម​។ តាម​របាយការណ៍​របស់​លោក កែវ​នី បូ​រ៉ា អភិបាល​ស្តីទី​នៃ​គណ​អភិបាលស្រុក​ថ្ម​បាំង​បានឱ្យ​ដឹង​ថា​ប្រជាពលរដ្ឋ​នៅ​ក្នុង​ថ្ម​ដូន​ពៅ ឃុំ​ជំនាប់ ឃុំ​ប្រឡាយ និង​ឃុំ​ចំណា បាន​ថ្លែងអំណរគុណ​ចំពោះ​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧​និង​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​បាន​សម្រេច​ផ្តល់​សមិទ្ធិ​ផល​និង​ចំ​ណោ​យ​ជា​ច្រើន​មាន​ដូច​ជា​គោ​យន្ត​អាយ​យ​កូ​ម ម៉ាស៊ីនភ្លើង ម៉ាស៊ីនទឹក ប្រេងម៉ាស៊ូត​ម៉ាស៊ីន​ព្រី​ន​និង​កុំព្យូទ័រ ស្ពានឈើ បង្គន់​អនាម័យ កង់ តុ​សិស្ស ផ្ទាំង​សឡា និង​អំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ​ជា​ច្រើន​ជូន​ដល់​អ​ជ្ញា​ធរ​សិស្សានុសិស្ស លោកគ្រូ​អ្នកគ្រូ និង​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​នេះ​ផង ដែល​សមិទ្ធផល​ទាំ​អស់នេះ​គឺជា​ចំណងដៃ​ដ៍​វិសេសវិសាល​បំផុត​ដែល​យើងខ្ញុំ​ទាំងអស់​គ្នា​មិន​ដែល​ធ្លាប់​នឹក​ស្មានថា​មាន​ភ​ព្វ​វាសនា​បាន​ទទួល​នូវ​សមិទ្ធិ​ផល​បែប​នេះ​ទាល់តែ​សោះ​។

អ​ជ្ញា​ធរ​សិស្សានុសិស្ស លោកគ្រូ​អ្នកគ្រូ និង​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​អា​រ៉ែ​ង​នេះ​បាន​បង្ហាញ​សេចក្តី​សោមនស្ស​រីករាយ និង​ថ្លែងអំណរគុណ​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧ និង​ឯកឧត្តម​ហ៊ុន ម៉ា​ណែ​ត ព្រមទាំង​រាជរដ្ឋាភិបាល​ដែល​បាន​កសាង​សមិទ្ធផល​ជា​ច្រើន និង​មក​សួរសុខទុក្ខ​និង​ស្វែង​យល់​ពី​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ​។ សូម​បញ្ជាក់​ថា​ក្រៅពី​សមិទ្ធផល និង​អំណោយ​ផ្សេង​ៗ​ដែល​មាន​ស្រាប់​ឯកឧត្តម ហ៊ុន ម៉ា​ណែ​តក៍​បាន​ទទួលយក​នូវ​សំណើ​របស់​ប្រជាពលរដ្ឋ និង​បាន​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​អា​រ៉ែ​ង​នេះ​ដោយ​ផ្ដល់​ជូន​នូវ​អណ្ដូងទឹក ចំនួន​១៦​ផ្តល់​ជូន​ឃុំ​ជំនាប់​ឃុំ​ប្រ​ឡា ឃុំ​ថ្ម​ដូន​ពៅ​និង​ឃុំ​ឬ​ស្សី​ជ្រុំ​ព្រមទាំង​ផ្តល់​កសាង​អគារ​ប៉ុស្ដិ៍​សុខភាព​ចំនួន ០៣​ខ្នង ជូន​ឃុំ​ចំនួន ០៣​ដោយ​ក្នុង​នោះ​មាន​អគារ​ប៉ុស្តិ៍​សុខភាព​01​ខ្នង​ទទួល​ផ្តល់​ជូន​ដោយ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ ព្រមទាំង​បន្ថែមចំនួន​គ្រូបង្រៀន​មន្ត្រី​សុខាភិបាល​នៅ​តំបន់​នេះ​ផង​ដែរ​។ ក្រៅពី​នេះ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ក៏​បាន​ឯកភាព​ផ្តល់​ជូន​ម៉ាស៊ីន​កុំព្យូទ័រ និង​ព្រី​ន​ធ័​រ​មួយ​ចំនួន​ដល់​មណ្ឌល​សុខភាព​ឬ​ស្សី​ជ្រំ និង​សាលា​បឋម​សិក្សា​ភូមិ​កោះ ៕​​