ក្រសួង​ការ​បរទេស​កម្ពុជា​ផ្ដល់​មេធាវី​ការពារ​កម្មករ​ខ្មែរ​៥​នាក់​ដែល​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន

ក្រសួង​ការ​បរទេស និង​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ថៃ កំពុង​រៀបចំ​ឲ្យ​មាន​មេធាវី​ជួយ​ការពារ​កម្មករ​ខ្មែរ​ចំនួន ៥​នាក់ ដែល​ត្រូវ​អាជ្ញាធរ​ថៃ ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​រំលោភ​សេពសន្ថវៈ​នារី​ជនជាតិ​បារាំង។ កម្មករ​ទាំង ៥​នាក់ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​យប់​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ភ្លាមៗ​បន្ទាប់​ពី​មាន​ហេតុការណ៍​កើត​ឡើង​នៅ​ស្រុក​កោះគុត ខេត្ត​ត្រាត ប្រទេស​ថៃ។

មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា អះអាង​ថា នឹង​ព្យាយាម​ជួយ​ការពារ​កម្មករ​ទាំង ៥​នាក់​ឲ្យ​អស់​ពី​សមត្ថភាព​តាម​រយៈ​ការ​ផ្ដល់​សេវា​ផ្នែក​ច្បាប់ និង​មេធាវី​ការពារ​ដល់​ពួក​គេ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ជុំ សុន្ទរី មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី​១ ខែ​មីនា ថា មេធាវី​ការពារ នឹង​អាច​រិះរក​វិធី​ជួយ​ពួក​គេ៖ «យើង​នឹង​ខិតខំ​ប្រឹងប្រែង ដើម្បី​ឲ្យ​មាន​ការ​បន្ធូរបន្ថយ​ទោស ដែល​ឋិត​នៅ​លើ​មេធាវី​ជា​សមត្ថកិច្ច​ពិនិត្យ​ផ្លូវ​ច្បាប់ ថា​ត្រូវ​ការពារ​យ៉ាង​ម៉េច

លោក ជុំ សុន្ទរី បញ្ជាក់​ថា យុវជន​ខ្មែរ​ទាំង ៥​នាក់​នោះ នៅ​ពុំ​ទាន់​ក្លាយ​ជា​ពលករ​ស្រប​ច្បាប់​នៅ​ឡើយ​ទេ។ ពួក​គេ​ទើប​តែ​មាន​ប័ណ្ណ​ពណ៌​ស៊ី​ជម្ពូ ឬ​ហៅ​ថា​ប័ណ្ណ​ការងារ​បណ្ដោះអាសន្ន។

មន្ត្រី​ស្ថានទូត​ខ្មែរ​នៅ​ក្នុង​ប្រទេស​ថៃ បញ្ជាក់​ដែរ​ថា ក្រុម​ការងារ​នឹង​ព្យាយាម​ពន្យល់​ពី​ស្ថានភាព​ពិត​របស់​យុវជន​ទាំង​នោះ ដែល​ជំរុញ​ឲ្យ​ពួក​គេ​ប្រព្រឹត្ត​ផ្ទុយ​ច្បាប់​បែប​នេះ។

សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​ការ​បរទេស​កម្ពុជា ឲ្យ​ដឹង​ថា ពលករ​ខ្មែរ​ទាំង ៥​នាក់ ដែល​ភាគ​ច្រើន​មិន​ចេះ​អក្សរ បាន​សារភាព​ថា ពួក​គេ​ពិត​ជា​បាន​ជាប់​ពាក់ព័ន្ធ​លើ​ករណី​រំលោភ និង​ប្រើ​ហិង្សា​ពិត​ប្រាកដ​មែន ប៉ុន្តែ​ឋិត​ក្នុង​ស្ថានភាព​ស្រវឹង​ស្រា។ ពួក​គេ​ទាំង ៥​នាក់​ជា​កម្មករ​បម្រើ​ការ​លើ​ទូក​នេសាទ​របស់​ថៃ។ ពួក​គេ​មាន​វ័យ​ពី ២០​ឆ្នាំ​ដល់ ២៥​ឆ្នាំ ត្រូវ​បាន​អាជ្ញាធរ​ថៃ បញ្ជូន​ខ្លួន រួម​នឹង​វត្ថុ​តាង​ទៅ​តុលាការ​ខេត្ត​ត្រាត ដើម្បី​វិនិច្ឆ័យ​ទោស។

សារព័ត៌មាន​ក្នុង​ប្រទេស​ថៃ បាន​ឲ្យ​ដឹង​ថា កាល​ពី​យប់​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ កម្មករ​លើ​ទូក​នេសាទ​ថៃ ត្រូវ​គេ​រាយការណ៍​ថា បាន​ចាប់​រំលោភ​ស្ត្រី​ជនជាតិ​បារាំង ពីរ​នាក់​អាយុ ៥៧​ឆ្នាំ និង ២៨​ឆ្នាំ ថែម​ទាំង​បាន​វាយ​ទៅ​លើ​បុរស​ជា​មិត្តភ័ក្ដិ​របស់​ស្ត្រី​នោះ​ដោយ​ប្រើ​កាំបិត និង​ដំបង។ អាជ្ញាធរ​ថៃ ចាប់​ពួក​គេ ៣​នាក់​នៅ​នឹង​កន្លែង​កើត​ហេតុ និង ២​នាក់​ទៀត​នៅ​ពេល​ព្យាយាម​គេច​ខ្លួន​ឆ្លង​ដែន​ចូល​មក​ដី​ខ្មែរ​តាម​ខេត្ត​កោះកុង។

ទាក់ទិន​នឹង​ករណី​នេះ ប្រធាន​ផ្នែក​ស្ត្រី និង​កុមារ នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) អ្នកស្រី ឆន សុគន្ធា មាន​ប្រសាសន៍​ថា បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​មុខ​មាត់​កម្ពុជា។ តែ​ទោះ​បី​ជា​យ៉ាង​ណា អ្នកស្រី​ទទួល​ស្គាល់​ថា ករណី​បែប​នេះ​តែង​កើត​ឡើង​មិន​មែន​តែ​ចំពោះ​យុវជន​ខ្មែរ​ទេ។ អ្នកស្រី​រំពឹង​ថា រាល់​ការ​បញ្ជូន​ពលករ​ដែល​ស្រប​ច្បាប់ និង​មាន​ការ​អប់រំ​ពី​ផ្នែក​ច្បាប់​ក្នុង​ប្រទេស​ទទួល​ពលករ ដែល​អាច​ជួយ​ឲ្យ​ពួក​គេ​យល់​ដឹង និង​ការពារ​ខ្លួន​មិន​ប្រព្រឹត្ត​បទល្មើស៖ «បើ​អ្នក​ដែល​គាត់​ទៅ​តាម​ស្រប​ច្បាប់​ហ្នឹង​ឃើញ​ថា អាច​មាន​ការ​បង្រៀន​ខ្លះ​ទាក់ទង​នឹង​គោលការណ៍​មូលដ្ឋាន​ផ្សេងៗ ប៉ុន្តែ​ចំពោះ​អ្នក​ដែល​ទៅ​ដោយ​ខុស​ច្បាប់ មាន​បញ្ហា​ច្រើន​ណាស់​ដែល​យើង​ដឹង និង​ដែល​យើង​មិន​ដឹង​ជាច្រើន​ផ្សេង​ទៀត»

មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា បញ្ជាក់​ដែរ​ថា កន្លង​មក កម្ពុជា មាន​កិច្ចព្រមព្រៀង​បត្យាប័ន​ជាមួយ​ប្រទេស​ថៃ ដែល​ទំនង​ថា​អាច​បញ្ជូន​អ្នក​ដែល​ត្រូវ​តុលាការ​ថៃ កាត់​ទោស​មក​កម្ពុជា វិញ។ បើ​ទោះ​បី​ជា​យ៉ាង​ណា មន្ត្រី​ដដែល​បញ្ជាក់​ថា ត្រូវ​រង់ចាំ​មើល​ករណី​នេះ​បន្ត​ទៀត ជាពិសេស​ត្រូវ​រង់ចាំ​ការ​សម្រេច​នៅ​ក្រោយ​សវនាការ​ពី​តុលាការ​ថៃ ចំពោះ​ករណី​នេះ​ជា​មុន​សិន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។