ជប៉ុន​ផ្ដល់​ជំនួយ​ជាង​៧៦​ម៉ឺន​ដុល្លារ​សម្រាប់​លើក​កម្ពស់​សន្តិសុខ​ស្បៀង

រដ្ឋាភិបាល​ជប៉ុន បាន​សម្រេច​ផ្ដល់​ថវិកា​ជាង ៧៦​ម៉ឺន​ដុល្លារ​អាមេរិក ដល់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​២ នៅ​កម្ពុជា សម្រាប់​គម្រោង​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ និង​គម្រោង​បង្កើន​សមត្ថភាព​បោស​សម្អាត​កាកសំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម។ រដ្ឋាភិបាល​ជប៉ុន រំពឹង​ថា ជំនួយ​នេះ​នឹង​ឈាន​ទៅ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា ពិសេស​ពង្រឹង​នូវ​ទំនាក់ទំនង​មិត្តភាព​រវាង​ប្រជាជន​កម្ពុជា និង​ជប៉ុន។

រដ្ឋាភិបាល​ជប៉ុន អះអាង​ថា ថវិកា ៧៦៦,០៣៩​ដុល្លារ​អាមេរិក​នេះ គឺ​ជា​ជំនួយ​ឧបត្ថម្ភ​ឥត​សំណង​សម្រាប់​អនុវត្ត​សកម្មភាព​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង ដែល​ជា​ខេត្ត​ក្រីក្រ​ជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

អង្គការ​ចំនួន​២ ដែល​ទទួល​បាន​ថវិកា​នេះ មាន​អង្គការ​មូលនិធិ​សម្រាប់​ការ​អភិវឌ្ឍ​ជំនួយ​សង្គ្រោះ​អន្តរជាតិ​ប្រចាំ​ប្រទេស​កម្ពុជា ( FIDR) និង​អង្គការ​សកម្មភាព​កំចាត់​មីន​ជប៉ុន (JMAS)។

ការ​លើក​ឡើង​របស់​រដ្ឋាភិបាល​ជប៉ុន នៅ​ពេល​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ចសន្យា​ផ្ដល់​ជំនួយ​ឥត​សំណង​សម្រាប់​គម្រោង​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជប៉ុន ដែល​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​១ ខែ​មីនា។

ជា​តំណាង​រដ្ឋាភិបាល​ជប៉ុន និង​ជា​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន ប្រចាំ​កម្ពុជា លោក គូម៉ាម៉ារ៉ូ យូជិ (KUMAMARU Yuji) មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​ជប៉ុន យល់​ថា ពលរដ្ឋ​កម្ពុជា ពិសេស​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង នៅ​តែ​ភ័យ​ខ្លាច​គ្រាប់មីន​ដែល​សេសសល់​ពី​សង្គ្រាម ហើយ​បញ្ហា​នេះ​បាន​រាំង​ស្ទះ​ដល់​ដំណើរ​ផលិតកម្ម​កសិកម្ម ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពលរដ្ឋ​កម្ពុជា នៅ​តែ​ប្រឈម​បញ្ហា​កង្វះ​ស្បៀង និង​អាហារូបត្ថម្ភ។ លោក​បន្ត​ថា រដ្ឋាភិបាល​ជប៉ុន សង្ឃឹម​ថា ជំនួយ​នេះ​នឹង​រួម​ចំណែក​ឲ្យ​ពលរដ្ឋ​កម្ពុជា អាច​រួច​ផុត​ពី​ភាព​ភ័យ​ខ្លាច​ពី​តំបន់​ដែល​មាន​គ្រាប់មីន និង​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា ផង​ដែរ។

តំណាង​អង្គការ​មូលនិធិ​សម្រាប់​ការ​អភិវឌ្ឍ​ជំនួយ​សង្គ្រោះ​អន្តរជាតិ​ប្រចាំ​ប្រទេស​កម្ពុជា ដែល​ជា​អង្គការ​ទទួល​បាន​ជំនួយ​ពី​រដ្ឋាភិបាល​ជប៉ុន ២២៧,៧១៧​ដុល្លារ​អាមេរិក សម្រាប់​អនុវត្ត​គម្រោង​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ។ លោក ហុង ប៊ុណ្ណា មាន​ប្រសាសន៍​ថា គម្រោង​នេះ​នឹង​ជួយ​ដល់​កសិករ​ក្នុង​ភូមិ​គោលដៅ​ចំនួន​៣៩ ក្នុង​ស្រុក​រលាប្អៀរ និង​ស្រុក​បរិបូរណ៍ ក្នុង​ខេត្ត​កំពង់ឆ្នាំង តាម​រយៈ​ការ​បង្កើន​ផលិតភាព​កសិកម្ម និង​កសាង​ចំណេះ​ដឹង​កសិករ៖ «»។

ចំណែក​តំណាង​អង្គការ​សកម្មភាព​កម្ចាត់​មីន​ជប៉ុន ដែល​ជា​អង្គការ​ទទួល​បាន​ជំនួយ​ពី​រដ្ឋាភិបាល​ជប៉ុន ចំនួន ៥៣៨,៣២២​ដុល្លារ​អាមេរិក សម្រាប់​គម្រោង​បង្កើន​សមត្ថភាព​បោសសម្អាត​កាក​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម។

លោក សាកូ ណាហ្គាតូស៊ី (SAKO Nagatoshi) មាន​ប្រសាសន៍​ដែរ​ថា កម្ពុជា​នៅ​តែ​មាន​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ជាង ១០​ម៉ឺន​គ្រាប់ ដែល​បាន​ប្រមូល​និង​កម្ទេច​ចោល​រៀង​រាល់​ឆ្នាំ។ ជាង​នេះ​ទៀត លោក​ថា បច្ចុប្បន្ន​ចំនួន​អត្រា​អ្នក​រង​គ្រោះថ្នាក់​ដោយសារ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​តែ​មាន​ចំនួន​ច្រើន។ ហេតុ​នេះ​លោក​យល់​ថា ជំនួយ​ពី​រដ្ឋាភិបាល​ជប៉ុន នឹង​ឈាន​ទៅ​កាត់​បន្ថយ​អត្រា​គ្រោះថ្នាក់​ដោយសារ​គ្រាប់​មីន​នៅ​កម្ពុជា៖ «»។

ពិធី​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ផ្ដល់​ជំនួយ​ឥត​សំណង​សម្រាប់​គម្រោង​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជប៉ុន នៅ​ថ្ងៃ​ទី​១ ខែ​មីនា នេះ​ដែរ  រដ្ឋាភិបាល​ជប៉ុន ក៏​រំពឹង​ថា គម្រោង​ថវិកា​ដែល​ផ្ដល់​ឲ្យ​សម្រាប់​គម្រោង​ទាំង​២​នេះ នឹង​ផ្ដល់​ផលប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា ប្រមាណ​ជា ២៤​ម៉ឺន​នាក់ ដោយ​ធ្វើ​ការ​កាត់​បន្ថយ​នូវ​ការ​គំរាមកំហែង​ពី​កាកសំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម និង​ឈាន​ទៅ​រក​ការ​អភិវឌ្ឍ​សហគមន៍​នៅ​ពេល​ដែល​តំបន់​នោះ​ត្រូវ​បាន​សម្អាត​រួច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។