​ខួប​គម្រប់ ១០ ឆ្នាំ នៃ​ការបញ្ជូន​កងកម្លាំង​មួក​ខៀវ​កម្ពុជា​ចូលរួម​ថែរក្សា​សន្តិភាព ជាមួយ​អង្គការសហប្រជាជាតិ បង្ហាញ​ពី​ការជោគជ័យ​ខ្លាំង​របស់​កម្ពុជា​

ភ្នំពេញ: ​ថ្ងៃនេះ​គឺជា​ខួប​គម្រប់ ១០ ឆ្នាំ នៃ​ការចូលរួម​បញ្ជូន​កងកម្លាំង​មួក​ខៀវ​កម្ពុជា​ចូលរួម​ថែរក្សា​សន្តិភាព ជាមួយ​អង្គការសហប្រជាជាតិ (UN) ដែល​បាននិងកំពុង​ធ្វើ​នៅក្នុង​ប្រទេស​ចំនួន ៨ ដូចជា​ប្រទេស សូ​ដង់ ស៊ូដង់​ខាងត្បូង អាហ្វ្រិក​កណ្តាល លី​បង់ ម៉ាលី ឆាត កោះ​សៃ​ផ្រឹ​ស និង​អារ៉ាប់​-​ស៊ី​រី​។ កាលពី​រសៀល​ថ្ងៃទី​១ ខែមីនា នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បិទ​សន្និបាត​កងកម្លាំងរ​ក្សា​សន្តិភាព​អង្គការ​សហ​ប្រជា​តិ (UN) របស់​កម្ពុជា​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា "​ខ្ញុំ​សូម​អរគុណ​ជនរួមជាតិ ដែល​បាន​ចូលរួម​ថែរក្សា​សន្តិភាព​ក្នុងប្រទេស និង​បាន​គាំទ្រ​នយោបាយ ការបរទេស​កម្ពុជា​ក្នុងការ​ចូលរួម​សហកា​រ​ជាមួយ​អង្គការសហប្រជាជាតិ ដើម្បី​ចូលរួម​ថែរក្សា​សន្តិភាព សម្រាប់​ពិភពលោក​ទាំងមូល​។ ខ្ញុំ​សូម​ឆ្លៀត​យក​ឱកាស​នេះ សូម​ផ្ញើ​សេចក្តី​នឹករ​ឮ​ក និង​ជូនពរ​ដល់​កងទ័ព​មួក​ខៀវ​កម្ពុជា​ទាំងអស់​ដែល កំពុង​ឈរជើង​បំពេញបេសកកម្ម​ជាមួយ​អង្គការសហប្រជាជាតិ​នៅតាម​បណ្តា​ប្រទេស​នានា​អោយ​ជួបតែ​សំណាងល្អ​"​។​

​ការ​ប្រារព្ធ​សន្និបាត​នេះ គឺ​ស្របពេល​ខួប​១០​ឆ្នាំ នៃ​បេសកកម្ម​ថែរក្សា​សន្តិភាព​របស់​កម្ពុជា ជាមួយ​UN​។ ចាប់​តាំង​ឆ្នាំ ២០០៦ ដល់​២០១៦ នេះ កម្ពុជា​បាន​បញ្ជូន​កងកម្លាំង​ក្រោម​ទង់ UN ចំនួន ៣,៥៥៧​នាក់​ហើយ​ចេញទៅ​រក្សា​សន្តិភាព​នៅតាម​បណ្តា​ប្រទេស​រងគ្រោះ​ដោយសារ​សង្គ្រាម​។ បន្ទាប់ពី​កម្ពុជា​បាន​រំលត់ភ្លើង​សង្គ្រាម​ដ៏​ល្វីង​ជូរចត់​ជាង ៣ ទសវត្សរ៍​កន្លងមក​នេះ​តាម​ការដាក់ចេញ​នយោបាយ​ឈ្នះ​ឈ្នះ គឺ​កម្ពុជា​មិន​ត្រឹមតែ​ចង់បាន​សន្តិភាព​នៅក្នុង​ប្រទេស​របស់ខ្លួន​នោះទេ តែ​កម្ពុជា​ក៏​ចង់​ចូលរួម​រក្សាសុខ​សន្តិភាព​នៅតាម​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក​ផងដែរ​។ ឈរលើ​ទស្សនៈ និង​ស្មារតី​នេះ កាលពី​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០០៥ សម្តេច​តេ​ជោ ហ៊ុន សែន​ក៏បាន សម្រេចចិត្ត​អនុញ្ញាត​ឲ្យ​កងយោធពល​ខេមរភូមិន្ទ​ចេញទៅ​បំពេញបេសកកម្ម​រក្សា​ស​សន្តិភាព​។​បន្ទាប់មក​តាម​ការអំពាវនាវ​របស់​អគ្គលេខាធិការ (UN) គឺ​នៅ​ឆ្នាំ​២០០៦ កម្ពុជា​ក៏បាន​បញ្ជូន​កងកម្លាំង​មួក​ខៀវ​កម្ពុជា​ចេញទៅ​បេសកកម្ម​រក្សា​សន្តិភាព​តាម​បណ្តា​ប្រទេស​នានា​។
​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​រំលឹក​ផងដែរ​ថា វា​មិនមែនជា​ការងាយស្រួល​ទេ ប៉ុន្តែ​យើង​បានទទួល​ជោគជ័យ ដូច្នេះ​កម្ពុជា​នៅតែមាន​មហិច្ឆតា​និង​មាន​ផែនការ​ពង្រីក​កងទ័ព​បន្ថែមទៀត​ដើម្បី​បញ្ជូន​ទៅកាន់​ប្រទេសក្រៅ ប្រសិនបើ​មានការ​ស្នើរ​សុំ​ពី​អង្គការ​សហ​ប្រជា​តិ បើទោះបី​កម្ពុជា​ក្រ​ប្រាក់ ក្រ​ទ្រព្យ ប៉ុន្តែ​កម្ពុជា​មិន​ក្រ​ចិត្ត​ឡើយ​។ ក្នុង​រយៈពេល ១០​ឆ្នាំ​កន្លងទៅនេះ កម្ពុជា​បាន​បញ្ជូន​កងកម្លាំង​សរុប ៣.៥៥៧​នាក់ នារី ១១៨​នាក់ ទៅ​បំពេញបេសកកម្ម សូ​ដង់ ស៊ូដង់​ខាងត្បូង អាហ្វ្រិក​កណ្តាល លី​បង់ ម៉ាលី ឆាត កោះ​សៃ​ផ្រឹ​ស និង​អារ៉ាប់​-​ស៊ី​រី លើ​ជំនាញ​បោសសំអាត​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ តម្រួត​សណ្តាប់ធ្នាប់ និង​វិស្វកម្ម​ជាដើម​។ បច្ចុប្បន្ន​កងកម្លាំងរ​ក្សា​សន្តិភាព​របស់​កម្ពុ​ជាមាន ៨៨៨​នាក់ បាននិងកំពុង​បំពេញបេសកកម្ម​នៅ​ប្រទេស​នានា បើទោះបី​មាន​ឧបសគ្គ និង​ហានិភ័យ​ខ្ពស់​ក៏ដោយ ក៏​កងកម្លាំង​កម្ពុជា​តែងតែ​សម្រេច​ជោគជ័យ​ភារកិច្ច និង​ទទួលបាន​ការកោតសរសើ​រ​ពី​សំណាក់​អគ្គលេខាធិការ និង​មន្ត្រី UN​។ ព្រោះតែ​ការសម្រេចបាន​នូវ​ការងារ​ប្រកបដោយ​ភាពជោគជ័យ និង អង្គ​អាច​ក្លាហាន របស់​កងកម្លាំង​រក្សា​សន្តិភាព​នេះហើយ បានធ្វើ​ឲ្យ​កម្ពុជា​ក្លាយទៅជា​ប្រទេស​ឈានមុខ​គេ​ទី​៣ នៅក្នុង​តំបន់​អាស៊ាន​ដែល​បាន​បញ្ជូន​កងកម្លាំង​ចូលរួម​រក្សា​សន្តិភាព បើទោះបី​ប្រទេសមួយ​នេះ​ទើប​ងើប​ចេញពី​សង្គ្រាម​ក្រោយ​គេ ហើយ​មាន​ស្ថានភាព​សេដ្ឋកិច្ច​នៅ​ទន់ខ្សោយ​ក៏ដោយ​។ មុននឹង​បិទ​បញ្ចប់​សន្និបាត​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បំពាក់​គ្រឿង​ឥស្សរិយយស ដល់​បងប្អូន​កងកំលាំង​រក្សា​សន្តិភាព​នៃ​អង្គការសហប្រជាជាតិ ដែល​បាន​បំព​ញ​បេសកកម្ម​កន្លងមក ព្រមទាំង​បាន​អញ្ជើញ​ទស្សនា​ការតាំង​បង្ហាញ​កម្រង​រូបភាព​នៃ​សកម្មភាព​កងទ័ព​មួក​ខៀវ​កម្ពុជា​នៅតាម​បណ្តា​ប្រទេស​ផ្សេងៗ​កន្លងមក​ក្នុង​បរិយាកាស​រីករាយ​ក្រៃលែង​។ ទន្ទឹមនឹងនោះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជូនពរ​ដល់​កងទ័ព មួក​ខៀវ​កម្ពុជា​ទាំងអស់​ដែល​កំពុង​បំពេញបេសកកម្ម​ក្រៅប្រទេស​មាន​សុវត្ថិភាព និង​ជួបប្រទះ​តែ​សេចក្តីសុខ​គ្រប់ពេល​៕

​ខួប​គម្រប់ ១០ ឆ្នាំ នៃ​ការបញ្ជូន​កងកម្លាំង​មួក​ខៀវ​កម្ពុជា​ចូលរួម​ថែរក្សា​សន្តិភាព ជាមួយ​អង្គការសហប្រជាជាតិ បង្ហាញ​ពី​ការជោគជ័យ​ខ្លាំង​របស់​កម្ពុជា​

​ខួប​គម្រប់ ១០ ឆ្នាំ នៃ​ការបញ្ជូន​កងកម្លាំង​មួក​ខៀវ​កម្ពុជា​ចូលរួម​ថែរក្សា​សន្តិភាព ជាមួយ​អង្គការសហប្រជាជាតិ បង្ហាញ​ពី​ការជោគជ័យ​ខ្លាំង​របស់​កម្ពុជា​

​ខួប​គម្រប់ ១០ ឆ្នាំ នៃ​ការបញ្ជូន​កងកម្លាំង​មួក​ខៀវ​កម្ពុជា​ចូលរួម​ថែរក្សា​សន្តិភាព ជាមួយ​អង្គការសហប្រជាជាតិ បង្ហាញ​ពី​ការជោគជ័យ​ខ្លាំង​របស់​កម្ពុជា​