លោក មហា​ធៀ ដើរ​ចេញពី​បក្ស​ព្រោះ​ជម្លោះ​ក្នុង​បក្ស​កាន់អំណាច​ម៉ាឡេស៊ី​កាន់​ធ្ងន់ធ្ងរ​

​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ដែល​កាន់អំណាច​យូរ​ជាងគេ​លោក មហាម៉ាត់ មហា​ធៀ (Mohamad Mohathir) បានសម្រេច​ដើរចេញ​ពី​បក្ស​កាន់អំណាច​ម៉ាឡេស៊ី​(UMNO) ព្រោះ​ជម្លោះផ្ទៃក្នុង​បក្ស​រីក​កាន់តែ​ធំ​។ លោក​មហា​ធៀ ចោទថា បក្ស​កាន់អំណាច​បានក្លាយ​ជាប​ក្ស​របស់​នាយករដ្ឋមន្ត្រី​លោក ណា​ជីប រ៉ា​ហ្សា​ក់ ដោយ​លោក​យក​បក្ស​មក​ការពារ​អំពើពុករលួយ​របស់ខ្លួន​ថែមទៀត​។​

​ជម្លោះផ្ទៃក្នុង​គណបក្សកាន់អំណាច​អង្គការ​ជាតិ​រួបរួម​ម៉ា​ឡេ (United Malays National Organisation) រហូត​បង្ខំ​ឲ្យ​ស្ថាបនិក​បក្ស​និង​ជា​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ដែល​កាន់តំណែង​យូរ​ជាងគេ​លោក មហាម៉ាត់ មហា​ធៀ (Mohamad Mohathir) ដើរ​ចេញពី​បក្ស​។ លោក មហា​ធៀ បានសម្រេច​ចាកចេញ​ជាមួយ​លោក Khairuddin Abu Hassan ដែលជា​អតីត​មេដឹកនាំ​បក្ស កាលពី​ម្សិលមិញ​ថ្ងៃ ២៩ ខែកុម្ភៈ​។ តែ​នេះ​ជា​លើក​ទី ២​ហើយ​ដែ​លោក ចាក​ចេញពី​បក្ស ព្រោះ​កាលពី​ឆ្នាំ ២០០៨ លោក​ក៏​ប្រកាស​ចេញ​ម្តង​ដែរ ពេលដែល​លោក Abdullah Badawi​ឡើងកាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​។​

​ក្នុង​សន្និសីទ​សារព័ត៌មាន​ដើម្បី​ប្រកាស​បញ្ចប់​សមាជិកភាព អ​តី​មេដឹកនាំ​ជាន់ខ្ពស់​ក្នុង​បក្ស​កាន់អំណាច​នេះ បាន​អះអាងថា លោក​ចាក​ចេញពី​បក្ស​ព្រោះតែ​បក្ស​កាន់អំណាច​ដែលជា​បក្ស​តំណាង​ប្រជាជន​ទូទៅ​និង​មាន​ប្រជាប្រិយភាព​ខ្ពស់​នោះ​ក្លាយជា​បក្ស​ស្ថិតក្រោម​អំណាច​ផ្តាច់មុខ​របស់លោក ណា​ជីប រ៉ា​ហ្សា​ក់​។

​លោក​មហា​ធៀ​ថា​`៖« ខ្ញុំ​មិន​ហៅ​បក្ស​នេះ​ថា​បក្ស​អង្គការ​ជាតិ​រួបរួម​ម៉ា​ឡេ​ទៀត​ទេ ព្រោះ​វា​ជា​បក្ស​របស់លោក ណា​ជីប ។ ខ្ញុំ​មាន​អារម្មណ៍​អាម៉ាស​ខ្លាំង​នៅពេល​ខ្ញុំ​នៅ​ជាមួយ​គណបក្ស​ដែល​ត្រូវគេ​មើលឃើញ​ជា​បក្ស​គាំទ្រ​អំពើពុករលួយ​»​។ 

​កន្លងមក​លោក មហា​ធៀ បាន​អះអាង​ម្តង​ជា​ពីរដង​ថា លោក​ព្យាយាម​ធ្វើយ៉ាងណា​ឲ្យ​លោក ណា​ជីប​រ៉ា​ហ្សា​ក់ ចុះ​ចេញពី​តំណែង​នាយករដ្ឋមន្ត្រី ព្រោះ​ប្រព្រឹត្ត​អំពើ​ពុក​លួ​យ​ពាក់ព័ន្ធ​ទុន​ក្រុមហ៊ុន​វិនិយោគ​រដ្ឋ 1MDB​។ លោក​អះអាងថា លោក ណា​ជីប រ៉ា​ហ្សា​ក់ កំពុង​ព្យាយាម​យក​គណបក្ស​ជា​មធ្យោបាយ​រក្សា​អំណាច​និង​ការពារ​លោក​ឲ្យ​រួច​ផុតពី​ការកាត់ទោស​ព្រហ្ម​ទ័​ណ្ឌ​។

​យ៉ាងណាក៏ដោយ អតីត​នាយករដ្ឋមន្ត្រី​ដែល​បាន​ដឹកនាំ​ប្រទេស​ម៉ាឡេស៊ី​អស់​រយៈពេល ២២​ឆ្នាំ​នោះ បាន​ច្រានចោល​មតិ​រិះគន់ថា លោក​ចាក​ចេញពី​បក្ស​ដោយសារតែ​ខកចិត្ត​ដោយសារតែ​កូនប្រុស​របស់លោក​គឺ​លោក Mukhriz Mahathir មិនអាច​ក្លាយជា​នាយករដ្ឋមន្ត្រី​។ ហើយ​លោក Mukhriz Mahathir ទើបតែ​សម្រេច​លាលែង​ពី​តំណែង​ជា​ប្រមុខ​រដ្ឋាភិបាល​នៃ​រដ្ឋ Kedah កាលពី​ខែ​មុននេះ​ប៉ុណ្ណោះ​។ 

​ទាក់ទិន​ការចាកចេញ​របស់​អតីត​នាយករដ្ឋមន្ត្រី​ដែលមាន​ឥទ្ធិពល​បំផុត​ក្នុង​បក្ស មន្ត្រី​ព័ត៌មាន​នៃ​បក្ស​កាន់អំណាច​លោក Annuar Musa បាន​លើកឡើងថា​គណបក្ស​កាន់អំណាច​អាច​ដំណើរការបាន​ដោយ​គ្មាន​លោក មហា​ធៀ​។ លោក​រិះគន់ថា លោក មហា​ធៀ ចេះតែ​ម្យ៉ាង​គឺ​ព្យាយាម​យក​គណបក្ស​ធ្វើជា​ឈ្នាន់​ដើម្បី​ទាញ​ប្រយោជន៍​នយោបាយ​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​៕

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​