លោក Kerry៖ ពីរ​បី​ថ្ងៃទៀត​ជា​ពេល​វេលា​សំខាន់​​ក្នុង​ការ​កសាង​កម្លាំង​ចិត្ត​ក្នុង​ប្រទេស​ស៊ីរី

លោក Kerry៖ ពីរ​បី​ថ្ងៃទៀត​ជា​ពេល​វេលា​សំខាន់​​ក្នុង​ការ​កសាង​កម្លាំង​ចិត្ត​ក្នុង​ប្រទេស​ស៊ីរី

លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក John Kerry ថ្លែង​ក្នុង​ពេល​ជួប​ពិភាក្សា​គ្នា​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​ប៉ាគីស្ថាន Sartaj Aziz កាល​ពី​ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦។

លោករដ្ឋ​មន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក​ John Kerry ​មាន​ប្រសាសន៍​ថា​ ៣​ឬ​៤​ថ្ងៃ​ខាង​មុខ​ទៀត​នេះ ​នឹង​ក្លាយ​ជា​ពេល​ដ៏​សំខាន់​មួយ​ក្នុង​ការ​ធ្វើ​ឲ្យ​ជឿនលឿន​ឆ្ពោះ​ទៅ​កាន់​គោលដៅ​នៃ​កាត់​បន្ថយ​ជម្លោះ​រយៈ​ពេល​៥​ឆ្នាំ​នៅ​ក្នុង​ប្រទេស​ស៊ីរី។

លោករដ្ឋ​មន្រ្តី​ការ​បរទេស​អាមេរិកាំង​បាន​ថ្លែងទៅ​កាន់​ពួក​អ្នក​យកព័ត៌​មាន​កាល​ពី​រសៀល​ថ្ងៃ​ចន្ទ​នៅ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ នៅ​ពេល​ដែល​ស៊ីរី​បាន​ចូល​ដល់​ថ្ងៃ​ទី៤​នៅ​ក្រោម​កិច្ច​ឈប់​បាញ់​គ្នា​ដែល​រួមបញ្ចូល​ទាំង​ពួក​អ្នក​ប្រយុទ្ធ​ដែល​គាំទ្រ​រដ្ឋាភិបាល​និង​កងកម្លាំង​ក្រុម​ប្រឆាំង​ផង​ ក៏ប៉ុន្តែ​មិន​មែន​ពួក​ជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​ឬ​ក្រុម ​Jabhat al-Nusra ដែល​មាន​ចំណង​ទាក់​ទង​ជាមួយ​ក្រុម​ភេរវកម្ម ​al-Qaida ទេ។

លោករដ្ឋ​មន្រ្តី​ការ​បរទេស​អាមេរិកាំង​ Kerry ​បាន​យល់​ស្រប​គ្នា​ថា ​លោក​និង​រដ្ឋ​មន្រ្តី​ការបរទេស​រុស្ស៊ី ​Sergei Lavrov ​បាន​យល់​ស្របគ្នា​ថា ​មាន​ការ​រំលោភ​លើ​បទ​ឈប់បាញ់​គ្នា​មួយ​ចំនួន​ចាប់​តាំង​ពី​ការ​ឈប់​បាញ់​គ្នា​បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​សៅរ៍។ ​ក៏ប៉ុន្តែពួក​អស់លោក​ចង់​ឲ្យមាន​ការ​ប្រកាសជា​សាធារណៈ​អំពី​ការ​រំលោភ​ការ​ឈប់​បាញ់​គ្នា​នោះ។

ពួក​អស់​លោក​នឹង​ពឹង​ផ្អែក​លើក្រុម​ការងារ​មួយ​ដែល​ដឹកនាំ​ប្រ​ទេស​ទាំង​២​ដើម្បី​ស៊ើប​អង្កេត​រាល់​ការ​រំលោភ​ដែល​បាន​រាយការណ៍​ហើយ​នឹង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​អនុវត្ត​ការ​ឈប់​បាញ់​គ្នា​នោះ។

លោករដ្ឋ​មន្រ្តី​ការ​បរទេស​អាមេរិក John Kerry បាន​មាន​ប្រសាសន៍​ទៀត​ថា៖ «ការណ៍​នេះ​ជាការ​លំបាក​មួយ។ ក៏ប៉ុន្តែ ​ការពិត​គឺថា ​យើង​ចាំបាច់​បញ្ឈប់​ការ​ប្រយុទ្ធគ្នា​ហើយ​និង​ការ​បង្ហូរ​ឈាម​គ្នា​ទៅវិញ​ទៅ​មក​ដែល​កំពុង​បំផ្លាញ​ប្រទេស​ស៊ីរី​នេះ‍»។

ក្រុមការងារ​ដែល​ឃ្លាំ​មើល​ការ​ឈប់​បាញ់​គ្នា ​បាន​ជួប​គ្នា​កាល​ពី​ថ្ងៃ​ចន្ទ​ហើយ​លោករដ្ឋ​មន្រ្តីការ​បរទេស​អាមេរិកាំង ​Kerry ​បាន​មាន​ប្រសាសន៍​ថា ​ក្រុមការងារនោះ​នឹង​បន្ត​ធ្វើ​ដូច្នេះ​ជា​ប្រចាំ។

លោក​អគ្គលេខា​ធិការ​អង្គការ​សហប្រជាជាតិ ​បាន​ គីមូន ​ក៏មាន​ប្រសាសន៍​ដែរ​ថា ​ថ្វីបើ មាន​ឧប្បត្ដិហេតុ​ខ្លះ​ក៏ដោយ ការឈប់​បាញ់​គ្នា​នោះ​ភាគ​ច្រើន​ត្រូវ​បានអនុវត្ត៕