CPP៖ ករណីលោក ហុង សុខហួរ ជារឿងបុគ្គល មិនពាក់ព័ន្ធ នឹងបញ្ហានយោបាយ

ភ្នំពេញ៖ លោក សុខ ឥសាន្ត មន្រ្តីនាំពាក្យគណបក្សប្រជាជនកម្ពុជា (CPP) នៅថ្ងៃទី ១ ខែ មីនា ឆ្នាំ ២០១៦នេះ បានថ្លែងថា ករណីលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាមកពីគណបក្សសម រង្ស៊ី បានជាប់ពន្ធនាគារជារឿងបុគ្គល ដូច្នេះត្រូវទទួលខុសត្រូវដោយផ្ទាល់ខ្លួន មិនពាក់ព័ន្ធនឹងរឿងនយោបាយនោះទេ។

ការលើកឡើងរបស់លោក សុខ ឥសាន្តបែបនេះ បានធ្វើឡើងបន្ទាប់លោក សុន ឆ័យ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ (CNRP) កាលពីថ្ងៃទី ២៩ ខែ កុម្ភៈ ឆ្នាំ ២០១៦ បានអះអាងថា CNRP នឹងរកដំណោះស្រាយនយោបាយ ធ្វើយ៉ាងណាឲ្យសកម្មជនចំនួនជាប់ឃុំ ក្នុងពន្ធនាគារព្រៃសទាំង១៥រូប នឹងត្រូវបានដោះលែង ឲ្យនៅក្រៅឃុំ ក្នុងពេលឆាប់ៗខាងមុខនេះ។

លោក សុខ ឥសាន្ត បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា "ខ្ញុំយល់ថាបញ្ហារបស់ឯកឧត្តម សុន ឆ័យ គ្រាន់តែជាការគិតឃើញ ដោយឯកជនទេ ហើយកុំចង់ថា ករណីរបស់ឯកឧត្តមហុង សុខហួរ ជាបញ្ហានយោបាយ ក៏ប៉ុន្តែយើងមើលឃើញទាំងអស់គ្នាហើយថា មិនមែនជាបញ្ហានយោបាយទេ ហើយយើងកំពុងខិតខំពង្រឹង នូវលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋនៅកម្ពុជា។ អីចឹងទេ ការប្រព្រឹត្តអំពើខុសឆ្គង វាមិនមែនជាការគាបសង្កត់ ពីគណបក្សកាន់អំណាច ពីគណបក្សប្រជាជនកម្ពុជា ឬពីរាជរដ្ឋាភិបាលកម្ពុជាទេ គឺកំហុសរបស់ឯកឧត្តមហុង សុខហ៊ួរ គឺកើតឡើងពីផលវិបាក នៃការប្រព្រឹត្តអំពើខុសច្បាប់របស់ខ្លួន"។

ចំណែកលោក អំ សំអាត មន្រ្តីជាន់ខ្ពស់នៃអង្គការលីកាដូបានថ្លែងថា ករណីលោក ហុង សុខហួរ និងសកម្មជនគណបក្សសង្រ្គោះជាតិ ១នាក់ផ្សេងទៀត ដែលត្រូវបានជាប់ឃុំ ក្នុងពន្ធនាគារព្រៃសនោះ គឺជារឿងនយោបាយសុទ្ធសាធ។ លោក អំ សំអាត បានបន្តថា "តាមការសង្កើតកន្លងមក យើងឃើញថា រឿងករណីឯកឧត្តម ហុង សុខហួរ ក្ដី រឿងករណី១៤នាក់ផ្សេងទៀត ដែលជាសកម្មជន របស់គណបក្សសង្រ្គោះជាតិក្ដី យើងឃើញថា វាមានការពាក់ព័ន្ធគ្នា ទៅនឹងស្ថានភាពនយោបាយ។ ហើយនៅពេលដែលស្ថានភាព នយោបាយមានភាពធូរស្រាល ស្ថានការណ៍ត្រូវរ៉ូវគ្នា យើងឃើញហើយថា មានការដោះលែងឲ្យនៅក្រៅឃុំម្ដងហើយ ចំពោះសកម្មជនគណបក្ស សង្រ្គោះជាតិ១១នាក់ ប៉ុន្តែក្រោយមក នៅពេលស្ថានភាពនយោបាយ មានភាពតានតឹង គឺមានការចាប់ឡើងវិញ"។

តុលាការកំពូល កាលពីថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៦ បានអះអាងថា នឹងប្រកាសសាលដីកា ករណីអតីតសមាជិក ព្រឹទ្ធសភា គណបក្ស សម រង្ស៊ី លោក ហុង សុខហួរ នៅថ្ងៃទី ៤មីនាឆ្នាំ២០១៦ខាងមុខនេះ នៅគ្រាដែលលោកស្នើសុំនៅក្រៅឃុំ។ សវនាការជំនុំជម្រះ ដោយកំបាំងមុខ លោក ហុង សុខហួរ អតីតសមាជិក ព្រឹទ្ធសភា គណបក្សសម រង្ស៊ី ហើយរូបលោកបានស្នើដល់តុលាការ ក្នុងពេលជំនុំជម្រះស្នើសុំនៅក្រៅឃុំបណ្តោះអាសន្ន ដោយសារមានបញ្ហាសុខភាព ហើយលោកព្រមដាក់លិខិតឆ្លងដែន របស់លោកចំនួន២ ទាំងបារាំងនិងខ្មែរ និងប្រាក់ចំនួន ២០លានរៀល សម្រាប់នៅក្រៅឃុំ។

គួរបញ្ជាក់ថា  លោក ហុង សុខហួរ ជាប់ចោទពីបទ ក្លែងបន្លំ ឯកសារសាធារណៈ បទប្រើប្រាស់ឯកសារ សាធារណៈក្លែង និង បទញុះញង់ បង្កឲ្យមានភាពវឹកវរ ធ្ងន់ធ្ងរដល់ សន្តិសុខ សង្គម ដែលចែងឲ្យផ្តន្ទាទោស តាមមាត្រា ៦២៩ , មាត្រា ៦៣០ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធការក្លែងសន្ធិសញ្ញា ព្រំដែនកម្ពុជា វៀតណាម ឆ្នាំ១៩៧៩ ត្រង់មាត្រា៤  រួចយកឯកសារក្លែងនេះ ទៅបង្ហោះក្នុងផេកហ្វេសប៊ុក របស់ឯកឧត្តម សម រង្ស៊ី ដែលជាដើមចម នាំឲ្យតុលាការចោទប្រកាន់ ឯកឧត្តម សម រង្ស៊ី ពីបទសមគំនិតក្នុងបទល្មើសនេះ ។ បទចោទប្រកាន់ទាំងនោះ នឹងត្រូវផ្តន្ទាទោសដាក់ ពន្ធនាគារ ចន្លោះពី ៥ ទៅ ១០ ឆ្នាំ ៕

CPP៖ ករណីលោក ហុង សុខហួរ ជារឿងបុគ្គល មិនពាក់ព័ន្ធ នឹងបញ្ហានយោបាយ

CPP៖ ករណីលោក ហុង សុខហួរ ជារឿងបុគ្គល មិនពាក់ព័ន្ធ នឹងបញ្ហានយោបាយ