ក្រសួងសុខាភិបាល ឆ្លើយតប CNRP ថា ក្រសួង នៅតែបន្ដ ចុះពិនិត្យតាមដាន អ្នកកើតជំងឺអេដស៍ នៅស្រុកមុខកំពូល

ភ្នំពេញ៖ លោក តែង គន្ធី អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធជំងឺអេដស៍ បានថ្លែងថា ក្រសួងសុខាភិបាល នៅតែមានសកម្មភាព បន្ដចុះពិនិត្យតាមដានសុខភាព អ្នកកើតជំងឺអេដស៍ នៅភូមិពាម ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ដែលការងារនេះធ្វើជាប់ជាប្រចាំ ហើយក្រសួងក៏បានអប់រំ ប្រជាពលរដ្ឋជាបន្ដបន្ទាប់ផងដែរ។

ការអះអាងរបស់លោកនេះ បានធ្វើឡើងបន្ទាប់ពី លោកស្រី កែ សុវណ្ណរតន៍ ប្រធានគណៈកម្មការទី៨ខាងគណបក្សសង្រ្គោះជាតិ(CNRP) កាលពីថ្ងៃទី២៥ កុម្ភៈ ឆ្នាំ២០១៦  បានស្នើឲ្យក្រសួងសុខាភិបាល តាមរយៈប្រធានរដ្ឋសភា សម្តេច ហេង សំរិន សុំឲ្យចាត់វិធានការណ៍ ជំរុញតាមដានបន្ថែមទៀត ស្វែងរកមូលហេតុនៃការបណ្តាលឲ្យ ឆ្លងមេរោគអេដស៍នៅភូមិពាម។

លោក តែង គន្ធី អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធជំងឺអេដស៍ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦ថា  ទោះបីជាគ្មានការស្នើសុំពីគណបក្សសង្រ្គោះជាតិ គឺក្រុមការងាររបស់ក្រសួង នៅតែបន្តសកម្មភាពជាប់ជាប្រចាំ ដើម្បីតាមដានសុខភាពួកប្រជាពលរដ្ឋ។

លោកបន្តថា “កិច្ចការនេះវិលទៅរកសភាពធម្មតាវិញហើយ។ មានន័យថា ការងារហ្នឹង ធ្វើជាប់ជាប្រចាំ មិនមែនទើបផ្អើលប៉ុន្មានថ្ងៃនោះទេ ។ ឥឡូវក្រសួងបានអប់រំជាបន្ដបន្ទាប់ ធ្វើមុនមិនមែនធ្វើថ្ងៃហ្នឹងទេ។ ការងារហ្នឹងគឺក្រសួងសុខាភិបាល មជ្ឈមណ្ឌលជាតិ គឺមានការងារជាប្រចាំ”។
ចំណែកលោកស្រី ណែម យ៉ង់ ជាមេឃុំសំបួរមាស បានឲ្យដឹងថា “អ្នកកើតជំងឺអេដស៍នៅស្រុកមុខកំពូលនេះ គ្មានការកើនឡើងទេ ហើយក្រសួងក៏ចុះមកជាប់ជាប្រចាំផងដែរ”។

សូមបញ្ជាក់ថា ភាគច្រើនអ្នកដែលឆ្លង មេរោគអេដស៍ នៅស្រុកមុខកំពូល  ជាមនុស្សពេញវ័យ មានអាយុពីចន្លោះពី ១៥ ទៅ៤៩ ឆ្នាំ ក្នុងនោះអ្នកដែល មានអាយុលើសពី៤៩ ឆ្នាំមាន ៥ទៅ៦នាក់ ហើយអ្នកដែលស្ថិតនៅអាយុ២៧ឆ្នាំ មានម្នាក់៕

ក្រសួងសុខាភិបាល ឆ្លើយតប CNRP ថា ក្រសួង នៅតែបន្ដ ចុះពិនិត្យតាមដាន អ្នកកើតជំងឺអេដស៍ នៅស្រុកមុខកំពូល