លោកទេសរដ្ឋមន្រ្តី អ៊ឹម ឈុនលឹម ជំរុញឲ្យ ដោះស្រាយ បញ្ហាដីធ្លី សេសសល់ ឆ្នាំ២០១៥

ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានជំរុញឲ្យមន្ត្រីក្រោមឱវាទ ត្រូវធ្វើការដោះស្រាយបញ្ហាដីធ្លី ដែលសេសសល់ ក្នុងឆ្នាំ២០១៥ឲ្យអស់។

ការជំរុញរបស់ លោកទេសរដ្ឋមន្ត្រីនេះ បានធ្វើឡើងក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារ ឆ្នាំ២០១៥   និងលើកទិសដៅឆ្នាំ២០១៦ នៅទីស្តីការក្រសួងនៅរសៀលថ្ងៃទី១ ខែមីនា នេះ។

លោកទេសរដ្ឋមន្ត្រីបញ្ជាក់ថា មានសូចនាករ ដែលត្រូវដោះស្រាយឆ្នាំ២០១៦ មានការងារចុះបញ្ជីដីធ្លី គឺជំរុញការផ្តល់ប័ណ្ណឲ្យបានឆាប់នូវទិន្នន័យសេសសល់ពីឆ្នាំ២០១៥ ក្នុងការអនុវត្តកម្មវិធីបទបញ្ជាលេខ០១ កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី  និងកាអនុវត្តការចុះ បញ្ជីដីធ្លីសហគមន៍ជនជាតិដើមភាគតិច។

លោកបន្តថា មន្ត្រីពាក់ព័ន្ធត្រូវខិតខំធ្វើការចុះបញ្ជីដីជាលក្ខណៈប្រព័ន្ធឲ្យបានចំនួន ៤០ ម៉ឺនក្បាលដីនៅទូទំាងប្រទេស ចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគិតិចឲ្យបាន១០ សហគមន៍ ចុះបញ្ជីដីរដ្ឋក្នុងក្របខណ្ឌក្រុមការងារអន្តរក្រសួង ពិសេសដីរដ្ឋជាកម្មវត្ថុនៃសម្បទានដីសេដ្ឋកិច្ចដែលបានត្រូតពិនិត្យរួចឲ្យបាន៥០ម៉ឺនហិកតា ។  ធ្វើការផ្សព្វផ្សាយឲ្យបានទូ លំទូលាយនិងជំរុញបញ្ចេញប័ណ្ណកកស្ទះ ក្នុងក្របខណ្ឌចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធដែលជាប់ពន្ធប្រថាប់ត្រា ឲ្យបានរយៈពេល៦ខែ ស្របតាមកាលបរិច្ឆេទក្នុងលិខិត១៣៤ចុះថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៦របស់ទីស្តីការគណៈរដ្ឋមន្ត្រី។

ជាមួយគ្នានោះដែរ លោកទេសរដ្ឋមន្ត្រី បានជំរុញការដោះស្រាយ និងករណីវិវាទ ក្នុងតំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ព្រមទំាងធ្វើស្ថិតិករណីវិវាទទូទំាងប្រ ទេសឲ្យបានច្បាស់លាស់ និងជាក់ស្តែង ។ ខិតខំសម្រុះសម្រួលដោះស្រាយបញ្ចប់ករណីវិវាទឲ្យបាន១០ ទៅ១៥ករណី ក្នុងមួយរាជធានី-ខេត្ត និងដោះស្រាយបញ្ចប់ករណីវិវាទក្នុងមួយក្រុង ស្រុក ខណ្ឌបានពី៣ទៅ៥ ករណី៕

លោកទេសរដ្ឋមន្រ្តី អ៊ឹម ឈុនលឹម ជំរុញឲ្យ ដោះស្រាយ បញ្ហាដីធ្លី សេសសល់ ឆ្នាំ២០១៥

លោកទេសរដ្ឋមន្រ្តី អ៊ឹម ឈុនលឹម ជំរុញឲ្យ ដោះស្រាយ បញ្ហាដីធ្លី សេសសល់ ឆ្នាំ២០១៥