កីឡា​បែប​ក្បាច់​គុណ​បោក​ចំបាប់​និង​ក្លេ Jiu Jitsu ចាប់ផ្ដើម​ពេញ​និយម​សម្រាប់​ជន​បរទេស​នៅ​កម្ពុជា

ក្បាច់​បោក​ចំបាប់​និង​ក្លេ​ដ៏​ល្បីល្បាញ​លើ​ពិភព​លោក​មួយ​ប្រភេទ​ឈ្មោះ ​Jiu Jitsu​ដែល​គេ​ជឿ​ថា​ មាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា​ជាង​២០​ឆ្នាំ​មក​ហើយ​នោះ​ កំពុង​មាន​ប្រជាប្រិយភាព​និង​ទទួល​បាន​ការ​ហ្វឹកហាត់​ក្នុង​ប្រទេស​នេះ​ ជាពិសេស​ក្នុង​ចំណោម​ជន​បរទេស។ ភ្នំពេញ—

ក្បាច់​បោក​ចំបាប់​និង​ក្លេ​ដ៏​ល្បីល្បាញ​លើ​ពិភព​លោក​មួយ​ប្រភេទ​ឈ្មោះ ​Jiu Jitsu​ដែល​គេ​ជឿ​ថា​ មាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា​ជាង​២០​ឆ្នាំ​មក​ហើយ​នោះ​ កំពុង​មាន​ប្រជាប្រិយភាព​និង​ទទួល​បាន​ការ​ហ្វឹកហាត់​ក្នុង​ប្រទេស​នេះ​ ជាពិសេស​ក្នុង​ចំណោម​ជន​បរទេស។

Jiu Jitsu​ ត្រូវ​បាន​បង្កើត​ឡើង​នា​ដើម​ទសវត្សរ៍​១៩៩០​ ដោយ​ការ​បូក​បញ្ចូល​ក្បាច់​គុណ​មួយ​ចំនួន​របស់​ជប៉ុន។​

វា​ទទួល​បាន​ការ​ពេញ​និយម​យ៉ាង​ឆាប់​រហ័ស​ដោយសារ​តែវា​មិន​គ្រាន់​តែ​ជា​កីឡា​ចំបាប់​ទេ តែ​ក៏​ជា​ក្បាច់​ការពារ​ខ្លួន​ដែរ។

លើស​ពី​នេះ​ទៀត​ Jiu Jitsu ​បាន​ក្លាយ​ជា​បាច់​គុណ​ដ៏​សំខាន់​មួយ​ដែល​គេ​ប្រើប្រាស់​ក្នុង​កីឡា​ប្រដាល់​សេរី​ដ៏​ល្បី ​MMA នឹង​កីឡា​ប្រដាល់​ដាក់​ទ្រង់​K-1​ផង​ដែរ។

ក្បាច់​គុណ ​Jiu Jitsu​ ធ្លាប់​ត្រូវ​បាន​បង្ហាត់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ម្ដង​រួច​មក​ហើយ​កាលពី​២០ឆ្នាំ​មុន​ ដោយ​ អ្នក​ស្រាវជ្រាវ​និង​ជា​អ្នកច្បាប់​ជនជាតិ​អាមេរិក​គឺ​លោក​ Peter Maguire​ ពេល​ដែល​លោក​ស្នាក់​នៅ​រាជធានី​ភ្នំពេញ​ក្នុង​អំឡុង​ទសវត្សរ៍​១៩៩០។

លោក​ Peter Maguire​ ដែល​ធ្លាប់​បាន​ហ្វឹកហាត់​កីឡាJiu Jitsu​ ពី​សាលា​ Gracie​ ​បាន​បង្វឹក​ជនជាតិ​បារាំង​និង​អ្នកការទូត​បរទេស​ក្នុង​ប្រទេស​កម្ពុជា​នា​ពេលនោះ។កូន​សិស្ស​របស់​លោក​គឺ​លោក​ ​Sylvain Vogel​ ​ដែល​មាន​ដើម​កំណើត​បារាំង​ ក៏​បាន​ទទួល​ភាព​ជោគជ័យ​ក្នុង​វិស័យ​ប្រដាល់​សេរី​ផង​ដែរ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ Peter Maguire។

ក្នុង​សារ​អេឡិចត្រូនិក​ឬ​អ៊ីមែល​មក​កាន់VOA​ លោក​Peter Maguire​ បាន​សរសេរ​ក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះ​ថា៖

«ក្បាច់​គុណ​ក្នុង​កម្ពុជា​ភាគ​ច្រើន​គឺ​ជា​ក្បាច់​វាយ​គ្នា​ ដូចជា​ ប្រដាល់សេរី​ ក្បាច់​ការ៉ាតេ​ និង​កុងហ្វូ​ជា​ដើម។ ក្បាច់​បោក​ចំបាប់​របស់​ Gracie​ គឺ​ជា​ក្បាច់​គុណ​មួយ​ដ៏​ថ្មីថ្មោង​ ហើយ​ត្រូវបាន​នាំ​ចូល​មក​ក្នុង​ប្រទេស​អាស៊ី​អាគ្នេយ៍​នេះ ​ទើបតែ​បាន​ជិត​២០ឆ្នាំ​ប៉ុណ្ណោះ។​ ក៏ប៉ុន្តែ​ វា​បាន​រីក​ដុះដាល​យ៉ាង​ឆាប់​រហ័ស»។

ការ​ហ្វឹកហាត់​ ​Jiu Jitsu​ក្នុង​ប្រទេស​កម្ពុជា​ បាន​ធ្លាក់​ចុះ ​បន្ទាប់​ពី​លោក​ ​Peter Maguire​ ​បញ្ចប់​សៀវភៅ​របស់​លោក ដែល​មានចំណង​ជើង​ថា​ «Facing Death in Cambodia»​ឬ «ប្រឈម​មុខ​នឹង​មច្ចុរាជ​នៅ​កម្ពុជា»ក្នុង​ឆ្នាំ​២០០៥។

Jiu Jitsu​ត្រូវ​បាន​ហ្វឹកហាត់​ជា​ច្រើន​ម្តង​ទៀត​នា​ដើម​ឆ្នាំ​២០១៤​ ពេល​ដែល​លោក​Jens Petersen​ ដែលគ្រង​ខ្សែ​ក្រវាត់​ពណ៌​ត្នោត ​មកកាន់​ក្រុង​ភ្នំពេញ​ ​ដើម្បី​បង្ហាត់កីឡា​ប្រដាល់​ដាក់​ទ្រង់​K​-1។

​ក្រោយ​ពេល​ដែល​កីឡា​ប្រដាល់​សេរី​ ឬMMA​ មាន​ភាព​ពេញ​និយម​ក្នុង​ប្រទេស​កម្ពុជា ​វា​បាន​ជួយ​ឲ្យ​មាន​ ​ការ​ហ្វឹកហាត់​ Jiu Jitsu​កាន់​តែ​ច្រើន​ឡើង​ផង​ដែរ។

​មក​ដល់​ពេល​នេះ ​មានគ្រូ​បង្គោល​ពីរ​រូប​នៅ​ក្នុង​ក្លឹប ​Brazilian Jiu Jitsu កម្ពុជា​ ឬ​ BJJ​ កម្ពុជា។​

អ្នក​ហ្វឹកហាត់​ Jiu Jitsu​ ប្រចាំ​ក្នុង​រាជ​ធានី​ភ្នំពេញ​ ​មាន​ចំនួន​កើន​ឡើង​យ៉ាង​រហ័ស​ដល់​ជាង​២០​រូប។​នេះ​បើ​យោង​តាម​ ​លោក ខូវ វិវត្តថានា​ ដែល​ជា​គ្រូ​បង្វឹក​ម្នាក់​ក្នុង​ចំណោម​នោះ។

លោក ខូវ វិវត្តថានា​ ​សហគ្រិន​វ័យ​២៧ឆ្នាំ​ ​ដែល​ធ្លាប់​បាន​ហ្វឹកហាត់​ Jiu Jitsu នៅ​ប្រទេស​ជប៉ុន​ ​បាន​ប្រាប់ ​VOA ថា ​លោក​និង​ BJJ កម្ពុជា​ បាន​ព្យាយាម​បង្កើត​ សហគមន៍​ Jiu Jitsu ​មួយ​ក្នុង​ប្រទេស​នេះ​ ​ក្រោយ​ពេល​ដែល​វា​ទទួល​ការ​ពេញ​និយម​ពី​សំណាក់​ជន​បរទេស​ ​ក្នុង​ប្រទេស​កម្ពុជា។

គ្រូ​បង្វឹក​កូន​កាត់​បារាំង​ខ្មែរ​រូប​នេះ​ក៏​សង្ឃឹម​ថា​ សហព័ន្ធ​Jiu Jitsu ​មួយ​នឹង​ត្រូវ​បាន​បង្កើត​ឡើង​ហើយ​កីឡាករ​កម្ពុជា​ នឹង​អាច​ចូល​រួម​ក្នុង​ការ​ប្រកួត​កីឡា​អន្តរជាតិ​ផង​ដែរ។

​«នា​ពេល​នេះ​ អ្វី​ដែល​យើង​កំពុង​តែ​ធ្វើ​នោះ​គឺ​ ដើរ​តាម​គន្លង​របស់​ លោក​ Peter។​ ព្យាយាម​បង្កើន​ទំនាក់​ទំនង​ជាមួយ​និង​សិស្ស​ចាស់ៗ​របស់គាត់​ ហើយនិង​បង្កើត​ ​បណ្ដាញ​របស់​យើង​សារ​ជា​ថ្មី ។​ស្រប​ពេល​ដែល​យើង​ផ្សារ​ភ្ជាប់​ជាមួយ​អ្នក​ហ្វឹកហាត់​ចាស់ៗ​ ​យើង​និង​អាច​បង្កើត​សហគមន៍​មួយ​ដែល​រួម​បញ្ចូល​អ្នកចាស់​និងអ្នកថ្មី​ដែល​ហ្វឹក​ហាត់​ ​Jiu Jitsu​ ​នា​ពេល​បច្ចុប្បន្ន​ ហើយ​នេះ​ជា​អ្វី​ដែល​ធ្វើឲ្យ​ខ្ញុំ​រំភើប។​ជាង​នេះ​ទៅ​ទៀត ​គឺ​យើង​នឹង​អាច​បើក​ឱកាស​ឲ្យ​មនុស្ស​គ្រប់រូប​បាន​ហ្វឹកហាត់​ Jiu Jitsu​បាន​គ្រប់គ្នា»។

​បើ​ទោះ​ជា​យ៉ាង​នេះ​ក្ដី​ លោក ខូវ វិវត្តថានា ​បាន​បញ្ជាក់​ផង​ដែរ​ថា​ ​កន្លែង​ហ្វឹកហាត់​ នឹង​តម្លៃ​ នៅតែ​ជា​បញ្ហា​ប្រឈម​សម្រាប់​ក្លឹប​BJJកម្ពុជា​ ​ដែល​មិន​អាច​ឲ្យ​ប្រជាជន​កម្ពុជា​ ​អាច​ហ្វឹកហាត់​កីឡា​ប្រភេទ​នេះ​បាន​ច្រើន។​

លោក​ វ៉ាត់ ចំរើន ​អគ្គ​លេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ដែល​ធ្លាប់​ហ្វឹកហាត់​កីឡា​បោក​ចំបាប់​និង​ក្លេ​ ​Jiu Jitsu​នេះ​នា​ទសវត្សន៍​១៩៩០​ បាន​ប្រាប់​VOA​ថា​ ការ​ងើប​ឡើង​សន្សឹមៗ​របស់​កីឡា​ប្រភេទ​នេះ​ គឺ​ដោយ​សារ​តែ​វា​មាន​ការប្រកួត​ប្រជែង​ជាមួយ​កីឡា​របស់​ប្រទេស​ជប៉ុន​មួយ​ចំនួន​រួមមាន​ យូដូ​(Judo) ជា​ដើម។

ម្យ៉ាងវិញទៀត កីឡា​Jiu Jitsuនេះ​មិន​ត្រូវ​បាន​ដាក់​ក្នុង​ការ​ប្រកូក​កីឡា​អន្តរជាតិ​នោះ​ទេ​ ​រហូត​ដល់​ប៉ុន្មាន​ឆ្នាំ​មុន​ពេល​ដែល​គេ​បញ្ចូល​វា​ ​ទៅ​ក្នុង​ការ​ប្រកួត​ ​កីឡា​តំបន់​អា​ស៊ី​ក្នុង​ប្រទេស​ថៃ​ ​ដែល​មាន​ជាង​៤០​ប្រទេស​ចូលរួម​នោះ។

យ៉ាង​ណា​ក៏​ដោយ​ លោក​ វ៉ាត់ ចំរើន ​ស្វាគមន៍​គម្រោង​បង្កើត​សហពន្ធ័​កីឡា​Jiu Jitsu នេះ។

«បាទ!​ ហ្អាហ្នឹង​គាត់​មាន​សិទ្ធិ​និង​សេរីភាព​គ្រប់គ្រាន់​ក្នុង​ការ​បង្កើត​ ​ឲ្យតែ​អ្នក​ជំនាញ​ គាត់​ធ្វើ​ការ​រឿង​ហ្នឹង​គាត់​ឯកភាព។ គាត់​សាមគ្គី​គ្នា​ រៀបចំ​ទៅ​ យើង​គណៈកម្មាធិការ​អូឡាំពិក​ខាង​អី​នេះ ​គឺ​ចាំ​តែ ​ជួយ​ជំរុញ​គាត់​រៀបចំ​ឲ្យ​គាត់​ជា​សមាគម​ ជា​សហព័ន្ធ​អី​ទេ។ ​តែ​សំខាន់​លើ​គាត់​ទេ​ ​ព្រោះ​សិទ្ធិ​ក្នុង​ការរៀបចំ​ ​បង្កើត​កីឡា​អី​មួយ គឺ​នៅ​លើ​អ្នកជំនាញ។ ​គាត់​ប្រមូល​ផ្ដុំ​គ្នា​ទៅ​ គាត់​អាច​បង្កើត​បាន​ហើយ»។

ថ្មីៗ​នេះ ក្លឹប​ BJJ ​កម្ពុជា​ បាន​ព្យាយាម​បង្កើន​ការ​ហ្វឹកហាត់​របស់​ខ្លួន​បន្ថែម​ទៀត​និង​បង្កើត​ឲ្យ​មាន​ការ​ហ្វឹកហាត់​ពិសេស​ដែល​មាន​គ្រូបង្ហាត់​ដ៏​ល្បី​ពី​សហរដ្ឋអាមេរិក​គឺ​លោក​ Chris Haueter។

លោក​ Chris Haueterដែល​បាន​ធ្វើ​ការ​បង្វឹក​ពិសេស​ខ្លី​មួយ​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​កន្លង​ទៅ​ បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ចំពោះ​ការ​រីក​ដុះដាល​នៃ​កីឡា​បោក​ចំបាប់​ប្រភេទ​ថ្មី​នេះ​ ដោយ​ចាត់ទុកថា​កីឡា​ដែល«ប្រើ​ប្រាជ្ញា​និង​ភាព​ស្មោះត្រង់​មួយ»​នេះ​ នឹង​ជួយ​នាំ​មក​នូវ​ភាព​ស្និទ្ធស្នាល​បន្ថែម រវាង​ជនបរទេស​ដែល​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​និង​ជនជាតិ​ខ្មែរ។

តាមរយៈ​អ៊ីមែល​មក​កាន់​ VOA​ ​លោក ​Chris Haueter​ បាន​សរសេរ​ក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះ​ថា៖

«ខ្ញុំ​មាន​អារម្មណ៍​រីករាយ​និង​រំភើប​ចំពោះ​អ្វី​ដែល​លោក វិវត្តថានា បាន​ធ្វើ។ ខ្ញុំ​សង្ឃឹម​ថា​ គាត់​នឹង​អាច​ធ្វើ​ឲ្យ​គម្រោង​នេះ​ដើរ​បន្ត​ទៀត​សម្រាប់​អ្នក​ក្នុង​ស្រុក​ ​ក៏​ដូច​ជា​ជន​បរទេស​ក្នុង​ប្រទេស​កម្ពុជា។​ ​ក៏​ប៉ុន្តែ​ការ​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​របស់​ខ្ញុំ​ ​ហាក់ ដូចជា​ខ្លី​ពេក។ ហើយ​ការ​មកកាន់​ប្រ​ទេស​កម្ពុជា​របស់ ​Peter​ ក៏​មិន​សូវ​ជា​ទៀង​ទាត់​ ​ប៉ុន្តែ​គាត់​មាន​ការ​ចាប់​អារម្មណ៍​នឹង​កីឡា​Jiu Jitsu ​និង​សារព័ត៌មាន​ណាស់។​ ខ្ញុំ​គិត​ថា​ ​វីវត្តថានា​ នឹង​អាច​បន្តវេន​នេះ។​ ច្បាស់​ណាស់​ថា​ គាត់​មាន​ស្រលាញ់​កីឡា​នេះ​ ហើយ​គាត់​ក៏​ជា​ជនជាតិ​ខ្មែរ​មួយ​រូប​ផង​ដែរ»។

លោក ​Chris Haueter ​យល់​ថា ​គួបផ្សំ​នឹង​សកម្មភាព​អង្គការ​សង្គម​ស៊ីវិល​ផ្សេង​ទៀត កីឡា​Jiu Jitsu​ នឹង​អាច​ជួយ​ព្យាបាល​របួស​ដល់​អ្នក​ដែល​នៅ​រស់រាន​ពី​សង្គ្រាមស៊ីវិល​ក្នុង​ប្រទេស​កម្ពុជា​ ដែល​បាន​អូស​បន្លាយ​ជិត​បី​ទសវត្សរ៍​ ហើយ​ដែល​ទើប​តែ​បញ្ចប់​នា​ចុង​ទសវត្សរ៍ ​១៩៩០​នោះ។

លោក ​Chris Haueter បាន​បញ្ជាក់​ក្នុង​អ៊ីមែល​កាល​ពី​សប្ដាហ៍​មុន​យ៉ាង​ដូច្នេះ​ថា៖

«ខ្ញុំ​ដឹងពី​អារម្មណ៍​នៃ​ការ​ឈឺ​ចាប់ដែល​បន្សល់​ទុក​ពី​សង្គ្រាមស៊ីវិល​ ជា​ពិសេស​មនុស្ស​ចាស់ៗ​ជំនាន់​មុន​ដែល​រង​ផល​ប៉ះពាល់​ដោយ​ផ្ទាល់។ ប្រជាជន​កម្ពុជា​ គឺ​មាន​ភាព​តស៊ូ ​និង​អត់ធ្មត់។​ ហើយ​ក៏​មាន​ភាព​ទន់ជ្រាយ​ផង​ដែរ។ វា​ប្រហែល​បណ្ដាល​មក​ពី​សង្គ្រាម​ក៏​ថា​បាន។ ខ្ញុំ​ជឿ​ជាក់​ថា​ កីឡា​ ​Jiu Jitsu​ ​និង​អាច​ជួយ​ផ្សះផ្សាការ​ឈឺ​ចាប់​នេះ»។

សម្រាប់​លោក ខូវ វិវត្តនា​វិញ លោកយល់​ថា​កីឡា​ ​Jiu Jitsu​គឺ​ជា​សិល្បៈ​ដ៏​ទន់ភ្លន់​មួយ​ ​និង​អាច​បង្កើន​ភាព​ជឿជាក់​រវាង​អ្នក​ហ្វឹកហាត់។ ​គ្រូ​បង្វឹក​ ​កូនកាត់​បារាំង​ខ្មែរ​ ​រូប​នេះ​ក៏​មាន​ជំនឿ​ចិត្ត​ថា​ កីឡា​បោក​ចំបាប់ប្រភេទ​ថ្មី​នេះ​ នឹង​ជួយ​បង្កើត​ ​សង្គម​ថ្មី​មួយ​ដែល​មាន​ភាព​រឹង​មាំ​ជាង​មុន​ទាំង​ផ្លូវ​កាយ​និង​ចិត្ត។

​«ខ្ញុំ​ជឿជាក់​ថា​ Jiu Jitsu ​អាច​ជួយ​ដល់​មនុស្សម្នា។ ពេល​ខ្ញុំ​ និយាយ​ថា ​វា​អាច​ជួយ​ដល់​មនុស្ស​បាន​ គឺ​ថា​ ​វា​ជួយ​ឲ្យ​ពួក​គេ​យល់​ច្បាស់​ ​ពេល​ដែល​ពួក​គេ​ហ្វឹកហាត់​Jiu Jitsu។​ ​ជា​រឿយៗ​ ​ពួក​គេ​នឹង​បំភ្លេច​បញ្ហា​ប្រឈមក្នុង​ជីវិត​របស់​ពួក​គេ។​ វា​ជួយ​ឲ្យ​ពួក​គេ​រស់​នៅ​ក្នុង​បច្ចុប្បន្ន។​ ​វា​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ចាប់ផ្ដើម​រិះរក​មធ្យោបាយ​ដោះស្រាយ​បញ្ហា​នៅ​ចំពោះ​មុខ​ខ្លួន។​ វា​នឹង​ជួយ​ឲ្យ​ពួក​គេ​ ​ទុក​ចោល​បញ្ហា​ពី​អតីតកាល​របស់​គេ​ ​ហើយ​ដាក់​បញ្ហា​ដែល​ពួក​គេ​មាន​ក្នុង​ពេល​នេះ​ទៅ​ក្នុង​ការ​គិត​និង​រក​មធ្យោបាយ​ដោះ​ស្រាយ»។

លោក​Peter Maguire​ ក៏​យល់​ស្រប​ផង​ដែរ​ថា​ កីឡា​បោក​ចំបាប់Jiu Jitsu នឹង​អាច​ជួយ​ឲ្យ​អ្នក​ហ្វឹក​ហាត់​គ្រប់គ្នា​ ​ផ្លាស់ប្ដូរ​ការ​គិត​និង​បង្កើត​ភាព​វាងវៃ​របស់​ខ្លួន។

លោក​បន្ត​ថា កីឡា​នេះ​ ក៏​នឹង​អាច​ជួយ​បង្ហាត់​អ្នក​ហ្វឹកហាត់​ទាំង​នោះ​ឲ្យ​ត្រៀម​ខ្លួន​សម្រាប់​ការ​តស៊ូ​ក្នុង​ឆាក​ជីវិត​ផង​ដែរ។

​«ជា​អកុសល​ ភាព​ជឿជាក់​លើ​ខ្លួន​ឯង​តិច​តួច​និង​កង្វះ​ការជំរុញ​ទឹកចិត្ត​គឺ​ ​ជា​សត្រូវ​ដ៏​ចម្បងរបស់​ជន​គ្រប់​រូប​នា​ពេល​បច្ចុប្បន្ន​ ​ក៏ប៉ុន្តែ​ពួក​គេ​អាច​គ្រប់​គ្រង​និង​ជម្នះ​វា​បាន​តាម​របៀប Jiu Jitsu។ កីឡា​បោកចំបាប់​និង​ក្លេ​ ​Jiu Jitsu​បង្ហាត់​អ្នក​ឲ្យ​ចេះ​តស៊ូ​លើ​សង្វៀន​និង​តស៊ូ​ជម្នះ​ក្នុង​ជីវិត​ពិត»។

​លោក Peter Maguire បន្ថែម​ថា ការ​ហ្វឹក​ហាត់​ Jiu Jitsu ក៏​អាច​ជួយ​ឲ្យ ​ពល​រដ្ឋនិង​យុវជន​កម្ពុជា​ ​លេង​កីឡា​បាន​ច្រើន​ ​ប្រសើរ​ជាង​ការ​ ​អង្គុយ​នៅ​មុខ​កុំព្យូទ័រ​និង​ ​ការ​ប្រើប្រាស់​ ​ទូរស័ព្ទ​ចល័តរបស់​ពួក​គេ​ជា​ប្រចាំ​នោះ៕