ទៅ​ស្ដាប់​មើល ទម្លាប់​ពេល​ព្រឹក​​​របស់​យុវវ័យ​​​​​មួយ​ចំនួន​នៅ​ភ្នំពេញ​​ គេ​ធ្វើ​អ្វី​ខ្លះ?

វេលា​​​ព្រឹក​ព្រលឹម​ ​ជា​ពេល​​មួយ​ដែល​​​មនុស្ស​ជា​ច្រើន ចាប់​ធ្វើ​​​សកម្មភាព​តាម​ទម្លាប់​ប្រចាំ​ថ្ងៃ​​​​រៀង​ៗ​ខ្លួន ​។ ជា​មួយ​ថ្ងៃ​ថ្មី មិន​ថា​​​អ្នក​នៅ​រៀន អ្នក​ធ្វើ​ការ អ្នក​រក​ស៊ី តែង​មាន​ទម្លាប់​ប្រចាំ​ថ្ងៃ​ ​​ប្លែក​ៗ ឬ​ស្រដៀង​គ្នា ទៅ​តាម​ស្ថានភាព​ ទី​តាំង​ រស់​នៅ​ជាក់​ស្ដែង​របស់​ពួក​គេ។ ដោយ​ឡែក​ ​បើ​យើង​ទៅ​ស្ដាប់​​ ពី​ការ​រៀបរាប់​​យុវវ័យ​​​​មួយ​ចំនួន​ កំពុង​​រស់​នៅ​ រាជធានី​ភ្នំពេញ តើ​ព្រឹក​ព្រលឹម​ឡើង​ពួក​គេ​ធ្វើ​អ្វី​​ខ្លះ?

 

ទៅ​ស្ដាប់​មើល ទម្លាប់​ពេល​ព្រឹក​​​របស់​យុវវ័យ​​​​​មួយ​ចំនួន​នៅ​ភ្នំពេញ​​ គេ​ធ្វើ​អ្វី​ខ្លះ?

 

” ជា​ទូ​ទៅ ខ្ញុំ​​ក្រោក​ពី​គេង​ម៉ោង​ ៥ កន្លះ​ រួច​​ត្រូវ​ដាំ​បាយ និង​រៀប​ចំ​អីវ៉ាន់​​​ក្នុង​ផ្ទះ​។ រហូត​​​ពេល​ដល់​ពេល​​ព្រឹក​​ ខ្ញុំ​នៅ​មើល​ក្មួយ​ រៀន​​​ខ្លួន​ឯង​រួច​​​​បាន​រៀប​ចំ​ទៅ​សាលា”។ នេះ​ជា​ការ​លើក​ឡើង របស់​ កញ្ញា​ បឿន​ ស្រី​តូច និស្សិត​​ឆ្នាំ​ទី​៣ ​​​ផ្នែក​ភាសា​កូរ៉េ នៃ​វិទ្យាស្ថាន​​ភាសា​បរទេស សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។

 

ចំណែក​ លោក​ ម៉ក់ សូវ៉ៃ​​ វ័យ​២២​​ឆ្នាំ បុគ្គលិក​បម្រើ​ការ​នៅ​ធនាគារ​​​មួយ​ បាន​ឲ្យ​ដឹង​ថា​ពី​ប្រចាំ​ថ្ងៃ​របស់​គាត់​ថា “ជា​ទម្លាប់​ ខ្ញុំ​ភ្ញាក់​ពី​គេង​ ម៉ោង​៦ រួច​ហើយ​បើក Facebook មើល​ព័ត៌មាន​​អី​តិច​តួច​ទៅ ដល់​ម៉ោង​៦​កន្លះ​ទើប​ក្រោក​ពី​គេង​​ ទៅ​ហាត់​ប្រាណ។ មក​វិញ​ស្ដាប់​ចម្រៀង​​តិច​តួច អ៊ុត​ខោអាវ ងូត​ទឹក​រៀប​ចំ​ខ្លួន រួច​​បាន​ទៅ​កន្លែង​ធ្វើ​ការ​ម៉ោង ៨”។

 

ងាក​​ទៅ​ស្ដាប់​កញ្ញា ឡាញ់​ ស្រីនាថ​ និស្សិត​​​មក​ពី​សាលា​ RULE បាន​ប្រាប់​ថា កញ្ញា​​តែង​ក្រោក​​ពី​ព្រលឹម​ម៉ោង​៥ និង​​មើល​មេរៀន​សាលា​ប្រហែល​កន្លះ​ម៉ោង រួច​រៀប​ចំ​ផ្ទះ​និង​​​ត្រូវ​រៀប​ចំ​ដាំ​បាយ ចម្អិន​ម្ហូប​ខ្លះ។ និស្សិត​ឆ្នាំ​ទី​៣ ផ្នែក​សេដ្ឋកិច្ច​​រូប​​នេះ​បន្ត​ទៀត​ថា កញ្ញា​ត្រូវ​ក្រោក​ពី​ព្រលឹម​បែប​នេះ​ដោយ​សារ ផ្ទះ​នៅ​ឆ្ងាយ​ពី​សាលា។ ស្រដៀង​គ្នា​នេះ​ដែរ យុវជន មាន រតន​សម្បត្តិ​ សិស្ស​​ថ្នាក់​ទី ៨ នៃ​វិទ្យាល័យ​​ព្រះ​ស៊ីសុវត្ថិ​ បាន​​ឲ្យ​ដឹង​ថា​ ជា​ទម្លាប់​ប្អូន​ក្រោក​​ពី​គេង​ម៉ោង​៥:៤៥​នាទី រំលឹក​មេរៀន​សាលា​ ​​មួយ​ភ្លែត ​រៀប​ចំ​ខ្លួន ញ៉ាំ​អាហារ​ពេល​ព្រឹក​រួច​ទើប​ទៅ​រៀន។

 

ទៅ​ស្ដាប់​​​លោក ឈឺន ប៉េង​ខុង ជា​និស្សិត​ឆ្នាំ​ទី​៤ វ័យ​២២​ឆ្នាំ រៀន​នៅ​​វិទ្យាស្ថាន​​វ៉ាន់ដា​គណនេយ្យ​ផង និង​​បម្រើ​ការ​ងារ​នៅ​ក្រុមហ៊ុន​ឯកជន​មួយ បាន​ឲ្យ​ដឹង​ថា លោក​មាន​ទម្លាប់​ក្រោក​​យូរ​បន្តិច​គឺ​ត្រឹម​ម៉ោង​ ៦​កន្លះ ព្រោះ​​ចូល​គេង​យប់​ជ្រៅ។ បន្ទាប់​មក​​​ទើប លោក​រៀប​ចំ​ខ្លួន ស្រស់​ស្រូប​អាហារ និង​ចេញ​ទៅ​ធ្វើ​ការ ​នា​ពេល​ព្រឹក​ និង​​​ទៅ​រៀន​នៅ​ពេល​ល្ងាច។

 

ខាង​លើ​នេះ​​គឺ​ជា​ការ​បង្ហាញ​ពី​​សកម្មភាព​​ប្រចាំ​ថ្ងៃ​ពេល​ព្រឹក​​របស់​យុវវ័យ ជា​សិស្ស​ និស្សិត​មួយ​ចំនួន ​ចុះ​​ចំណែក​ប្រិយមិត្ត​​ មាន​ទម្លាប់​ពេល​ព្រឹក​​បែប​ណា​ដែរ?
 
​ចុចអាន៖ ក្រោក​ពេល​ព្រឹក​អាន​សៀវភៅ​ជា​ទម្លាប់​របស់​និស្សិត​ពូកែ​ឬ?
 
អត្ថបទ​​៖ មាន រតនា

​​​​

​​