​រាជរដ្ឋាភិបាល​ជប៉ុន ផ្តល់ជំនួយ​ជាង​៧​សែន​ដុល្លារ សម្រាប់​គម្រោង​អភិវឌ្ឍន៍​ចំនួន​ពីរ​នៅ​កម្ពុជា​

ភ្នំពេញ: ​រាជរដ្ឋាភិបាល​ប្រទេស​ជប៉ុន តាមរយៈ​ស្ថានទូត​របស់​ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា បាន​ចុះហត្ថលេខា​ផ្តល់ជំនួយ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ចំនួន​ពីរ​នៅ​កម្ពុជា ដែលមាន​ទឹកប្រាក់​សរុប​ចំនួន ៧៦៦.០៣៩​ដុល្លារ​។ ជំនួយ​ឧបត្ថម្ភ​ដល់​គម្រោង​របស់​អង្គការ​មិនមែន រដ្ឋាភិបាល​ជប៉ុន​នេះ សម្រាប់​ការអភិវឌ្ឍ​នៅ​កម្ពុជា​នេះ ត្រូវបាន​ចុះហត្ថលេខា​នៅ ព្រឹក​ថ្ងៃ​១ ខែមីនា ឆ្នាំ​២០១៦​នេះ រវាង​តំណាងឱ្យ​រាជរដ្ឋាភិបាល​ជប៉ុន គឺ​លោក គូ​ម៉ា​ម៉ា​រ៉ូ យូ​ជិ ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា ជាមួយ​លោកស្រី តា​តា​ហា​ស៊ី អាគី​មិ នាយិកា​អង្គការ FIDR  និង​លោក សា​កូ ណាហ្គា​តូ​ស៊ី ប្រធាន​តំណាង​អង្គការ JMAS​។​

​លោក គូ​ម៉ា​ម៉ា​រ៉ូ យូ​ជិ ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា​ថ្លែងឱ្យដឹងថា ក្នុង​ទឹកប្រាក់​ជំនួយ​សរុប​ចំនួន ៧៦៦.០៣៩​ដុល្លារ សម្រាប់​គម្រោង​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ​ដំណាក់កាល​ទី​៣ ប្រចាំខេត្ត​កំពង់ឆ្នាំង ត្រូវបាន​ផ្តល់ជូន​ថវិកា​ចំនួន​ជាង ២២​ម៉ឺន​ដុល្លារ ដើម្បី​បង្កើន​ផលិតភាព​នៃ​ការ​ធ្វើស្រែ ពិពិធ​កម្ម​នៃ​ការដាំ​បន្លែ និង​ចិញ្ចឹមសត្វ​កែលម្អ​ស្ថានភាព​ផ្នែក​អាហារូបត្ថម្ភ​សម្រាប់​កុមារ និង​បង្កើត​បណ្តាញ​ទំនាក់ទំនង​រវាង​កសិក​រ និង​កសិករ​នៅក្នុង​ភូមិ​គោលដៅ​ចំនួន​៣៩ ក្នុងស្រុក​រលាប្អៀរ និង​ស្រុក​បរិបូ​ណ៍ ខេត្តកំពង់ឆ្នាំង​។ ចំណែក​ទឹកប្រាក់​ប្រមាណ​ជា ៥៤​ម៉ឺន​ដុល្លារ​ទៀត ត្រូវបាន​ផ្តល់ជូន​អង្គការ​សកម្មភាព​កម្ចាត់​មីន​ជប៉ុន​( JMAS) សម្រាប់​គម្រោង​ទី​២ នៃ​ផែនការ​៣​ឆ្នាំ នៃ​ការ​បោសសម្អាត​មីន និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ ក៏ដូចជា​ការផ្ទេរ​បច្ចេក​ទេស​ជាច្រើន​ដល់​អង្គការ​(CMAC) ដែលជា​ការរួមចំណែក​ដ៏​ធំធេង​ក្នុង​ការកសាង​សន្តិភាព​នៅ​កម្ពុជា​។​

​លោកស្រី តា​តា​ហា​ស៊ី អាគី​មិ បាន​ថ្លែង​បញ្ជាក់ថា អង្គការ​មូលនិធិ​សម្រាប់​ការអភិវឌ្ឍ និង​ជំនួយ​សង្គ្រោះ​អន្តរជាតិ​ប្រចាំ​ប្រទេស​កម្ពុជា​របស់លោក​ស្រី បាន​អនុវត្តន៍​គម្រោង​ដោយបាន​ចាប់​ដៃគូ​សហការ​ជាមួយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្នុងប្រទេស​កម្ពុជា ចាប់តាំងពី​ឆ្នាំ​២០០៧ និង​បានធ្វើ​សកម្មភាព​តាំងពី​ឆ្នាំ​២០១៤ រហូតដល់​បច្ចុប្បន្ន ក្រោម​ការជួយ​គាំទ្រ និង​ផ្តល់​ថវិកា​ពី​ក្រសួងការបរទេស​នៃ​រដ្ឋាភិបាល​ជប៉ុន និង​ជំនួយ​សង្គ្រោះ​អន្តរជាតិ​។ ជា​លទ្ធផល​ឆ្នាំ​២០១៥​កន្លងទៅនេះ កសិករ​នៅក្នុង​តំបន់​គោលដៅ​របស់លោក​ស្រី​ជិត ៨០% បាន​ចូលរួម​ក្នុងការ​ធ្វើស្រែ​តាម​បច្ចេកទេស ប​.​វ​.​ស ហើយ​អាច​ប្រមូល​ផល​លើសពី​ការធ្វើ​ស្រែ​តាម​ទម្លាប់ បានរ​ហួត​ដល់ ១.៤​ដង នៃ​ទិន្នផល​ស្រូវ​សរុប​ប្រចាំឆ្នាំ​។​

​ក្រៅពីនេះ​យើង​ក៏បាន​អង្កេត​ឃើញថា កសិករ​ដែល​បាន​អនុវត្តន៍​បច្ចេកទេស​កា​រ​ចិញ្ចឹម​មាន់ ចិញ្ចឹម​ជ្រូក និង​សួន​បន្លែ​គ្រួសារ នៅតាម​តំបន់​គោលដៅ​មានការ​កើនឡើង​គួរកត់សម្គាល់ ជាពិសេស​ស្ថានភាព​កង្វះ​អាហារូបត្ថម្ភ​របស់​កុមារ​ដែលមាន​អាយុ​ក្រោម ៥​ឆ្នាំ នៅក្នុង​តំបន់​គោលដៅ​មានការ​ធ្លាក់ចុះ​ផងដែរ​។ លោកស្រី​បន្តថា ការផ្តល់​ជំនួយ​លើក​នេះ គឺជា​ជំនួយ​ថវិកា​លើក​ទី​៣ សម្រាប់​គម្រោង​នៃ​អង្គការក្រៅរដ្ឋាភិបាល​ជ​ប៉ុន ដែល​បានបង្ហាញ​ពី​ការរំពឹងទុក​ខ្ពស់ជាង​មុន និង​ក្តីសង្ឃឹម​ដ៏​ខ្ពង់ខ្ពស់​ចំពោះ​មូលនិធិ​សម្រាប់​ការអភិវឌ្ឍ និង​ជំនួយ​សង្គ្រោះ​អន្តរជាតិ​។​

​ចំណែក​លោក សា​កូ ណាហ្គា​តូ​ស៊ី ប្រធាន​តំណាង​អង្គការ JMAS  ក៏បាន​ថ្លែង​បញ្ជាក់​ឱ្យដឹង​ដែរ​ថា នេះ​គឺជា​គម្រោង​ឆ្នាំ​ទី​២ នៃ​គម្រោង​ផែនការ​៣​ឆ្នាំ ដែល​បាន​កំពុង​ផ្តោតទៅលើ​ការបង្កើន​ជំនាញ ចំណេះដឹង និង​ការគ្រប់គ្រង​ទីវាល​របស់​ក្រុម​អន្តរាគមន៍​ឆ្លើយតប​កាកសំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ក៏ដូចជា​ការបង្កើន​ស​ម​ត្ថ​ភាព​គ្រូបង្រៀន​ផងដែរ​។ លោក​បន្តថា នៅក្នុង​ប្រទេស​កម្ពុជា នៅតែមាន​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ប្រហែល​ជាង ១០០.០០០​គ្រាប់ ដែល​ប្រមូល និង​កម្ទេចចោល​រៀងរាល់ឆ្នាំ​។ វា​គឺជា​ការលំបាក​ណាស់​សម្រាប់​រូបលោក ដែល​និយាយថា​ចំនួន​អត្រា​គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន និង​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​បាន​ថយចុះ​។ បច្ចុប្បន្ន​ចំនួន​អត្រា​គ្រោះថ្នាក់​ដោយសារ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ បាន​កើនឡើង​ច្រើនជាង​ចំនួន​អត្រា​គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន ហើយ​ជា​អកុសល​ក្នុង​ឆ្នាំមុន​ចំនួន​អត្រា​អ្នករងគ្រោះថ្នាក់​ដោយសារ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​កើតឡើង​រហូតដល់ ៨១​នាក់​៕