កម្ពុជា ស្នើ​ស្វី​ស ជួយ​ស្វែងរក​មធ្យោបាយ ពង្រីក​ទំហំ​ពាណិជ្ជកម្ម

ភ្នំពេញ: ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក Sieber ឯកអគ្គរដ្ឋទូត​ស្វី​ស លោក​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម បានស្នើ​ដល់​លោក​ឯកអគ្គរដ្ឋទូត ជួយ​គាំទ្រ​ដល់​កម្មវិធី​កសាង​សមត្ថភាព របស់​មន្ត្រី​ក្រសួង និង​ជួយ​ស្វែងរក​មធ្យោបាយ ពង្រីក​ទំហំ​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំងពីរ​។​

​នៅ​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០១៦ នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក Ivo Sieber ឯកអគ្គរដ្ឋទូត​ស្វី​ស​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា លោកស្រី Rahel Boesch ទីប្រឹក្សា​អភិវឌ្ឍន៍ និង​ជានា​យក​នៃ​ទីភ្នាក់ងារ សហប្រតិបត្តិការ​ស្វី​ស​សម្រាប់​ការអភិវឌ្ឍ​និង​សហប្រតិបត្តិការ (SDC) ប្រចាំ​ទីក្រុង​ភ្នំពេញ លោក Simon Kuersener លេខា​ទី​ពីរ​ស្ថានទូត​ស្វី​ស និង​លោកស្រី Va Ros មន្ត្រី​កម្មវិធី​នៅ​SDC​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​សម្តែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​ឯកអគ្គរដ្ឋទូត ដែល​បាន​បន្ត​គាំទ្រ​និង​សហការ​រវាង​កម្ពុជា និង​ស្វី​ស​។ លោក​ទេសរដ្ឋមន្ត្រី​បាន​ជម្រាបជូន​គណៈប្រតិភូ អំពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា ព្រមទាំង​កំណែទម្រង់​និង​សកម្មភាព​ថ្មីៗ​របស់​ក្រសួងពាណិជ្ជកម្ម​ដើម្បី ពង្រីក​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម​និង​ការវិនិយោគ​។ លោក​ទេសរដ្ឋមន្ត្រី​បានស្នើ​ឲ្យ លោក​ឯកអគ្គរដ្ឋទូត​ជួយ​គាំទ្រ​ដល់​កម្មវិធី​កសាង​សមត្ថភាព​របស់​មន្ត្រី​ក្រសួង និង​ជួយ​ស្វែងរក​មធ្យោបាយ​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​។​

​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​Sieber បាន​សម្តែង​នូវ​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ដើម្បី​ជំរុញ​លើកទឹកចិត្ត​ឲ្យ​មានការ​វិនិយោគ​បន្ថែម​ពី​ស្វី​ស​មកកាន់​កម្ពុជា​។ ជាមួយគ្នានេះ​ផងដែរ ឯកឧត្តម​ឯកអគ្គរដ្ឋទូត​បាន​ជម្រាបជូន ឯកឧត្តម​ទេសរដ្ឋមន្ត្រី​អំពី គម្រោង​នានា​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​ស្វី​ស​នៅ កម្ពុជា ពិសេស​នៅតាម​បណ្តា​ខេត្ត​និង​តំបន់​មួយចំនួន​ផងដែរ​ដូចជា​៖ គម្រោង​ទាក់ទង​នឹង​វិស័យ​ទេសចរណ៍ កសិកម្ម ជលផល និង ការកសាង​សមត្ថភាព​ក្នុងការ​គាំទ្រ​ដល់​ស្ត្រី​លើ​មុខ​ជំនួញ​នានា​។ ឯកឧត្តម​ឯកអគ្គរដ្ឋទូត​បា​នស​ម្តែ​ង​នូវ​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ក្នុងការ​បញ្ចប់​ឲ្យ​បាន​រួចរាល់​នូវ​ការរៀបចំ​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា​-​ស្វី​ស ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​។​

កម្ពុជា ស្នើ​ស្វី​ស ជួយ​ស្វែងរក​មធ្យោបាយ ពង្រីក​ទំហំ​ពាណិជ្ជកម្ម

កម្ពុជា ស្នើ​ស្វី​ស ជួយ​ស្វែងរក​មធ្យោបាយ ពង្រីក​ទំហំ​ពាណិជ្ជកម្ម

កម្ពុជា ស្នើ​ស្វី​ស ជួយ​ស្វែងរក​មធ្យោបាយ ពង្រីក​ទំហំ​ពាណិជ្ជកម្ម