អ្វី​ទៅជា ជំងឺ​រលាក​ក្រពេញប្រូ​ស្តាត​?

អ្វី​ទៅជា ជំងឺ​រលាក​ក្រពេញប្រូ​ស្តាត​?

​ការ​រលាក​ក្រពេញប្រូ​ស្តាត អាច​បណ្តាលមកពី​ការបង្ក​រោគ និង​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត​។ បុរស​គ្រប់រូប​ស្ទើរតែ ១០ ភាគរយ​ហើយ ដែល​ជួប​បញ្ហា​រលាក​ក្រពេញប្រូ​ស្តាត ក្នុង​ពេលវេលា​ណាមួយ​ក្នុង​ឆាកជីវិត​។

​ក្រពេញប្រូ​ស្តាត គឺជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​ប្រដាប់បន្តពូជ​រប​ស់បុរ​ស ហើយ​វា​មាន​ទំហំ​ប៉ុន​ផ្លែ​វ៉ាល់​ណាត់ (Walnut) ដែល​ស្ថិតនៅ​ខាងក្រោម​ប្លោកនោម និង​នៅ​ពីមុខ​ថ្នក់​ផ្ទុក​លាមក​។ វា​នៅ​ព័ទ្ធជុំវិញ​បង្ហួរនោម  សម្រាប់​បញ្ចេញ​ទឹកនោម និង​ទឹកកាម​។ មុខងា​ដ៏​សំខាន់ របស់​សរីរាង្គ​មួយ​នេះ គឺ​ផលិត​ទឹក​រំអិល ដើម្បី​ដឹក​ជញ្ជូន​មេ​ជីវិត​ឈ្មោល តាម​បង្ហួរនោម​។

ខាងក្រោម​នេះ គឺជា​ចំណាត់ថ្នាក់ របស់​ជំងឺ​រលាក​ក្រពេញប្រូ​ស្តាត ដែល​ត្រូវបាន​ធ្វើឡើង​នៅ​ឆ្នាំ ១៩៩៩ ដោយ​វិទ្យាស្ថាន​ជាតិ ជំងឺ​ទឹកនោម​ផ្អែម ផ្លូវ​រំលាយ​អាហារ និង​តម្រងនោម ៖

ការ​រលាក​ក្រពេញប្រូ​ស្តាត ដោយ​បាក់តេរី​ស្រួចស្រាវ​
ជំងឺ​នេះ​គ្រាន់​តែ​ស្តាប់ ក៏​ដឹង​ថា បង្កឡើង​ដោយ​បាក់តេរី​ដែរ ហើយ​ជា​ធម្មតា វា​ច្រើន​ចាប់ផ្តើម​ភ្លាមៗ និមាន​រោគសញ្ញា ដូច​ជំងឺ​ផ្តាសាយ​អញ្ជឹង​ដែរ​។ ប៉ុន្តែ ទម្រង់​មួយ​នេះ កម្រ​ជួបប្រទះ​ណាស់​។

ការ​រលាក​ក្រពេញប្រូ​ស្តាត ដោយ​បាក់តេរី​រ៉ាំរ៉ៃ​
ទម្រង់​រលាក​ក្រពេញប្រូ​ស្តាត​មួយនេះ ត្រូវបាន​គេ​សម្គាល់​ដឹង ដោយសារតែ​មាន ការបង្ក​រោគ​ដោយ​បាក់តេរី ម្តង​ហើយ​ម្តងទៀត លើ​ក្រពេញប្រូ​ស្តាត​ផ្ទាល់​។ ចំពោះ​រោគសញ្ញា​របស់​វា​វិញ អាច​មាន​លក្ខណៈ​តិចតួច ឬ​ស្ទើរតែ​គ្មាន រោគសញ្ញា​អ្វី​ទាំងអស់​តែ​ម្តង ប៉ុន្តែ ទោះបីជា​យ៉ាងណា​ក៏ដោយ វា​ពិតជា​ពិបាក​នឹង​ព្យាបាល ឲ្យដាច់​ខ្លាំងណាស់​។

ចង្កោម​រោគសញ្ញា រលាក​ក្រពេញប្រូ​ស្តាត​រ៉ាំរ៉ៃ ឬ​ឈឺ​ក្នុង​អាង​ត្រគាក​រ៉ាំរ៉ៃ​
ករណី​រលាក​ក្រពេញប្រូ​ស្តាត ភាគច្រើន គឺ​ស្ថិតក្នុង​ទម្រង់​មួយ​នេះ ប៉ុន្តែ វា​បែរជា​មាន​ការយល់ដឹង​តិចតួច​ទៅ​វិញ​។ ទម្រង់​នៃ​ជំងឺ​មួយ​នេះ អាច​សម្គាល់​ដឹង ដោយសារតែ​មាន​ការ​រ​លា​ក ឬ​គ្មាន​រលាក ដោយ​យោង​ទៅតាម​វត្តមាន ឬ​អវត្តមាន របស់​កោសិកា​ប្រឆាំង​ការ​រលាក​ក្នុង​ទឹកនោម ទឹកកាម និង​ទឹករំអិល ចេញពី​ក្រពេញប្រូ​ស្តាត​។ វា​ក៏​គ្មាន​មូលហេតុ​ណា​ជាក់លាក់ អាច​បញ្ជាក់​ដឹង​បាន​ដែរ​។ ចំពោះ​រោគសញ្ញា​វិញ គឺ​អាច​មាន​បាត់ៗ​ជាប់​រហូត​តែ​ម្តង​។

ការ​រលាក​ក្រពេញប្រូ​ស្តាត ដែល​គ្មាន​រោគសញ្ញា​
ស្ថានភាព​ជំងឺ​ប្រភេទ​មួយ​នេះ ច្រើន​តែ​រក​ឃើញ​ដោយ​ចៃដន្យ ក្នុងពេល​ធ្វើតេស្ត​រកមើល​លទ្ធភាព​មាន​កូន ឬ​ជំងឺ​មហារីក​ក្រពេញប្រូ​ស្តាត​។ អ្នកជំងឺ​ដែល​មាន ការ​រលាក​ក្រពេញប្រូ​ស្តាត​ប្រភេទ​នេះ គឺ​គ្មាន​រោគសញ្ញា ឬ​មិន​ស្រួល​អ្វី​ទាំងអស់ ប៉ុន្តែ ពួកគេ​អាច​នឹង​មាន​វត្តមាន កោសិកា​ប្រឆាំងនឹង​ការ​រលាក​ច្រើន​ក្នុង​ទឹកកាម ឬ​ទឹករំអិល​ក្រពេញប្រូ​ស្តាត​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី02  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។