អំណាច​ភ្លើង​ធូប​ថ្ងៃសីល​ត្របាក់​ផ្ទះ​ធំ​ទ្រនុំ​ខ្ពស់

អំណាច​ភ្លើង​ធូប​ថ្ងៃសីល​ត្របាក់​ផ្ទះ​ធំ​ទ្រនុំ​ខ្ពស់

ខេត្តបាត់ដំបង ៖ លំនៅ​ឋាន​ធ្វើ​ពី​ថ្ម​ក្រោម ឈើ​លើ​ដ៏​ធំ​ស្កឹមស្កៃ​មួយ​ខ្នង បាន​ត្រូវ​អគ្គិភ័យ ដែល​តាម​ម្ចាស់ផ្ទះ​អះអាង​ថា បង្ក​ឡើង​ដោយសារ​ភ្លើង​«​ធូប​» លេប​ត្របាក់​អស់​គ្មាន​សល់ កាលពី​វេលា​ម៉ោងជាង​១០​ព្រឹក​ថ្ងៃ​ទី​០១ ខែមីនា នៅ​ភូមិ​ស៊ុ​ង​២ ឃុំ​ស៊ុ​ង ស្រុក​សំឡូត ដោយ​មិន​អាច​ជួយ​សង្គ្រោះ​ឬ​យក​ទ្រព្យសម្បត្តិ​បាន​ឡើយ បើ​ទោះជា​សមត្ថកិច្ច និង​អ្នក​ភូមិ​ប្រឹងប្រែង​ជួយ​អន្តរាគមន៍​យ៉ាងណា​ក្ដី ។

អធិការរង​នគរបាល​ស្រុក​សំឡូត លោក ម៉ែ​ន រី​ម បាន​ឲ្យ​ដឹង​ថា អគ្គិភ័យ​នេះ​បាន​កើតឡើង​យ៉ាង​ខ្លាំង​បំផុត ដែល​មិន​អាច​ជួយ​អន្តរាគមន៍​បាន ហើយ​តែ​មួយប៉ប្រិចភ្នែក​ប៉ុណ្ណោះ អគ្គិភ័យ​ដែល​បង្ក​ឡើង​ដោយ​អំណាច​ភ្លើង​ធួ​ប​នេះ​បាន​លេប​ត្រ​បាត់​ផ្ទះ​អស់ទាំង​ស្រុង​តែ​ម្ដង ។ លោក​អធិការរង​ប្រាប់​ថា ម្ចាស់ផ្ទះ​ឈ្មោះ ប៊ុ​ន រ៉ា​ណេ អាយុ​៥៦​ឆ្នាំ ប្រពន្ធ​ឈ្មោះ សំ រ៉ា​ន់ អាយុ​៥៣​ឆ្នាំ រស់នៅ​ក្នុងភូមិ ឃុំ​ខាងលើ​។ លំនៅ​ឋាន​ដ៏​ធំ​ស្កឹមស្កៃ​នេះ មាន​ទំហំ​៨​ម៉ែត្រ​គុណ​៩​ម៉ែត្រ បាន​ក្លាយជា​ចំណី​ព្រះ​អគ្គី​ទាំងស្រុង​តែ​ម្ដង ដោយ​មិន​អាច​យក​ទ្រព្យសម្បត្តិ​អ្វី​បាន​ឡើយ ។

បើ​តាម​សាក្សី​និយាយ​ថា គេ​ឃើញ​ផ្សែង​ខ្មៅ​ហុយ​ចេញពី​ជាន់​ខាងលើ​នៃ​លំនៅ​ឋាន​ដ៏​ធំ​នោះ ហើយ​បាន​ក្លាយជា​អណ្ដាតភ្លើង​ឆេះ​សន្ធោសន្ធៅ​ភ្លាម​មួយ​រំពេច​តែ​ម្ដង ។ គ្រានោះ ម្ចាស់ផ្ទះ​បាន​ស្រែក​រក​ជំនួយ​ពី​អ្នក​ជិតខាង​បណ្ដើរ​ដងទឹក​ជះ​ពន្លត់​បណ្ដើរ លុះ​បន្តិច​ក្រោយមក​ស្រាប់តែ​ម្ចាស់ផ្ទះ​សន្លប់​បាត់​មាត់​ឈឹង ដោយសារ​រន្ធត់​នឹង​ភ្លើង​ឆេះ​ផ្ទះ​អស់ ។ តាម​ការ​ស្រង់​សំដី​ម្ចាស់ផ្ទះ​ថា អគ្គិភ័យ​នោះ​បង្ក​ឡើង​ដោយសារ​ភ្លើង​«​ធូប​» ដែល​គាត់​ដុត​លើ​ហ៊ឹង​កុងម៉ា​ថ្ងៃសីល ហើយ​ធ្វេសប្រហែស ។

លោក​អធិការរង ម៉ែ​ន រី​ម បញ្ជាក់​ថា នៅ​ស្រុក​សំឡូត​មិន​មាន​រថយន្ដ​ពន្លត់​អគ្គិភ័យ​ទេ មាន​តែ​កម្លាំង​ប្រជា​ពលរ​ដ្ធ និង​សមត្ថកិច្ច​មូលដ្ឋាន​ប៉ុណ្ណោះ ដែល​ជួយ​អន្តរា​គម​ន៏​ដងទឹក​ពាង​ជះ​ពន្លត់ តែ​មិន​អាច​ជួយ​បាន​ដោយសារ​ភ្លើង​ឆេះ​មាន​កម្លាំង​ខ្លាំង​ពេក មិន​អាច​ចូល​ជិត​បាន ហើយ​ទាំង​ម្ចាស់ផ្ទះ ទាំង​អ្នក​ជួយ​អន្តរាគមន៍ បាន​ត្រឹមតែ​ឈរ​មើល​ប៉ុណ្ណោះ ។ លោក​បន្ត​ថា សូ​ម្បី​តែ​ទ្រព្យសម្បត្តិ​អ្វី​ក៏​មិន​អាច​ជួយ​រំដោះ​បាន​ដែរ គឺ​ក្លាយជា​ចំណី​ព្រះ​អគ្គី​ទាំងអស់ ហើយ​ក្នុង​ពេល​ភ្លាម​ៗ​នេះ​មិន​ទាន់​អាច​បូក​សរុប​ការ​ខូចខាត​បាន​នៅឡើយ​ទេ ព្រោះ​ម្ចាស់ផ្ទះ​ហាក់​មាន​ស្មារតី​មិនល្អ​នៅ​រន្ធត់​ខ្លាំង​ណាស់ ៕