ពេល​ណា​ទើប​ការ​រីក​ធំ របស់​ក្រពេញប្រូ​ស្តាត ត្រូវការ​ពេទ្យ​ពិនិត្យ​?

ពេល​ណា​ទើប​ការ​រីក​ធំ របស់​ក្រពេញប្រូ​ស្តាត ត្រូវការ​ពេទ្យ​ពិនិត្យ​?

​ការ​រីក​ធំ​របស់​ក្រពេញប្រូ​ស្តាត គឺ​ជា​ជំងឺ​មួយ​ប្រភេទ ដែល​កើតមាន​ជា​ញឹកញាប់ លើ​បុរស​វ័យ​ចំណាស់ ហើយ​វា​តែងតែ​ចេញ ជា​រោគសញ្ញា​រំខាន ដល់​ការ​នោម​របស់​ពួកគាត់​តែម្តង​។ បើសិនជា​មិន​បាន​ព្យាបាល​ទេ ក្រពេញប្រូ​ស្តាត អាច​នឹង​ធ្វើ​ឲ្យ​ស្ទះ ដល់​លំហូរ​ទឹកនោម ដែល​ត្រូវ​ចេញពី​ប្លោកនោម និង​បង្ក​ជា​បញ្ហា​លើ​ប្លោកនោម ផ្លូវ​បង្ហូរ​ទឹកនោម ឬ​តម្រងនោម​ទៀតផង​។

​រោគសញ្ញា​ធ្ងន់ធ្ងរ របស់​អ្នកជំងឺ​រីក​ក្រពេញប្រូ​ស្តាត គឺ​មាន​ច្រើន​ណាស់ ប៉ុន្តែ រោគសញ្ញា​របស់​ជំងឺ​នេះ នឹង​កាន់តែ​ធ្ងន់​ទៅៗ​បន្តិច​ម្តងៗ​។ រោគសញ្ញា​ដែល​កើតមាន ជា​ញឹកញាប់​បំផុត​នោះ មានដូចជា ៖

  • ​នោម​ញឹក ឬ​ត្រូវការ​នោម​ទាន់ហន់​
  • ​ឧស្សាហ៍​ងើប​នោម​នៅពេល​យប់​
  • ​ពិបាក​ចាប់ផ្តើម​នោម​
  • ​លំហូរ​ទឹកនោម​ខ្សោយ​
  • ​ទឹកនោម​ហូរ​រឹមៗ​
  • ​ត្រូវការ​ប្រឹង ដើម្បី​អាច​នោម​កើត​
  • ​មិន​អាច​នោម​ឲ្យអស់​។​

​រោគសញ្ញា​ដែល​មិនសូវ​ជួប មានដូចជា ៖

  • ​មាន​ការបង្ក​រោគ​នៅ​ផ្លូវ​ទឹកមូត្រ​
  • ​មិន​អាច​នោម​កើត​
  • ​មាន​ឈាម​ក្នុង​ទឹកនោម​។​

​បើ​យើង​និយាយ​អំពី ទំហំ​របស់​ក្រពេញប្រូ​ស្តាត មិនមែន​មានន័យថា សុទ្ធតែ​មាន​រោគសញ្ញា កាន់តែ​ធ្ងន់​ទាំងអស់​នោះ​ទេ ព្រោះ​បុរស​ដែលមាន ការ​រីក​ធំ​របស់​ក្រពេញប្រូ​ស្តាត​តិចតួច អាច​នឹង​មាន​រោគសញ្ញា​ខ្លាំង ហើយ​បុរស​ដែល​រីក​ក្រពេញ​នេះ​ខ្លាំង បែរជា​មាន​រោគសញ្ញា​តិចតួច​ទៅវិញ​។
​ជំងឺ​មួយ​ចំនួន ដែល​អាច​បង្កឲ្យមាន រោគសញ្ញា​ស្រដៀង​គ្នា នឹង​ជំងឺ​រីក​ក្រពេញប្រូ​ស្តាត​ដែរនោះ មានដូចជា ៖

  • ​ការបង្ក​រោគ​នៅ​ផ្លូវ​ទឹកមូត្រ​
  • ​រលាក​ក្រពេញប្រូ​ស្តាត​
  • ​ការរួម​តូច​របស់​បង្ហួរនោម​
  • ​ការ​កើត​ជា​សម្លាក នៅ​ក​របស់​ប្លោកនោម ដែល​បណ្តាល​មកពី ការវះកាត់​កាលពីមុន​
  • ​គ្រួស​ក្នុង​ប្លោកនោម ឬ​តម្រងនោម​
  • ​មាន​បញ្ហា​ទាក់ទង​នឹង សរសៃប្រសាទ​ដែល​គ្រប់គ្រង​ប្លោកនោម​
  • ​មហារីក​ក្រពេញប្រូ​ស្តាត ឬ​ប្លោកនោម​។​

​បើសិន​ជា​អ្នក កំពុងតែ​មាន​បញ្ហា ទាក់ទង​នឹង​ផ្លូវ​ទឹកមូត្រ ចូរ​យក​រឿង​នេះ ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ទៅ​។ ទោះបីជា​អ្នក​មិន​យល់​ថា មាន​រោគសញ្ញា​អ្វី រំខាន​ដល់​អ្នក​ក៏ដោយ ក៏​គួរតែ​ស្វែងយល់ ឬ​ធ្វើ​ការទាត់ចោល នូវ​មូលហេតុ​របស់​វា​ដែរ​។ បើសិនជា​មិន​បាន​ព្យាបាល​ទេ បញ្ហា​ផ្លូវ​ទឹកមូត្រ ប្រហែល​ជា​នាំឲ្យមាន ការស្ទះ​ផ្លូវ​ទឹកមូត្រ​បាន​។ អ្វី​ដែល​សំខាន់​នោះ បើសិនជា​មិន​អាច​នោម​ចេញ​ទេ អ្នក​គួរតែ​ស្វែងរក ការព្យាបាល​ពី​គ្រូពេទ្យ​ភ្លាម​ទៅ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី02  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។