ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ចេញ​សេចក្តីជូនដំណឹង​ចុះ​ថ្ងៃ​ទី​១ មីនា ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៩ កុម្ភៈ បន្ទាប់​ពី​មានការ​ផ្សាយ​ព័ត៌មាន​ស្តី​ពី​ករណី «ការ​រំលោភ និង​ប្រើ​ហិង្សា»  របស់​កម្មករ​នេសាទ​ខ្មែរ​ចំនួន​៥​នាក់​ទៅ​លើ​អ្នកទេសចរ​បារាំង នៅ​លើ​កោះ​គុត​ប្រទេស​ថៃ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំ​ហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ណែនាំ​តាម​ទូរស័ព្ទ​ភ្លាម​ៗ​ឲ្យ​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​នៅ​ព្រះរាជាណាចក្រ​ថៃ ចុះ​ទៅ​ពិនិត្យ​ជាក់ស្តែង និង​ជួប​សាកសួរ​ពលរដ្ឋ​ខ្មែរ​ជាប់ចោទ​ទាំង​៥​នាក់​នេះ ។

ឯកអគ្គរាជទូត​កម្ពុជា បាន​ធ្វើ​ដំណើរ​តាម​ឧទ្ធម្ភាគចក្រ​រួម​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ថៃ​ទៅ​កាន់​កោះ​គុត​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ កុម្ភៈ ។ តាម​របាយ​កាណ៍​បឋម ដែល​ឯកអគ្គ​រាជទូត​កម្ពុជា​រាយការណ៍​តាម​ទូរស័ព្ទ​ជូន​លោក​ឧបនាយក​រដ្ឋ មន្ត្រី ហោ ណាំ​ហុង នៅ​វេលា​ម៉ោង​១៨ ថ្ងៃ​ទី​២៩ កុម្ភៈ បាន​ឲ្យ​ដឹង​ថា​៖

-​នៅ​ក្នុង​ការ​ជួប​សម្ភាសន៍​ជាមួយ​ឯកអគ្គរាជទូត កម្មករ​ទាំង​៥​នាក់ បាន​ទទួល​សារភាព​ថា ខ្លួន​បាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី «ការ​រំលោភ និង​ការ​ប្រើ​ហិង្សា​» ប្រាកដ​មែន។
-​ពេល​កើតហេតុ​ការណ៍ កម្មករ​ទាំង​៥​នាក់​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹងស្រា ។
-​កម្មករ​ទាំង​៥​នាក់ ស្ថិត​ក្នុង​វ័យក្មេង​អាយុ​តិច​ជាង​២៥​ឆ្នាំ ក្នុង​នោះ​៣​នាក់​មិន​ចេះអក្សរ ហើយ​២​នាក់​ទៀត រៀន​បាន​តិចតួច ។
-​អាជ្ញាធរ​ថៃ​កំពុង​បញ្ជូន​កម្មករ​ទាំង​៥​នាក់  និង​វត្ថុ​តាង​មក​កាន់​តុលាការខេត្ត​ត្រា​ត ដើម្បី​ធ្វើការ​វិនិច្ឆ័យ ។

បន្ទាប់​ពី​ទទួល​បាន​របាយការណ៍​នេះ លោក ឧបនាយករដ្ឋមន្ត្រី ហោ ណាំ​ហុង បាន​ណែនាំ​ឯកអគ្គរាជទូត​កម្ពុជា​ថា ទោះជា​ក្នុង​ស្ថានភាព​ណា​ក៏​ដោយ ត្រូវ​រិះរក​វិធី​ជួយ​ដល់​កម្មករ​ទាំង​៥​នាក់​នេះ និង​ផ្តល់​មេធាវី​ការពារ​នៅ​ពេល​ពួក​គេ​ឡើង​តុលាការ ៕