តុលាការ​ចិន​កាត់​ទោស មនុស្ស​២៤​នាក់​ពី​បទ​ឆបោក​​លុយ​​​ ១,៥ពាន់​លាន​ដុល្លារ

តុលាការ​មួយ​ក្នុង​ប្រទេស​ចិន បាន​កាត់​ទោស​មនុស្ស​ ២៤​នាក់​​ឲ្យ​ជាប់​ពន្ធនាគារ ពី​ការ​​​​បង្កើន​លុយ​​ជាង​ ៩,៩ ពាន់​លាន​យាន់ (១,៥​ពាន់​លាន​ដុល្លារ) តាម​គម្រោង​ទុច្ចរិត។ នេះ​ដោយ​បើ​​តាម​​​ទី​ភ្នាក់​ងារ​សារព័ត៌មាន​ចិន Xinhua។

 

 តុលាការ​ចិន​កាត់​ទោស មនុស្ស​២៤​នាក់​ពី​បទ​ឆបោក​​លុយ​​​ ១,៥ពាន់​លាន​ដុល្លារ
 

បុរស​ម្នាក់​ ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​គុក​អស់​មួយ​ជីវិត ខណៈ​ពេល​ បុរស​២៣ ទៀត​ ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​១៤​ឆ្នាំ។

 

​គម្រោង​​ការណ៍​ទុច្ចរិត​របស់​​មនុស្ស​២៤​នាក់​ខាង​លើ ​បាន​ធ្វើ​​ឡើង​ដោយ​ឲ្យ​ សាធារណជន​​ទិញ​​កាត​សមាជិក​ ឬខ្ចី​​លុយ​​ឥណទាន​​ក្លែង​​ក្លាយ ដែល​អាច​​​​ផ្ដល់​​លុយ​​ត្រលប់​ទៅ​វិញ ៤៧ ភាគ​រយ។ អ្នក​វិនិយោគ​​ប្រហែល​ ២​សែន​៣​ម៉ឺន​នាក់ បាន​ចាញ់​បោក​ ដោយ​សារ​​វិធី​​ខាង​លើ​នោះ។

 

តុលាការ​នៅ​ក្នុង​ខេត្ត​ Guangdong មាន​វត្តមាន​​អ្នក​រង​គ្រោះ​​​ដោយ​ការ​បោក​ប្រាស់​ជា​ច្រើន​​​នាក់​​បាន​ទៅ​​ចូល​រួម​ការ​កាត់​ទោស​ខាង​លើ។ តាម​សេចក្ដី​រាយការណ៍​​ពី​ ស៊ីនហួរ អ្នក​​​រង​គ្រោះ​​​បោក​ប្រាស់​ជា​មនុស្ស​ចាស់​ជា​ច្រើន​នាក់​បាន​ សម្ដែង​ការ​សោក​ស្ដាយ​រហូត​ស្រក់​ទឹក​ភ្នែក ព្រោះ​​បាន​បាត់​បង់​​លុយ​​​​​​​សន្សំ​ដែល​យក​​ទៅ​វិនិយោគ​ក្នុង​ការ​បោក​ប្រាស់​នោះ។​

 

ស្ត្រី​រង​គ្រោះ​ មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​ បាន​​ឲ្យ​ដឹង​ថា អ្នក​ស្រី​និង​​ស្វាមី​បាន​បាត់​បង់​លុយ​សន្សំ​អស់ ៧​សែន​យាន់ (១០៦ ៨២៣​ដុល្លារ) ​ តាម​ការ​បញ្ចុះ​បញ្ចូល​​​នៅ​ក្នុង​កម្មវិធី​​ពិព័រណ៍​​​​​បង្ហាញ​​ពី​ហិរញ្ញវត្ថុ​​ធ្វើ​ឡើង​ដោយ​ក្រុម​បោក​ប្រាស់​នោះ។

 

ពេល​នេះ តុលាការ​​​ចិន​​បាន​ផ្អឹប​​​លុយ​ក្នុង​គណនី របស់​​​ក្រុម​ជន​បោក​ប្រាស់​ខាង​លើ​ហើយ។ ប៉ុន្តែ​​ទឹក​ប្រាក់​ពុំ​ទាន់​បាន​ប្រគល់​ទៅ​ជន​រង​គ្រោះ​វិញ​នៅ​ឡើយ​ទេ។

 

កាល​ពី​ខែ​មុន អាជ្ញាធរ​ចិន​ ក៏​បាន​​ឃាត់​ខ្លួន​មនុស្ស​​ ២១​នាក់ ដែល​ពាក់ព័ន្ធ​ក្នុង​បទ​​​សង្ស័យ​​​​គេង​បន្លំ​លុយ​អ្នក​វិនិយោគ​​៩​សែន​នាក់ តាម​អ៊ីនធឺណិត។ ក្នុង​នោះ​​គឺ​មាន​ទឹក​ប្រាក់​សរុប​ប្រហែល ៥០​ពាន់​លាន​យាន់ (៧,៦​ពាន់​លាន​ដុល្លារ)៕

 

តុលាការ​ចិន​កាត់​ទោស មនុស្ស​២៤​នាក់​ពី​បទ​ឆបោក​​លុយ​​​ ១,៥ពាន់​លាន​ដុល្លារ
 

ចុចអាន៖ ម្ហូប​ធ្វើ​ពី​ថ្ម​​​​​ដ៏​កម្រ​​ ដាក់​បង្ហាញ​នៅ​ពិព័រណ៍​ទេសចរណ៍​​ចិន​

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ BBC​​​​​​​​​

​​​​​​​​

​​​