​សាលា​ឧទ្ធរណ៍​​ប្ដូរ​បទចោទ​ពីបទ​​សញ្ចរកម្ម​មក​​បទ​អូស​ទាញ​​ពេស្យា​​ចារ​​កុមារ​​លើ​តារាចម្រៀង​ អូ រស្មី ​​

អ្នក​ចម្រៀង​ប្រជាប្រិយ​​ម្នាក់​ដែល​ត្រូវ​បាន​​​ផ្ដន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​៧ឆ្នាំ​កាលពី​ឆ្នាំមុន​ ពីបទ​ប្រើ​ប្រាស់​ការ​សន្យា​​​​ធ្វើ​ឲ្យ​មាន​​ភាព​ល្បី​​​ឈ្មោះ ដើម្បី​បញ្ចុះ​បញ្ចូល​ក្មេងស្រី​​អាយុ១៤​ឆ្នាំ រួម​ភេទ​ជាមួយ​បុរស​អាណិក​ជន​​​ខ្មែរ​អាមេរិក​​ម្នាក់​​នោះ បាន​ទទួល​ការ​​​បន្ធូរ​បន្ថយ​ទោស​មក​នៅ​ត្រឹម​៥ឆ្នាំ​ ដោយ​សាលា​ឧទ្ធរណ៍​កាលពី​ថ្ងៃ​ច័ន្ទ​។

អូ រស្មី អាយុ​៣៦​ឆ្នាំ​ ដែល​ធ្វើ​ការ​ឲ្យ​ក្រុម​ហ៊ុន​រៃមាស ជា​ក្រុមហ៊ុន​ផលិត​កម្ម​វិធី​ទូរទស្សន៍ និង​ផលិត​កម្ម​ខារ៉ាអូខេ​ឆ្លង​ដែន​ ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ខែ​មករា ឆ្នាំ​២០១៤ និង​​ផ្ដន្ទា​ទោស​​ដោយ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាលពី​ខែ​​សីហា ពីបទ​នាំ​ក្មេងស្រី​​ទៅ​ឲ្យ​រួម​ភេទ​ជាមួយ​​​បុរស​ម្នាក់​​ចំនួន​បី​ថ្ងៃ​បន្តបន្ទាប់​។

អ្នកស្រី​​បាន​បដិសេធ​ម្ដង​ហើយ​ម្ដង​ទៀត​​ថា មិន​បាន​សម្របសម្រួល​​ឲ្យ​មាន​ការ​​សេព​កាម​ជាមួយ​ក្មេង​មិន​គ្រប់​អាយុ​ទេ។

កាលពី​ថ្ងៃ​ច័ន្ទ លោក ប្លង់ សំណាង ចៅ​ក្រម​​​ជំនុំជម្រះ​នៅ​សាលា​ឧទ្ធរណ៍​បាន​ប្រកាស​ថា បទ​ចោទ​​ទៅ​លើ​អ្នក​ចម្រៀង​រូប​នេះ​​ត្រូវ​បាន​​​​​ប្ដូរ​ពីបទ​សញ្ចរកម្ម​មក​ជា​បទ​អូស​ទាញ​​ពេស្យា​​ចារ​​កុមារ​វិញ​ ដោយ​​​​ផ្ដន្ទាទោស​នាង​​ឲ្យ​​ជាប់​ពន្ធនាគារ​​អតិបរមា​៥ឆ្នាំ និង​ពិន័យ​​១០លាន​រៀល​។

​ចៅក្រម​រូប​នេះ​បាន​និយាយ​ថា ” អូ រស្មី ​បាន​ណែនាំ​ក្មេងស្រី​​នេះ​ឲ្យ​រួម​ភេទ​ជាមួយ​បុរស​​ចំណាស់​ម្នាក់​​ និង​ប្រាប់​នាង​ថា ប្រសិន​បើ​​ចង់​​ក្លាយ​ជា​តារាល្បី​​ទៅ​ដេក​ជាមួយ​​​​​គាត់​ទៅ​”។ លោក​បាន​បន្ថែម​ថា “​ក្មេងស្រី​រូប​នេះ​​មិន​​មែន​ជា​ក្មេងស្រី​នៅ​បរិសុទ្ធ​ទេ។ ផ្អែក​​​តាម​លទ្ធផល​នៃ​ការ​ពិនិត្យ​ពី​ក្រុម​គ្រូពេទ្យ​ឲ្យ​ដឹង​ថា នាង​​ធ្លាប់​បាន​រួម​ភេទ​ពី​មុន​មក​”។ លោក​​​បដិសេធ​មិន​​បក​ស្រាយ​ថា​តើ​​ប្រវត្តិ​ទំនាក់​ទំនង​​​​​ផ្លូវ​ភេទ​របស់​នាង​​ពាក់​ព័ន្ធ​នឹង​ករណី​នេះ​​បែប​ណា​ទេ។

ចៅក្រម សំណាង បាន​និយាយ​ថា តុលា​ការ​​នៅ​តែ​ចាត់​ទុក​ទោស​របស់​ អូ រស្មី ជា​​ទោស​​​​​ធ្ងន់​។ លោក​​​និយាយ​ថា “​យើង​បាន​សម្រេច​​​​​​​​ផ្ដន្ទាទោស​​អ្នកស្រី​​​អតិបរមា​ ព្រោះ​​វា​ជា​អំពើ​ដ៏គ្រោះថ្នាក់​ណាស់”។

លោក នូ ចន្ថា មេធាវី​របស់​ អូ រស្មី ដែល​មិន​មាន​វត្តមាន​​នៅ​តុលាការ​កាលពី​ថ្ងៃ​ច័ន្ទ​ បាន​​​​​​​និយាយ​ថា កូន​ក្ដី​របស់​លោក​​មិន​ទាន់​សម្រេច​ថា​តើ​នឹង​​​ប្ដឹង​ទាស់​សាល​ដីកា​ទៅ​តុលាការ​កំពូល​ឬ​យ៉ាង​ណា​ទេ។

លោក​បាន​និយាយ​ថា “​ អូ រស្មី បាន​និយាយ​​​ហើយ​នៅ​អំឡុង​សវនាការ​​នោះ​ថា នាង​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ”។

សាន សូនី ជា​មេធាវី​របស់​ជន​រងគ្រោះ​​ មិន​​​​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ៕ និត​​​

The post ​សាលា​ឧទ្ធរណ៍​​ប្ដូរ​បទចោទ​ពីបទ​​សញ្ចរកម្ម​មក​​បទ​អូស​ទាញ​​ពេស្យា​​ចារ​​កុមារ​​លើ​តារាចម្រៀង​ អូ រស្មី ​​ appeared first on ខេមបូឌា ដេលី.