ស្រវឹង​ខ្លាំង​ណាស់ សុំ​ដេក​មួយស្របក់​សិន​ហើយ

ស្រវឹង​ខ្លាំង​ណាស់ សុំ​ដេក​មួយស្របក់​សិន​ហើយ

ខេត្តស្វាយរៀង ៖ អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​កំណាត់​ផ្លូវជាតិ​លេខ​១ មានការ​ភ្ញាក់ផ្អើល​និង​ចោមរោម​មើល​យ៉ាងច្រើន​កុះករ​ព្រមទាំង​រាយការណ៍​ដល់​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន ខណៈ​ដែល​ឃើញ​បុរស​ម្នាក់​ដេក​ផ្កាប់មុខ​លើ​ម៉ូតូ​របស់​ខ្លួន ក្នុង​អាកា​រៈ​ស្រវឹង​ដាប​ទៅ​មុខ​លែង​រួច​ពេល​យប់ ក៏​ដេក​ក្រាប​នៅ​លើ​ម៉ូតូ​តែ​ម្តង ដែល​អ្នកខ្លះ​និយាយ​ថា ទំនង​មិន​ហ៊ាន​បើកបរ​ខ្លាច​ជួប​ប៉ូលិស​ផាកពិន័យ ឬ​ត្រួតពិនិត្យ​ជាតិ​ស្រវឹង ទើប​បញ្ឈរ​ម៉ូតូ​ដេក​តាម​ដងផ្លូវ​តែ​ម្ដង ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​២៨ កុម្ភៈ ស្ថិត​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ក្នុងភូមិ​ក្បាលថ្នល់ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប ។  បើ​តាម​អ្នក​ភូមិ​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​នេះ​មិន​ស្គាល់​អត្តសញ្ញាណ អាយុប្រមាណ​ជាង​៣០​ឆ្នាំ បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​ធ្វើ​ដំណើរ​ពី​កើតមក​លិច​រួច​ឈប់​ម៉ូតូ ដោយសារ​អាកា​រៈ​ស្រវឹងស្រា​ជោកជាំ រួច​ដេក​ក្រាប​លើ​ម៉ូតូ​លង់លក់ និង​ស្រ​ម៉ុ​ក​លាន់ឮ​ខ​ល​ៗ​ទៀត​ផង​។ ស្រវឹង​ប៉ុណ្ណេះ​ហើយ​...​ស្រេច​តែ​ដេក​មួយស្របក់​សិន ទម្រាំ​ស្វាង​ស៊ឹ​ម​ចេញដំណើរ​ទៀត​...​នេះ​ជា​សិទ្ធិ​របស់​អ្នក​ស្រវឹង យ៉ាង​ហោច​ណាស់​បាន​ការពារ​ខ្លួន​ផុត​ពី​គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ​ដែរ ។ 

ក្រោយ​ពី​ទទួល​សេចក្ដី​រាយ​ការ​ណ៏​ពី​ប្រជាពលរដ្ឋ​ថា មាន​បុរស​ម្នាក់​មិនដឹង​មក​ពី​ស្រុក​ណា​បាន​ឈប់​ម៉ូតូ​ដេក​លង់លក់​ក្នុង​ស្ថានភាព​ស្រវឹង សមត្ថកិច្ច​ក៏​បាន​មក​ដល់ និង​ដាស់​ឱ្យ​ភ្ញាក់​សាកសួរ​។ បុរស​ខាងលើ​បាន​និយាយ​ថា រូប​គាត់​មក​ពី​កម្មវិធី​មួយ​កន្លែង​ដោយ​បាន​ផឹក​ស្រវឹង ក៏​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ ប៉ុន្តែ​បើក​មក​ដល់​ពាក់កណ្ដាល​ផ្លូវ​ស្រវឹង​ខ្លាំង​ពេក វិលមុខ​ស្រវាំងភ្នែក​ពេក ទៅ​មុខ​លែង​រួច ម្យ៉ាង​ខ្លាច​មាន​គ្រោះថ្នាក់​ព្រមទាំង​ខ្លាច​សមត្ថកិច្ច​ផាកពិន័យ​ផង ទើប​ឈប់​ម៉ូតូ​ដេក​តែ​ម្ដង​ទៅ ។

ក្រោយ​ពី​សមត្ថកិច្ច​សាកសួរ ហើយ​រាង​ស្វាង​ស្រា​បន្តិច​ផង​សមត្ថកិច្ច​ក៏​អប់រំ រួច​ឱ្យ​បន្តដំណើរ​ទៅ​ផ្ទះ​ដោយ​មិន​បាន​ផាកពិន័យ​អ្វី​ទេ ។

ធម្មតា​ទៅ​ហើយ​...​ចាត់​ទុក​ថា ចេះ​ដឹង​ខ្លះ​ៗ​ដែរ​...​បើ​ទៅ​មុខ​លែង​រួច មាន​តែ​ដេក​មួយស្របក់​សិន​...​សូ​ម្បី​ចោរ​ក៏​អត់​ខ្លាច​ដែរ ក្លាហាន​ប៉ុណ្ណេះ​ហើយ សូម​ចោរ​កុំ​ហក់​ឱ្យ​សោះ ៕