ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់ធំ ៖ ការ​កាប់​ដើម​គ្រញូង​១​ដើម​បាន​ធ្វើ​ឱ្យ​ផ្ទុះ​ជម្លោះ​ស្ទើរតែ​បង្ហូរឈាម​គ្នា​រវាង​មន្ត្រី​កងរាជអាវុធហត្ថ និង​មន្ត្រី​នគរបាល ។ ករណី​ខាងលើ​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ទាំង​យប់​កាល​ថ្ងៃ​ទី​១០ កុម្ភៈ នៅ​ចំណុច​ភូមិ​តា​មុំ ឃុំ​ដូង ស្រុក​ប្រាសាទ​បល្ល័ង្ក ហើយ​រឿង​រ៉ាវ​នេះ​ទើបតែ​បែកធ្លាយ ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ ។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​ខាង​កងរាជអាវុធហត្ថ​ស្រុក​ស្ទោង​ប្រាប់​ថា នៅ​យប់​ថ្ងៃ​កើតហេតុ បន្ទាប់​ពី​បាន​ទទួល​សេចក្តីរាយការណ៍ ពី​សំណាក់​ប្រជាពលរដ្ឋ ថា​មាន​ឈ្មួញ​កំពុង​តែ​លួច​កាត់​អារឈើ​គ្រញូង នៅ​ព្រំប្រទល់​ស្រុក​ស្ទោង កម្លាំង​ក៏​បាន​ចុះ​ទៅ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង ទើប​ដឹង​ថា​ស្ថិត​នៅ​ភូមិ​តា​មុំ ឃុំ​ដូង ស្រុក​ប្រាសាទ​ប​ល្ល័​ង្គ ។ ចំណែក​ជន​ទាំងនោះ​ដឹងខ្លួន​ក៏​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​អស់ ហើយ​ក៏​បាន​ប្រទះ​សម្តី​គ្នា​ជាមួយ​នគរបាល​យ៉ាង​តឹងសរសៃក​ទៅ​វិញ ។

ចំណែក​ខាង​សមត្ថកិច្ច​នគរបាល​ស្រុក​វិញ ប្រាប់​ថា បន្ទាប់​ពី​បានដឹង​ថា​មាន​ឈ្មួញ​លួច​អារឈើ​គ្រញូង​បម្រុង​ដឹក​ចេញ ក៏​បាន​ឲ្យ​កម្លាំង​ចុះ​ទៅ​ឃាត់​និង​សួរនាំ ក៏​ផ្ទុះ​ការ​ឈ្លោះ​ប្រកែក​គ្នា​យ៉ាង​ខ្លាំង​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​។ បន្ទាប់​មក​ត្រូវ​បាន​ព្រះរាជអាជ្ញា​បញ្ជា​ឲ្យ​ដឹកឈើ​គ្រញូង​ចំនួន​១៦​ដុំ ស្មើនឹង​០,៥៥៤​ម៉ែត្រគូប មក​ប្រគល់​ឲ្យ​សមត្ថកិច្ច​ជំនាញ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង ទើប​ដឹង​ដល់​អភិបាលខេត្ត លោក អ៊ុត សំ​អន ក៏​បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ជំនាញ​ធ្វើការ​ស្រាវជ្រាវ​រក​អ្នក​ពាក់ព័ន្ធ ។

មួយ​រយៈពេល​ក្រោយមក​បន្ទាប់​ពី​ស្រាវជ្រាវ​ទើប​ដឹង​ថា មាន​ជាប់​ពាក់ព័ន្ធ​ជាមួយនឹង​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ចំនួន​៣​រូប ទី​១-​លោក​វរសេនីយ៍ឯក តុង ហុង​លី ទី​២- លោក​​វរសេនីយ៍ឯក គល់ ឈឿ​ន អ្នក​ទាំង​២​នាក់ គឺជា​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត និង​ទី​៣-​លោក​អនុសេនីយ៍ឯក សឿ​ន សា​ម៉ុ​ន មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ស្រុក​ប្រសាទ​បល្ល័ង្ក ដែល​បច្ចុប្បន្ន​កំពុង​តែ​ត្រៀមចាំ​សេចក្តីសម្រេច​ឡើង​ឋានៈ​ជា​នាយ​រង​សេនាធិការ​កងរាជអាវុធហត្ថ​ខេត្ត ។ ធ្លាយ​ដំណឹង​ថា មន្ត្រី​កងរាជអាវុធហត្ថ​ទាំង​៣​នាក់ ជា​អ្នកទិញ​ដើម​គ្រញូង​នោះ​ពី​ប្រជាពលរដ្ឋ ។

លោក បាន បៀត ភេទ​ប្រុស អាយុ​៦១​ឆ្នាំ​ជា​អ្នកលក់​ដើម​គ្រញូង រស់នៅ​ភូមិ​តា​មុំ ឃុំ​ដូង ស្រុក​ប្រាសាទ​បល្ល័ង្ក​ប្រាប់​ថា ដើម​ក្រ​ញូ​ង​នេះ​នៅ​ក្នុង​របង​ផ្ទះ​របស់​គាត់ ចាប់​តាំង​ពី​គាត់​មក​រស់នៅ​ទី​នេះ ។ គាត់​លក់​ក្នុង​តម្លៃ​៥០០០​ដុល្លារ គេ​ឲ្យ​លុយ​មុន​បាន​៤០០០​ដុល្លារ​ហើយ នៅ​ជំពាក់​១០០០​ដុល្លារ​ទៀត សន្យា​ថា​ឲ្យ​ថ្ងៃក្រោយ ក៏​មាន​បញ្ហា​នេះ​កើត​ឡើង​តែ​ម្តង ។ លោក​ពុំ​បានដឹង​ថា ការ​លក់​និង​ការ​ទិញ​ដើម​គ្រញូង​នេះ​មានទោស​យ៉ាងណា​នោះ​ទេ ។

ជុំវិញ​បញ្ហា​នេះ មន្ត្រី​កងរាជអាវុធហត្ថ​២​រូប​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ ពីព្រោះ​ទូរស័ព្ទ​ចូល​តែ​មិន​ទទួល ។ ចំណែក​លោក គល់ ឈឿ​ន ប្រាប់​តាម​ទូរស័ព្ទ​ថា​លោក​ពុំ​មាន​ពាក់ព័ន្ធ​ក្នុង​ករណី​នោះ​ទេ ។

ចំណែក​ខាង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ប្រាប់​ថា បើ​តាម​ច្បាប់រដ្ឋបាល​ព្រៃឈើ​លេខ​០០២ ចំពោះ​ការ​កាប់​ដើម​គ្រញូង​ដែល​ច្បាប់​ហាមឃាត់ ទោះបីជា​នៅ​ក្នុង​ដី​របង​របស់​ខ្លួន​ក៏​ដោយ ក៏​ត្រូវ​សុំ​ច្បាប់​អនុញ្ញាត​ជា​មុន​ដែរ តែ​ករណី​ខាងលើ​នេះ គឺ​ពុំ​មានការ​សុំ​អនុញ្ញាត​នោះ​ទេ ។ មន្ត្រី​ដដែល​បញ្ជាក់​ថា លោក​បាន​ធ្វើ​របាយការណ៍​ជូន​ខេត្ត​រួច​ហើយ រង់ចាំ​សេចក្តីសម្រេច​របស់​ខេត្ត ទើប​មាន​ចំណាត់ការ​បន្ត ៕