ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​រាជ​ធានី​ភ្នំពេញ ៖ ដុត​សំរាម​រួច​ហើយ​មិន​ពន្លត់​​ឱ្យ​បាន​​ត្រឹម​ត្រូវធ្វើ​ឲ្យ​ប៉ើង​រងើកភ្លើង​​ឆេះ​ស្មៅ​ងាប់​ៗនៅ​ក្បែរ​ឃ្លាំង​លក់​រថយន្ត​ឆ្លង​រាល​​ដាល​ឆេះ​​សម្បក​កង់​រថយន្ត​​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៣​និង​១០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២​ មីនា នៅ​ក្នុង​ឃ្លាំង​លក់​រថយន្ត​យន្ត​មួយ​កន្លែង​យីហោ6688 ស្ថិត​តាម​បណ្ដោយ​ផ្លូវ​2004 ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​​ដឹង​ថា មុន​ពេល​កើតហេតុ​ដោយសារ​តែ​នៅ​ក្រោយ​ឃ្លាំង​លក់​រថយន្ត​ខាងលើ​មាន​​ស្មៅ​ងាប់​ៗ​ច្រើន ម្យ៉ាងទៀត​អ្នកធ្វើការ​នៅ​ទីនោះ​​តែង​តែ​​យក​​​កម្ទេចកម្ទី​សម្បក​កង់​រថយន្ត​ទៅ​គរ​ទុក​ចោល​នៅ​ជិត​គំនរ​សំរាម លុះ​ពេល​ដុត​​សំរាម​រួច​ហើយ​មិន​​​ពន្លត់​ឱ្យ​បាន​ត្រឹមត្រូវ​​បណ្ដាល​ឱ្យ​រងើកភ្លើង​​​​ឆាប​ឆេះ​​ស្មៅ​ដែល​ងាប់​ហើយ​​រាលដាល​​ឆេះ​ដល់​​សម្បក​​កង់​រថយន្ត​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ម្ចាស់​ឃ្លាំង​រថយន្ត​ និង​សមត្ថកិច្ច​មូលដ្ឋាន​ ​ព្រម​ទាំង​​កម្លាំង​​អន្តរាគមន៍​ខណ្ឌ​សែន​សុខ ​ដោយសារ​តែ​ម្ចាស់​ឃ្លាំង​រថយន្ត​មាន​រថយន្ត​ពន្លត់​អគ្គិ​ភ័យ​ផ្ទាល់ខ្លួន​ ​​យក​មក​បាញ់​ទឹក​ពន្លត់​ភ្លាម​ៗ ​ដើម្បី​ទប់ស្កាត់​ស្ថាន​ការ​បាន​ទាន់​ពេលវេលា ។ ​មិន​បណ្តាល​ឲ្យ​ខូចខាត​ធ្ងន់ធ្ងរ​ទេ គ្រាន់តែ​ឆេះ​ខូច​​សម្បក​​កង់​រថយន្ត​តិច​តួច​​ប៉ុណ្ណោះ ៕