ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្ត​ព្រះ​សីហ​នុ ៖ ​កាល​ពី​វេលា​ម៉ោង១១​និង​១០​នាទី​យប់​ថ្ងៃ​១ ​មីនា​ ២០១៦ នៅ​​ចំណុច​ផ្ទះ ឈ្មោះ ជី គៀង ភេទ​ស្រី អាយុ៥៣​ឆ្នាំ​ ស្ថិត​នៅ​ក្នុងភូមិ​ចាំ​ស្រី ឃុំ​កំពង់​សីលា ស្រុក​កំពង់​សីលា​ មាន​ករណី​មនុស្សឃាត​មួយ​បាន​កើតឡើង​បង្កដោយ​ឈ្មោះ​ ខេន វ៉ា​ន់ ភេទ​ប្រុស អាយុ៥៦​ឆ្នាំ ​ជា​​កសិករ មាន​ទីលំនៅ​ភូមិ​ថ្មី ឃុំ​កំពង់​សីលា ស្រុក​កំពង់​សីលា ​​បាន​​យក​ពូថៅ​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ ភួ​ន វិចិត្រ ភេទ​ប្រុស អាយុ៤៧​ឆ្នាំ ​ជា​​កម្មករ មាន​ទីលំនៅ​ភូមិ​ព្រៃ​ប្រសិទ្ធិ ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សីលា ​ត្រូវ​ចំក្បាល​ចំនួន៥​ពូថៅ និង​ស្មា​១​ពូថៅ​ បណ្តាល​ឱ្យ​​ដួល​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ​រួច​ជន​ដៃ​ដល់​​​ជិះ​ម៉ូតូ​​គេច​ខ្លួន​​​បាត់ ។

​ក្រោយ​ពី​ទទួល​បាន​ព័​ត៌មាន​ភ្លាមៗ​ ​កម្លាំង​សមត្ថកិច្ច​​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​និង​ផ្ទះ​របស់​ជនដៃដល់​​ឈ្មោះ ខេន  វ៉ា​ន់ ​ប៉ុន្តែ​ជន​ដៃ​ដល់​​បាន​រត់គេច​​ខ្លួនបាត់​បន្សល់​ទុក​ម៉ូតូ​នៅ​ខាងក្រោម​ផ្ទះ ​ដោយ​មាន​ប្រឡាក់​ឈាម​នៅ​​ជាប់​​ម៉ូតូ​ ។​ ករណី​ខាងលើ ​សង្ស័យ​បណ្តាល​មក​ពី​ជន​​ដៃ​ដល់​តាម​ស្រឡាញ់ប្រពន្ធ​ជន​រង​គ្រោះ​មិន​បាន​ ។​

​​ម៉ូតូ​​ជន​ដៃ​ដល់​ ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ​​​ហើយ​កម្លាំង​សមត្ថកិច្ច​បាន​និង​កំពុង​​ស្រាវជ្រាវ​តាម​រក​ចាប់​ខ្លួន​​ជន​ដៃដល់​មក​ផ្តន្ទា​ទោស​តាម​ច្បាប់ ៕