Hun Sen Cup៖ ពូល​B ប្រកួតបើក​ឆាក​ថ្ងៃ​នេះ តែ​១០​ក្រុមទៀតប្រកួត​បញ្ចប់​ជើង​ទី​១

ខណៈ​ក្រុម​ចំនួន​៤ ដែល​ឈរ​នៅ​ពូល​E និង​ពូល​F បាន​បញ្ចប់​ការប្រកួត​ជម្រុះ​ជា​បឋម​ ក្នុង​ការ​ប្រកួត​បាល់​​ទាត់​ពាន​រង្វាន់​សម្តេច​ហ៊ុនសែន លើក​ទី​១០ ឆ្នាំ​២០១៦ របស់​ខ្លួនទៅ​ហើយ​នោះ ក្រុម​ឈរ​នៅ​ពូលA ទើប​តែ​ចាប់​ដំណើរ​ការ​ប្រកួត​បើក​ឆាក​ នៅ​ថ្ងៃ​ពុធ​នេះ​ទេ រីឯ​ក្រុម​ចំនួន​១០​ទៀត នឹង​ត្រូវ​​ប្រកួត​បញ្ចប់​ការ​ប្រកួត​ជម្រុះ​ជើង​ទី​១ នៅ​ថ្ងៃ​នេះ​ដែរ មុន​ពេល​ពួក​គេ​ប្រកួត​ជើង​ទី​២ ដើម្បី​រក​ក្រុម​លេខ​១ និង​លេខ​៣ ឡើង​ទៅ​កាន់​វគ្គ​បន្ត។

kh-soccer-1

ការ​ទើប​តែ​ចាប់​ផ្តើម​ប្រកួត​រវាង​ក្រុម​ឈរ​នៅ​ពូល​A​នេះ គឺ​ដោយ​សារ​តែ​ក្រុម​នេះ​​មាន​ក្រុម​ចូល​រួម​តែ​២​ក្រុម​ទៀត ដែល​មាន​ការ​ប្រកួត​ក្រៅ​ទឹក​ដី និង​ក្រៅ​ទឹក​ដី​ដូច​ពូល​ផ្សេងៗ​ទៀត​ដែរ ខណៈ​ការ​ប្រកួត​បើក​ឆាក​នៅ​រសៀល​ម៉ោង ៣:៣០ ថ្ងៃ​ពុធ​នេះ ក្រុម​ខេត្ត​កណ្តាល ត្រូវ​ស្វាគមន៍​ក្រុម​ខេត្តកំពង់​ស្ពឺ នៅ​កីឡដ្ឋាន​​ខេត្តកណ្តាល​របស់​ខ្លួន។

ចំណែក​​ក្រុម​ទាំង​៤ ឈរ​នៅ​ពូល​B នឹង​ត្រូវ​ធ្វើ​ការ​ប្រកួត​បញ្ចប់​ជើងទី​១​របស់​ខ្លួន ដោយ​ក្នុង​នោះ​ក្រុម​យុវជន​បឹង​​កេត​កំពង់​ចាម ដែល​មាន​៤ពិន្ទុ​ជាមួយ​ការ​ឈ្នះ​១ និង​ចាញ់​១ ត្រូវ​ប្រកួត​ជាមួយ​ក្រុម​​ឈ្នះ​ទាំង​២​ប្រកួត​របស់​ខេត្ត​ស្វាយ​រៀង នៅ​កីឡដ្ឋាន​​បឹង​កេត នា​រសៀល​ម៉ោង ៣:៣០ រីឯ​ក្រុម​ខេត្ត​ព្រៃ​វែង ដែល​បាន​ឈ្នះ​១ និង​ចាញ់​១​ប្រកួត​ដែរ​នោះ ​ត្រូវ​ស្វាគមន៍​ក្រុម​ចាញ់​ទាំង​២​ប្រកួត​ខេត្ត​ត្បូងឃ្មុំ នៅ​កីឡដ្ឋាន​ខេត្ត​ព្រៃវែង រសៀល​ម៉ោង ៣:៣០។ ចំពោះ​ក្រុម​៤​ទៀត ដែល​ឈរ​នៅ​ពូល​C ក៏​ប្រកួត​បញ្ចប់​ជើងទី​១​ដែរ ដោយ​ក្នុង​នោះ​ក្រុមមាន​៦​ពិន្ទុ​ពេញ សៀម​រាប​អង្គរ ត្រូវ​បើក​កីឡដ្ឋាន​ខេត្ត​សៀម​រាប​របស់​ខ្លួន ដើម្បី​​ទទួល​ភ្ញៀវ​ក្រុមខេត្ត​ឧត្តរ​មាន​ជ័យ ដែល​ទើប​តែ​មាន​៤​ពិន្ទុ នា​រសៀល​ម៉ោង ៣:៣០ ខណៈ​ក្រុម​មាន​៤ពិន្ទុ​ដូច​គ្នា​គឺ អ.ហ​ខេត្តកំពង់​ធំ ត្រូវ​ប្រកួតជាមួយ​ក្រុម​ចាញ់​ទាំង​២​ប្រកួត​ខេត្ត​ព្រះ​វិហារ នៅ​កីឡដ្ឋាន​ខេត្ត​កំពង់​ធំ ម៉ោង ៣:៣០ ដូច​គ្នា។

kh-soccer-2

យ៉ាង​ណា​មិញពូល​D ដែល​មាន​ក្រុម​ចូល​រួម​ចំនួន​៣​នោះ ក៏នឹង​ត្រូវ​ប្រកួតបញ្ចប់​ជើង​ទី​១​របស់​ខ្លួន​ផង​ដែរ ខណៈ​ពេលនេះ​ក្រុម​ខេត្ត​កំពង់​ឆ្នាំង បាន​ឈ្នះ​ទាំង​២​ប្រកួត​ជាប់ៗ​គ្នា និង​មាន​៦ពិន្ទុ​ខ្ពស់​ជាង​គេ រីឯ​ការ​ប្រកួត​នៅ​ថ្ងៃ​នេះ​ក្រុម​មាន​សូន្យ​ពិន្ទុ​ដូច​គ្នា​គឺ​ក្រុម​ខេត្ត​ប៉ៃលិន និង​ខេត្ត​បាត់​ដំបង ត្រូវ​ប្រកួត​គ្នា នៅ​កីឡដ្ឋាន​ខេត្ត​បាត់ដំបង នា​រសៀល​ម៉ោង ៣:៣០៕