Manchester City មានសង្ឃឹម​ខ្ពស់ក្នុងការប្រកួតជាមួយ Liverpool នៅ​រាត្រីនេះ​

ខ្សែ​ការ​ពារ Pablo Zabaleta របស់​ក្រុម Manchester City ពោរ​ពេញ​ដោយ​ការ​ជឿ​ជាក់​ថា ការ​ទទួល​ជោគ​ជ័យ​នៅ​កីឡ​ដ្ឋាន Wembley របស់​ក្រុម​ខ្លួន​ក្នុង​ការ​ប្រកួត​ពាន League Cup វគ្គ​ផ្តាច់​ព្រ័ត្រ នៅ​ពេល​ប្រកួត​ជា​មួយ​ក្រុម Liverpool អាច​នឹង​ជួយ​ឲ្យ​ពួក​គេ​ឈ្នះ​ពាន​បន្ថែម​ទៀត​ទាំង​ក្នុង​ស្រុក និង​​ពាន​ក្រៅ​ប្រទេស​។

manchester-cityក្រុមរ​បស់​លោក Manuel Pellegrini នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ជួប​ក្រុម Liverpool ម្តង​ទៀត​ក្នុង​ក្រប​ខ័ណ្ឌ Premier League​ នៅ​រាត្រី​នេះ ពោល​គឺ​ត្រឹម​តែ​រយៈ​​ពេល​៣​ថ្ងៃ ក្រោយ​ពី​បាន​ផ្តួល​ក្រុម​នេះ​ក្នុង​លទ្ធ​ផល ៣-១ ដោយ​ការ​ស៊ុត​បាល់​ប៉េ​ណាល់​ទី​​ក្នុង​វក្គ​ផ្តាច់​​ព្រ័ត្រ បន្ទាប់​ពី​បញ្ចប់​ក្នុង​លទ្ធ​ផល​ស្មើ ១-១ ក្នុង​នា​ទី​បន្ថែម​១៥​នាទី​ពីរ​ដង​។ Man City កំពុង​តែ​ដេញ​តាម​ពី​ក្រោយ​ក្រុម​កំពុង​នាំ​មុខ Leicester City ចំនួន​៩​ពិន្ទុ ហើយ​ក៏​​នៅ​តែ​​មាន​វត្ត​មាន​ក្នុង​ក្រប​ខ័ណ្ឌ Champions League ផង​ដែរ ក្រោយ​ពី​បាន​កត់​ត្រា​ជ័យ​ជម្នះ ៣-១ ក្នុង​ការ​ប្រកួត​ជើង​ទី​មួយ វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នៅ​លើ​​ទឹក​ដី​ក្រុម Dynamo Kiev​។

ខ្សែ​ការ​ពារ Zabaleta​ ជឿ​ជាក់​ថា ការ​ឈ្នះ​ពាន League Cup ជា​លើក​ទី​​ពីរ​ក្នុង​រយៈ​ពេល​៣​ឆ្នាំ នឹង​លើក​ទឹក​ចិត្ត​ឲ្យ​ពួក​គេ​បន្ថែម​នូវ​ជ័យ​ជម្នះ​ជា​ច្រើន​ទៀត​។ ខ្សែ​ការ​ពារ​ស្លាប​ស្តាំ​អន្តរ​ជាតិ​អា​ហ្សង់​​ទីន​រូប​នេះ បាន​ឲ្យ​ដឹង​ថា៖ «យើង​ដឹង​ថា វា​ជា​យុទ្ធ​នា​ការ​មួយ​ផ្សេង​ទៀត ការ​ប្រកួត​ដណ្តើម​ពាន​មួយ​ផ្សេង​ទៀត​បាន​ចប់​ហើយ នៅ​​ពេល​​នេះ យើង​មាន​ពេល​គ្រប់​គ្រាន់​ក្នុង​ការ​ផ្តោត​អារម្មណ៍​ទៅ​លើ​ក្រប​ខ័ណ្ឌ Premier League និង Champions League​»​។ Zabaleta បាន​ប្រាប់​បន្ត​ថា៖ «យើង​ដឹង​ពី​សារ​សំខាន់​នៅ​ពេល​នេះ​​ក្នុង​ការ​​ដាស់​អារម្មណ៍​របស់​​កីឡាករ​ទាំ​ងអស់ ហើយ​ភាគ​ច្រើន​នៃ​ពួក​គេ មាន​ភាព​រឹង​មាំ​នៅ​ពេល​នេះ ពី​ព្រោះ​យើង មាន​ការ​ប្រកួត​ធំ​ៗ​ជា​ច្រើន​នៅ​ចំពោះ​មុខ​ចាប់​ពី​ពេល​នេះ រហូត​ដល់​បញ្ចប់​»​។ កីឡាករ​រូបនេះ​បានបន្ថែម​ទៀត​​ថា៖ «យើង​ត្រូវ​តែ​ស្វែង​ជ័យ​ជម្នះ​នៅ​​ថ្ងៃ​ពុធ​នេះ និង​វិល​ទៅ​កាន់​ភាព​ខ្លាំង​ម្តង​ទៀត​វិញ​។ វា​នៅ​តែ​មាន​៣៦​ពិន្ទុ​ទៀត​ដើម្បី​ដណ្តើម​យក​ក្នុង​ក្រប​ខ័ណ្ឌ Premier League ដែល​ជា​ការ​ប្រកួត​ដ៏ច្រើន​»​​៕

កម្មវិធី​ប្រកួត​រាត្រី​នេះ​

Arsenal v Swansea – 2:45 ទៀប​ភ្លឺ
Stoke City v Newcastle Utd – 2:45 ទៀប​ភ្លឺ
West Ham v Tottenham – 2:45 ទៀប​ភ្លឺ
Liverpool v Manchester City – 2:45 ទៀប​ភ្លឺ
Manchester United v Watford – 3 ទៀប​ភ្លឺ