ជម្លោះដីធ្លី​នៅតែ​ជា​បញ្ហា​គំរាមកំហែង​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​

រហូតមកដល់​ពេលនេះ​រដ្ឋាភិបាល​លោក ហ៊ុន សែន មិនទាន់មាន​គោលនយោបាយ​ដោះស្រាយ​បញ្ចប់​ជម្លោះដីធ្លី​ប្រកបដោយ​ប្រសិទ្ធភាព​នៅឡើយ​ទេ ហើយ​ករណី​ជម្លោះដីធ្លី​នៅក្នុង​តំបន់​ខ្លះ​អូសបន្លាយ​អស់​រយៈពេល​ជាង​១០​ឆ្នាំ​មកហើយ​នៅតែ​ពុំទាន់​មាន​ដំណោះស្រាយ​សមស្រប​សម្រាប់​ប្រជាពលរដ្ឋ​រងគ្រោះ​។ លើស​នេះ​ទៅទៀត​បញ្ហា​ជម្លោះដីធ្លី​ជាច្រើន​បានកើត​ចេញពី​គោលនយោបាយ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់លោក ហ៊ុន សែន បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​រាប់ម៉ឺន​រាប់សែន​គ្រួសារ ត្រូវ​ប្រឈម​នឹង​ការបាត់បង់​ដីធ្លី​ទីជម្រក​យ៉ាង​អយុត្តិធម៌​បំផុត​។ អាជ្ញាធរ​នៃ​បណ្ដា​ខេត្ត​មួយចំនួន​ដូចជា ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ កំពង់ស្ពឺ កោះកុង សៀមរាប កំពង់ធំ ក្រចេះ និង​ព្រះវិហារ​ជាដើម មិនសូវ​យកចិត្តទុកដាក់​ជួយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ជម្លោះដីធ្លី​នោះទេ​។

​ថ្មីៗ​នេះ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​បានបង្ហាញ​របាយការណ៍​ថា វិបត្តិ​ដីធ្លី​នៅ​កម្ពុ​ជាមាន​ការថយចុះ ក៏ប៉ុន្តែ​ក្រុមមន្ត្រី​អង្គការសិទ្ធិមនុស្ស​ដែល​ឃ្លាំមើល​ជម្លោះដីធ្លី​នៅ​កម្ពុជា​បាន​បញ្ជាក់ថា វិបត្តិ​ដីធ្លី​អូសបន្លាយ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​បានក្លាយ​ទៅជា​ជំងឺមហារីក​ពិបាក​ព្យាបាល និង​នាំ​ឲ្យ​ប្រជាពលរដ្ឋ​រងទុក្ខវេទនា​គ្មាន​ទីបញ្ចប់​។ ជាក់ស្តែង​ករណី​អ្នកស្រី ជា ខេង ភរិយា​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល ប្រើ​អំណាច​ឆក់​ប្លន់​ដីធ្លី​ប្រជាពលរដ្ឋ​នៅ​ភូមិ​ឡ​ពាង និង​ភូមិ​ផ្សេងទៀត​ក្នុង​ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង រហូតមកដល់​ពេលនេះ​មិនទាន់​ដោះស្រាយ​ចប់សព្វគ្រប់​នៅឡើយ​។ មន្ត្រី​អាជ្ញាធរ សមត្ថកិច្ច និង​មន្ត្រី​តុលាការខេត្ត​កំពង់ឆ្នាំង បាន​ឃុបឃិត​គ្នា​បម្រើ​និង​ការពារ​ផលប្រយោជន៍​អ្នកស្រី ជា ខេង យ៉ាង​ក្រអឺតក្រទម​ក្នុងខណៈដែល​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ត្រូវ​ប្រឈម​នឹង​ការបាត់បង់​ដីធ្លី​។

តាម​របាយការណ៍​រប​ស់​អង្គការសិទ្ធិមនុស្ស​លីកាដូ បាន​រកឃើញថា នៅ​ឆ្នាំ​២០១៥​ជម្លោះដីធ្លី​មានការ​ថយចុះ​ជាង​ឆ្នាំ​២០១៤ ព្រោះ​ក្នុង​ឆ្នាំ​២០១៥​អង្គការ​នេះ​ទទួលបាន​ពាក្យបណ្ដឹង​តែ​៩៨​ករណី ហើយ​កាលពី​ឆ្នាំ​២០១៤​មាន​ជម្លោះដីធ្លី​១១២​ករណី​។ ទោះជា​យ៉ាងណា​មន្ត្រី​អង្គការ​លីកាដូ បាន​បញ្ជាក់ថា ជម្លោះដីធ្លី​នៅតែ​ជាការ​គំរាមកំហែង​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​នៅឡើយ ហើយ​ថា​អ្វីដែល​ក្រសួង​រៀបចំ​ដែនដី​បាន​រកឃើញ​គ្រាន់តែ​ជា​ផ្នែក​មួយ ព្រោះ​នៅមាន​វិ​ប​តិ្ត​ដីធ្លី​ជាច្រើន​កន្លែង​មិនទាន់​ត្រូវបាន​ដោះស្រាយ​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​លើកឡើងថា ការដែល​ប្រជាពលរដ្ឋ​រងគ្រោះ​មិនសូវ​ឡើងមក​តវ៉ា​នៅ​រាជធានី​ភ្នំពេញ​ដូច​កាលពីមុន មិនមែន​មានន័យថា​ជ​ម្លោះ​ដីធ្លី​មានការ​ថយចុះ​នោះទេ​។

​ក្រុមមន្ត្រី​អង្គការសិទ្ធិមនុស្ស​បាន​រិះគន់​ចំៗ​ថា ការដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​រាប់លាន​ហិកតា​ឲ្យ​ក្រុមហ៊ុន​យួន​និង​ក្រុមហ៊ុន​ចិន គឺជា​កត្តា​ដែល​នាំ​ឲ្យ​កើតមាន​ជម្លោះដីធ្លី​យ៉ាង​ពេញបន្ទុក​ដូចជា នៅ​ខេត្តក្រចេះ រតនគិរី មណ្ឌលគិរី កំពង់ធំ និង​ខេត្តព្រះវិហារ​ជាដើម​។ ជាងនេះទៅទៀត​ក្រុមហ៊ុន​យួន​និង​ក្រុមហ៊ុន​ចិន មិនបាន​ដាំ​កៅស៊ូ​ឬ​ដំណាំ​ក​សិ​-​ឧស្សាហកម្ម​ផ្សេងៗ​តាម​កិច្ចសន្យា​ជាមួយ​រដ្ឋាភិបាល​នោះទេ ដោយ​ក្រុមហ៊ុន​ខ្លះ​កាប់​ឈើ​លក់​អស់​ទុក​ដី​ចោល​ឬ​ប្រគល់​រដ្ឋាភិបាល​វិញ​។ មិនតែប៉ុណ្ណោះ​ក្រុមហ៊ុន​ខ្លះ​មិន​ត្រឹមតែ​កាប់​ឈើ​ក្នុង​បិ​រវេ​ណ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់ខ្លួន​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​បំពាន​កាប់​ឈើ​ក្នុងព្រៃ​សហគមន៍​និង​ព្រៃ​ការពារ​យ៉ាង​មហន្តរាយ​ដោយ​គ្មាន​ញញើត​អ្វី​ឡើយ​៕

b4470bc3-222b-4104-95d6-76ae9dbbcc71ប្រជាពលរដ្ឋរងគ្រោះដោយសារជម្លោះដីធ្លីនៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ  1-2016-01-09ប្រជាពលរដ្ឋរងគ្រោះដោយសារជម្លោះដីធ្លីនៅភូមិឡពាង ខេត្តកំពង់ឆ្នាំង image5ប្រជាពលរដ្ឋភូមិឡពាង ដាក់បណ្ដាសាអ្នកឆក់ប្លន់ដីធ្លី