វិចារណថាៈ មេរៀនសម្រាប់ សមត្ថកិច្ចនៅ តាមមូលដ្ឋាន

ការដែលនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការ នគរបាល រាជធានីភ្នំពេញ ប្រកាសដកហូតតំណែង លោក ដួង វណ្ណៈ នាយប៉ុស្តិ៍ស្តីទីនៃប៉ុស្តិ៍  នគរបាលរដ្ឋបាលសង្កាត់ភ្នំពេញថ្មី កាលពីថ្ងៃ ទី០១ ខែមីនា ឆ្នាំ២០១៦ គឺជាការព្រមាណដល់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល តាមបណ្តាសង្កាត់នានាផងដែរ។ ដោយហេតុថាលោក ដួង វណ្ណៈ នាយប៉ុស្តិ៍ស្តីទីនៃប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ភ្នំពេញថ្មី ដែលត្រៀមឡើង ធ្វើជានាយ ប៉ុស្តិ៍ពេញសិទ្ធិនោះបែរជាមិនយកចិត្តទុកដាក់ ពង្រឹងសន្តិសុខក្នុងមូលដ្ឋានហើយ បណ្តោយ អោយក្រុមចោរលួច ចោរគាស់ផ្ទះប្រជាពលរដ្ឋ យកទ្រព្យសម្បត្តិ ក៏ដូចជាក្រុមអ្នកជក់គ្រឿង ញៀនដើរធ្វើ សកម្មភាពយ៉ាងអនាធិបតេយ្យទៅវិញ។ ជាងនេះទៅទៀត នៅពេលដែលប្រជាពលរដ្ឋ ចាប់បានក្រុមចោរ និងវត្ថុតាង យកទៅប្រគល់ឲ្យលោក ដួង វណ្ណៈ គឺនាយប៉ុស្តិ៍ស្តីទី រូបនេះបែរជាដោះលែងក្រុមចោរស្រួលៗ ធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាចយ៉ាងខ្លាំង។

តាមរយៈវេទិកាសាធារណៈស្តីពីអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពកាលពីព្រឹកថ្ងៃ ទី០១ ខែមីនា ឆ្នាំ២០១៦ ក្រោយអធិបតីភាពនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការ នគរបាលរាជធានីភ្នំពេញ បានបង្ហាញ យ៉ាងច្បាស់ពីភាពអសកម្មរបស់លោក ដួង វណ្ណៈ នាយ ប៉ុស្តិ៍ស្តីទី នៃប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ភ្នំពេញថ្មី។ តំណាងប្រជាពលរដ្ឋជាច្រើនរូបក៏ដូចជា ចៅសង្កាត់ ប្រធានក្រុម និងមេភូមិជាដើម បានបង្ហាញយ៉ាងច្បាស់ អំពីកំហុសរបស់លោក ដួង វណ្ណៈ ដូច្នេះលោក ដួង វណ្ណៈ មិនអាចបិទបាំងការពិតបានឡើយ ព្រោះមានសាក្សី ជាច្រើន  បានលាតត្រដាងរឿងពិតអស់ទៅហើយ។ ដូច្នេះការដែលនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការ នគរបាលរាជធានីភ្នំពេញសម្រេចដកហូតតំណែងលោក ដួង វណ្ណៈ នៅចំពោះមុខ ប្រជាពលរដ្ឋសង្កាត់ភ្នំពេញថ្មី និងមន្ត្រីអាជ្ញាធរមូលដ្ឋាន គឺជារឿងសមស្របទៅតាមស្ថានភាព ជាក់ស្តែង។ ដោយហេតុថា សមត្ថកិច្ចមូលដ្ឋាន ដែលមិនយកចិត្តទុកដាក់ការពារសន្តិសុខ និងផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ មិនគួរទុកឲ្យធ្វើការងារ បន្តទៀតឡើយ។

មជ្ឈដ្ឋាននានាបានកត់សម្គាល់ថា ការដកហូតតំណែងនាយប៉ុស្តិ៍ស្តីទីនៃប៉ុស្តិ៍នគរបាល រដ្ឋបាលសង្កាត់ភ្នំពេញថ្មី កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦ គឺជាការព្រមានដល់នាយប៉ុស្តិ៍ នគរបាលរដ្ឋបាលនានាទូទាំង រាជធានី ភ្នំពេញផងដែរ។ ដោយហេតុថា តាមសង្កាត់មួយចំនួន ដូចជាសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជាដើមបទល្មើស លួច ឆក់ ប្លន់ បទល្មើសចែកចាយ ជួញដូរនិងប្រើប្រាស់គ្រឿងញៀន ក៏ដូចជាល្បែងស៊ីសង កំពុងកើតឡើងយ៉ាង ពេញបន្ទុក ហើយមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានមិនយកចិត្តទុកដាក់ពង្រឹងសន្តិសុខសង្គមឲ្យបាន ប្រសើរ នោះទេ។ នៅក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (ប្លុកទល់មុខពេទ្យ លោកសង្ឃ) ក្នុងមួយខែៗ សមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថ បង្ក្រាប់បទល្មើសចែក ចាយជួញដូរប្រើប្រាស់គ្រឿងញៀន ជាច្រើន លើកប៉ុន្តែបទល្មើស នៅតែកើតឡើងយ៉ាងរាល ដាលពុំមានការថយចុះឡើយ។ ប្រការនេះបានបង្ហាញ អំពីភាពអសកម្មរបស់នាយប៉ុស្តិ៍នគរ បាលរដ្ឋបាលសង្កាត់ទឹកថ្លា ដែលមិនយកចិត្តទុកដាក់បង្ក្រាបបទល្មើស ហេតុនេះនាយ ឧត្តម សេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ មិនគួរមើលរំលងនោះទេ។

ដូចគ្នានេះដែរ ប្រជាពលរដ្ឋសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញក៏បានឲ្យដឹងដែរថា ក្នុងមូល ដ្ឋានរបស់ពួកគាត់បទល្មើសផ្សេងៗ ដូចជាអំពើចោរកម្ម ល្បែងស៊ីសង និង បទល្មើសគ្រឿងញៀន កំពុងកើត ឡើង យ៉ាងពេញបន្ទុក ហើយសមត្ថកិច្ចនគរបាលខណ្ឌទួល គោកនិងសមត្ថកិច្ច នគរបាលប៉ុស្តិ៍បឹងសាឡាង មិនយកចិត្តទុកដាក់បង្ក្រាបឡើយ។ កន្លងមក ធ្លាប់មានសេចក្តីរាយការណ៍ថា នៅផ្ទះសំណាក់៧ពណ៌ ដែលនៅ មិនឆ្ងាយប៉ុន្មានពីស្នាក់ការ ប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់បឹងសាឡាង និងសាលាសង្កាត់មានករណីចែក ចាយ ជួញដូរ ប្រើប្រាស់គ្រឿងញៀនយ៉ាងពេញបន្ទុក ប៉ុន្តែសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចនគរបាល ខណ្ឌទួលគោក មិនបង្ក្រាបឡើយ។ លើសនេះទៅទៀតជាញឹកញាប់ចោរឆក់ តែងធ្វើសកម្ម ភាពឆក់យកទូរស័ព្ទនិងកាបូបលុយ ពីប្រជាពលរដ្ឋតាមដងផ្លូវលេខ ២៦១ មុខអធិការដ្ឋាន នគរបាលខណ្ឌទួលគោកតែម្តង ហើយសមត្ថកិច្ចមែន ដែលបង្ក្រាបបាននោះទេ ។

នៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យក៏មានសេចក្តីរាយការណ៍ពីរឿងនាយប៉ុស្តិ៍ នគរបាលរដ្ឋបាល សង្កាត់នេះ មិនយកចិត្តទុកដាក់រក្សាសន្តិសុខ សង្គមក្នុងមូលដ្ឋានរបស់ ខ្លួន ដែរហើយបណ្តោយឲ្យល្បែង កន្ទុយលេខ ភ្នាល់បាល់ទាត់  បញ្ជល់មាន់កើតឡើង យ៉ាង អនាធិបតេយ្យ។ ដូច្នេះការដែលនាយ ឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានី ភ្នំពេញចាត់វិធានការលើលោក ដួង វណ្ណៈ នាយប៉ុស្តិ៍ស្តីទីនៃប៉ុស្តិ៍ នគរបាលរដ្ឋបាលសង្កាត់ ភ្នំពេញថ្មីកាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦ គឺជាការដាស់តឿនដល់នាយ នគរបាលប៉ុស្តិ៍ និង នាយប៉ុស្តិ៍ស្តីទីតាមបណ្តាសង្កាត់នានា ក្នុងរាជធានីភ្នំពេញឲ្យ យកចិត្តទុកដាក់បំពេញ យ៉ាងងាយតាមតួនាទីរបស់ខ្លួនក្នុងការបម្រើប្រជាពលរដ្ឋ។ ក្នុងនោះសមត្ថកិច្ចនគរបាល មូលដ្ឋានគ្រប់ឃុំ-សង្កាត់នៅទូទាំងប្រទេស គួរអនុវត្តន៍ដោយយកចិត្តទុកដាក់ចំពោះ គោលនយោភូមិ-ឃុំមានសុវត្ថិភាពទាំង៩ ចំណុចដើម្បីពង្រឹងសន្តិសុខសង្គម ជួយឲ្យប្រជាពលរដ្ឋអាចប្រកបរបរទទួលទាន និងរស់នៅដោយសុខសាន្ត៕