រក​ឃើញ​​​​មេដឹកនាំ​ Bin Laden ​​បន្សល់​ទ្រព្យ​​២៩​លាន​ដុល្លារ​ ឲ្យ​ក្រុម​ជីហាត

​​​អតីត​​មេដឹកនាំ​ក្រុម​ភេរវករ​អាល់កៃដា លោក Osama Bin Laden ​​​ត្រូវ​បាន​គេ​រក​ឃើញ​​ថា បន្សល់​ទ្រព្យ​​ផ្ទាល់​ខ្លួន​​ប្រមាណ ២៩លានដុល្លារ​អាមេរិក​​​​​​ សម្រាប់​​​ក្រុម​ខ្លួន ​ក្រោយ​​​ការ​ស្លាប់​របស់​លោក​​ក្នុង​ការ​វាយ​ឆ្មក់​​របស់អាមេរិក​​ក្នុង​ឆ្នាំ ២០១១។

 

រក​ឃើញ​​​​មេដឹកនាំ​ Bin Laden ​​បន្សល់​ទ្រព្យ​​២៩​លាន​ដុល្លារ​ ឲ្យ​ក្រុម​ជីហាត

 

ឯក​សារ​​​​​ជាច្រើន​ត្រូវ​បាន​​រក​ឃើញ និង​​ផ្សព្វផ្សាយ​លើ​សារព័ត៌មាន​អាមេរិក​ ​បន្ទាប់​​ពីលោក​​រង​ការ​វាយ​ប្រហារ​​​​​នៅ​ទីក្រុង Abbotabad ​ប្រទេស​ប៉ាគីស្ថាន។ ​Bin Laden ​បាន​ជំរុញ​​​ឲ្យ​​ក្រុម​គ្រួសារ​​​គោរព​​បំណង​ខ្លួន​ ដោយ​​​ចំណាយ​​​​ទ្រព្យ​សម្បត្តិ​​​ទៅ​លើ​ក្រុម​ជីហាត​​អាល់កៃដា ​ដើម្បី​​ជា​ផលប្រយោជន៍​​​ដល់​ព្រះអាឡា។ ​​ទ្រព្យ​​​របស់​លោក​ ​ត្រូវ​បាន​​ទុក​​នៅ​ក្នុង​ប្រទេស​ស៊ូដង់ ​ប៉ុន្តែ​គេ​មិន​ច្បាស់​ថា​ជា​​លុយ​សុទ្ធ ​ឬ​​ទ្រព្យ​សម្បត្តិ​ឡើយ។

 

Bin Laden ​រស់​នៅ​ក្នុង​ប្រទេស​ស៊ូដង់​​រយៈពេល ៥ឆ្នាំ តាំង​ពី​​ឆ្នាំ ១៩៩០ ក្នុង​នាម​​ជា​ភ្ញៀវ​​របស់​រដ្ឋាភិបាល​ស៊ូដង់។ ​សំបុត្រ​ជា​ច្រើន​​ទៀត​ ​ដែល​ទើប​ត្រូវ​បាន​គេ​លាត​ត្រដាង​ និង​ផ្សព្វផ្សាយ​ថ្ងៃ​អង្គារ​ម្សិលមិញ​​​មាន៖ ​

 

១. លោក​ជំរុញ​ឲ្យ​​អាមេរិក​​​ប្រយុទ្ធ​ប្រឆាំង​​នឹង​​គ្រោះ​មហន្តរាយ​​​​បម្រែបម្រួល​អាកាសធាតុ ​និង​​ជួយ​សង្គ្រោះ​មនុស្ស​ជាតិ។
២. ​សំបុត្រ​មួយ​ទៀត​ ​​​និយាយ​ថា​គាត់​ខ្លាច​​គ្រូពេទ្យ​ធ្មេញ​ម្នាក់ ​​បង្កប់​​ឧបករណ៍​តាម​ដាន​​​​ក្នុង​ធ្មេញ​របស់​ប្រពន្ធ​គាត់។
៣. រៀបចំ​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​​​​​ការ​ប្រារព្ធ​ខួប​ ១០​ឆ្នាំ​​នៃ​​​ការ​វាយ​ប្រហារ​​អគារ​ពាណិជ្ជកម្ម​អាមេរិក ១១ ​កញ្ញា។

 

លោក​ក៏​បាន​វាយ​តម្លៃ​​​លើ​ការ​វិវឌ្ឍ​សង្គ្រាម​​ភេរវករ​​នៅ​​បណ្ដា​ប្រទេស​លោក​ខាង​លិច ​និង​យុទ្ធនាការ​​​យោធា​អាមេរិក​នៅ​អាហ្វហ្គានីស្ថានដែរ​។ Bin Laden ​សរសេរ​៖ “​ក្រុម​ភេរវករ ​គិត​ថា​សង្គ្រាម​​​ជា​រឿង​ងាយ​ស្រួល​​ធ្វើ​ឲ្យ​កើត​មាន ​​ហើយ​ពួកគេ​​នឹង​សម្រេច​គោល​បំណង​បាន​​​ក្នុង​រយៈ​ពេល​ពីរបី​ថ្ងៃ​ ឬ​សប្ដាហ៍​ប៉ុណ្ណោះ។​ ​យើង​ត្រូវ​តែ​​​អំណត់​អត់​ធន់​ បន្តិច​ទៀត។ មាន​ការ​​អត់​ទ្រាំ ​​មាន​ជ័យ​ជម្នះ”។ ទាំង​នេះ​សុទ្ធតែ​​ជា​សារ​​​សំខាន់​ៗ​នៅ​ក្នុង​សំបុត្រ​​ដែល​គេ​​ទម្លាយ​ឲ្យ​ដឹង។

សូម​បញ្ជាក់​ថា ​ក្រោយ​ Bin Laden ​ត្រូវ​កង​កម្លាំង​ពិសេស​អាមេរិក​​វាយ​ឆ្មក់​ក្នុង​ខែ​ឧសភា ឆ្នាំ ២០១១​មក​ ​ក្រុម​ភេរវករ​ អាល់ដៃ ​ត្រូវ​បាន​ដឹក​នាំ​​ដោយ​អតីត​​​មេបញ្ជាការ​ទីពីរ​​លោក Ayman al-Zawahiri បន្ត​ទៀត៕

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ BBC​​