បច្ចេកទេស​ដូរ​កង់​ឡាន​បែក​តាម​ផ្លូវ​ ​នារីៗ​ក៏​អាច​​ធ្វើ​បាន

ឡាន​បែក​កង់​តាម​ផ្លូវ​ជា​រឿង​ឈឺ​ក្បាល​សម្រាប់​ម្ចាស់​រថយន្ត​គ្រប់​រូប ដោយ​ត្រូវ​ដោះដូរ​ដាក់​កង់​សា​គួរ ដែល​ត្រូវ​ទាមទារ​បច្ចេកទេស​ត្រឹម​ត្រូវ​​ក្នុង​ការ​ដោះដូរ។

 

បច្ចេកទេស​ដូរ​កង់​ឡាន​បែក​តាម​ផ្លូវ​ ​នារីៗ​ក៏​អាច​​ធ្វើ​បាន

 

លោក​ប៊ុន សុង​អ្នក​ជំនាញ​ផ្នែក​ជួសជុល​រថយន្ត បាន​បញ្ជាក់​ថា តាម​ការ​ពិត​ការ​ដោះដូរ​កង់​ពុំ​មែន​ជា​រឿង​លំបាក តែ​ក៏​ពុំ​បាន​ន័យ​ថា​ងាយ​ស្រួល​ពេក​ដែរ។ លោក​ថា រាល់​រថយន្ត​ទាំង​អស់​តែង​មាន​ដាក់​កង់​សា​គួរ​និង​ឧបករណ៍​សម្រាប់​ដូយ​ឱ្យ​រថយន្ត​ហើប​ឡើង​ងាយ​ស្រួល​ក្នុង​ការ​ដោះ​ដោះដូរ​កង់។

 

អ្នក​ជំនាញ​រូប​នេះ​បន្ត​​ថា ដើម្បី​ដោះដូរ​កង់​ថ្មី​ជំនួស​កង់​ឡាន​ដែល​បែក ដំបូង​ត្រូវ​បន្ធូរ​ខ្ចៅ​ទាំង ៥​នៃ​កង់​ឡាន​បន្តិច សឹម​យក​ឧបករណ៍​ដូយ​បង្ហើប​កង់​ឡាន​ឡើង។ ចំពោះ​ឧបករណ៍​ដូយ​ត្រូវ​ដាក់​ឱ្យ​ចំ​ដែក​ធ្នឹម​ឡាន​ផ្នែក​ខាង​ក្រោម។

 

នៅ​ពេល​កង់​ឡាន​ហើប​ផុត​ពី​ដី​ល្មម​អាច​ដោះ​កង់​បាន ត្រូវ​បន្ត​ដោះ​ខ្ចៅ​កង់​ឡាន​បែក​ចេញ ហើយ​ដាក់​កង់​ឡាន​ថ្មី​ចូល បន្ទាប់​មក​មួល​ខ្ចៅ​ចូល​រាង​តឹង​បន្តិច រួច​សឹង​ដូយ​កង់​ឡាន​ចុះ​ក្រោម។ ក្រោយ​ពេល​ឡាន​ដូយ​ចុះ​ក្រោម ហើយ​កង់​ឡាន​ដែល​ទើប​ប្តូរ​នៅ​ផ្អឹប​នឹង​ដី ត្រូវ​មួល​ខ្ចៅ​បន្តឹង​ឱ្យ​ខ្លាំង ដើម្បី​ធានា​​បាន​ថា​ខ្ចៅ​កង់​ឡាន​ទើប​ដូរ​តឹង​ណែន​ល្អ។

 

 

លោក សុង​ថា ការ​បច្ចេកទេស​ងាយៗ​ខាង​លើ​នេះ នារីៗ​ក៏​អាច​ធ្វើ​បាន​ដែរ គ្រាន់​តែ​ថា​ត្រូវ​ប្រើ​កម្លាំង​រាង​ខ្លាំង​បន្តិច​សម្រាប់​ការ​មួល​ខ្ចៅ​និង​លើក​កង់​រថយន្ត៕

 

អត្ថបទ៖ ប៉ែត ផាន់និត