អ្វីៗ​នឹង​ផ្លាស់ប្តូរ

​លោក ឃុ​ត សុខឿនអ្នកចាត់ចែង​កម្មវិធី​វិទ្យុ​ស្ត្រី នឹង​ជំរាបជូន​ប្រិយមិត្ត​អ្នក​ស្តាប់ នូវ​ប្រវត្តិ​របស់​បទ​ចម្រៀង​លុច​ហ្សំ​ប៊ួ​រ មួយ​បទ​ដែលមាន​ចំណងជើង​ថា " Après Toi " និង បទ​ចម្រៀង​ខ្មែរ​ដែលមាន​ចំណងជើង​ថា  "​អ្វីៗ​នឹង​ផ្លាស់ប្តូរ​"​។

​មិត្តអ្នកស្តាប់​ជាទី​មេត្រី បទ​ចម្រៀង​របស់​ប្រទេស លុច​ហ្សំ​ប៊ួ​រ ជា​ភាសា​បារាំង​ដែល​ប្រិ​យ​​មិត្ត​កំពុង​ស្តាប់​នៅពេលនេះ មាន​ចំណងជើង​ថា " Après Toi " ដែលមាន​ន័យ​ជា​ភាសា​ខ្មែរ​ថា "​បន្ទាប់ពី​គ្មាន​បង​" ។ បទ​ចម្រៀង​នេះ​បាន​ច្រៀង​រៀបរាប់​ពី​អំពី​ទុក្ខសោក​របស់​នារី ម្នាក់ ​ដែល​ត្រូវ​ព្រាត់ប្រាស់​ពី​បុរស​ជាទី​ស្រឡាញ់​របស់​នាង​។

​បទ​ចម្រៀង "Après Toi " គឺជា​បទ​ចម្រៀង ដែល​ជាប់​ចំណាត់ថ្នាក់​លេខ​១ ក្នុងការ​ប្រឡង​ចម្រៀង Eurovision Song Contest ឆ្នាំ ១៩៧២ ។ បទ​ចម្រៀង​នេះ​ច្រៀង​ដោយ​អ្នកចម្រៀង​ឈ្មោះ Vicky Leandros ដែលជា​តំណាងអោយ​ប្រទេស លុច​ហ្សំ​ប៊ួ​រ​។  បទ​ចម្រៀង "Après Toi " គឺជា​បទ​ចម្រៀង​​ទី​ពីរ​របស់ Vicky Leandros ដែល​យកមក​ប្រឡង​។ សូម​រំលឹកថា នៅ​ឆ្នាំ​១៩៦៧ នាង​Vicky Leandros បាន​ជាប់ចំណាត់ថ្នាក់​លេខ​៤ តាមរយៈ​បទ​ចម្រៀង L'amour est bleu ។​
​   
​បទ​ចម្រៀង "Après Toi" និពន្ធ​ទំនុកច្រៀង​ដោយ​លោក Yves Dessca និង លោក Klaus Munro ​និពន្ធ​បទ​ភ្លេង​ដោយ លោក Leo Leandros ដែលជា​ឪពុក​របស់​នាង​Vicky Leandros  និង លោក Klaus Munro ។​

​បន្ទាប់ពី​ជាប់​ចំណាត់ថ្នាក់​លេខ​១ បទ​ចម្រៀង "Après Toi" បាន​ល្បីល្បាញ​ពាសពេញ​ពិភពលោក​។  អ្នកចម្រៀង Vicky Leandros បាន​ថត​បទ​ចម្រៀង​នេះ​ជា​៧​ភាសា ដែល​ចម្រៀង​ដោយ​ខ្លួន​នាង​ផ្ទាល់​គឺ ​ភាសា​បារាំង ភាសា​អង់គ្លេស ភាសា​អ៊ីតាលី ភាសា អាល្លឺម៉ង់ ភាសា​អេ​ស្ប៉ា​ញ ភាសា​ក្រិ​ក ​ភាសា​ជប៉ុន​។ បទ​ចម្រៀង​ទាំងនោះ បាន លក់ ដាច់​ជាង​៦​លាន​ថាស ហើយ​បានទទួល​ពានរង្វាន់ "​ថាស​ចម្រៀង​មាស​" ។

​នៅ​ចក្រភព​អង់គ្លេស បទ​ចម្រៀង​នេះ​បាន​ចេញលក់​ក្រោម​ចំណងជើង​ថា Come What May ។​ Come What May ជា​វោហា​សព្ទ​របស់​ភាសា​អង់គ្លេស​ដែល​មានន័យថា "​ទោះបីជា មានរឿង​អ្វី​កើតឡើង​ក៏ដោយ​"​។ បទ​ចម្រៀង Come What May បាន​លក់ដាច់ និង​ជាប់​​ចំណាត់ថ្នាក់​លេខ​២ ក្នុង​តារាង UK charts នៅ​ឆ្នាំ ១៩៧២ ។​

បទ​ចម្រៀង Après toi និង Come What May ទទួលបាន ការគាំទ្រ​យ៉ាងខ្លាំង​នៅក្នុង​ពិភពលោក ហើយ​បទ​ចម្រៀង​នេះ​ក៏មាន​ឥទ្ធិពល​មកដល់​ប្រទេស​កម្ពុជា​ផងដែរ​។ អ្នកចម្រៀង​​ខ្មែរ​ពីរ​នាក់ គឺ អ្នកស្រី​ហួយ មាស និង អ្នកស្រី ពៅ វណ្ណា​រី បាន​ច្រៀង​បទ​ចម្រៀង នេះ​។ ទោះយ៉ាងណា ​ទំនុក​ចម្រៀង​ដែល​ច្រៀង​ដោយ​អ្នកចម្រៀង​ទាំងពីរ​នាក់​នោះ គឺ​មិន​ដូចគ្នា​ទេ​។ ទំនុក​ចម្រៀង ​ដែល​ច្រៀង​ដោយ​អ្នកស្រី​ហួយ​មាស ដូចគ្នា​បេះបិទ​នឹង​បទ​ចម្រៀង Come What May ។ ​ឯ​ទំនុក​ចម្រៀង ដែល​ច្រៀង​ដោយ​អ្នកស្រី​ពៅ វណ្ណា​រី ហាក់​ឃ្លាតឆ្ងាយ​ពីបទ​ដើម​បន្តិច​។ ​ប៉ុន្តែ​បទ​ចម្រៀង​ជា​ភាសា​ខ្មែរ មាន​ចំណងជើង​ដូចគ្នា​គឺ "​អ្វីៗ​នឹង​ផ្លាស់ប្តូរ​"​។ 

 

​ទសវត្សរ៍​ឆ្នាំ ១៩៧០ នៅ​កម្ពុជា ត្រូវបាន​គេ​ចាត់ទុកថា ជា​យុគ​នៃ​ភាសា​អង់គ្លេស​។ ឯ​អ្នក ចម្រៀង​ដែល​និយម​ច្រៀង​បទ​ចម្រៀង​ខ្មែរ​លាយ​ភាសា​អង់គ្លេស ហើយ​មាន​ប្រជាប្រិយភាព​ជាងគេ​នៅ​សម័យ​នោះ គឺ​អ្នកស្រី ពៅ វណ្ណា​រី​។


អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​