Euro ២០១៦ អាច​នឹង​លេង​ដោយ​គ្មាន​អ្នក​គាំទ្រ បើ​មាន​បញ្ហា​ភេរវកម្ម

ព្រឹត្តិការណ៍​បាល់ទាត់​ដ៏​ធំ​ប្រចាំ​ទ្វីប​អឺរ៉ុបEuro ២០១៦ អាច​នឹង​លេង​ដោយ​បិទទ្វារ មានន័យថា មិន​អនុញ្ញាតឲ្យ​មាន​អ្នកគាំទ្រ​ទៅ​ទស្សនា​ក្នុង​ករណី​បើ​សិន​ជា​មាន​ការ​គំរាម​កំហែង​ពី​ក្រុម​ភេរវកម្ម​កើត​ឡើង។

 

Euro ២០១៦ អាច​នឹង​លេង​ដោយ​គ្មាន​អ្នក​គាំទ្រ បើ​មាន​បញ្ហា​ភេរវកម្ម

 

ផែនការ​នេះ​ត្រូវ​បាន​គិត​ទុក​ដោយសហព័ន្ធ​បាល់ទាត់​ទ្វីប​អឺរ៉ុប ដើម្បី​ត្រៀម​សម្រាប់​ព្រឹត្តិការណ៍​៤ឆ្នាំ​ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​បារាំង ទីធ្លាប់​រង​ការ​វាយ​ប្រហារ​ភេរវកម្ម នៅ​ក្នុង​រដ្ឋធានី​ប៉ារីស កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​មុន។

 

លោកMartin Kallen អ្នក​រៀប​ចំ​ការ​ប្រកួត​បាន​ថ្លែង​ថា៖ “បើ​មាន​បញ្ហា​អសន្តិសុខ​កើត​ឡើង នោះ​ការ​ប្រកួត​នឹង​លេងដោយ​មិន​ចាំ​បាច់​មាន​អ្នក​គាំទ្រ រី​ឯ​ការ​ប្ដូរការ​ប្រកួត​ទៅ​លេង​នៅ​កីឡដ្ឋាន​ផ្សេង​ ក៏​អាច​ស្ថិត​នៅ​ក្នុង​ជម្រើស​ផង​ដែរ។ ក្រៅ​ពី​នោះ​យើង​មាន​ដំណោះ​ស្រាយ​ផ្សេង​ទៀត ដូច​ជា​ការ​ផ្អាក​ប្រកួត ឬ​ប្រកួត​នៅ​ពេលក្រោយ។ យ៉ាង​ណា​ក៏​ដោយ ពេល​នេះ​មិន​មាន​សញ្ញា​អវិជ្ជមាន​ណា​មួយ​កើត​ឡើង​នៅ​ឡើយ​ទេ”។

 

គួររំលឹក​ថា កាល​ពី​ប្រកួត​មិត្តភាព​រវាង​បារាំង និង​អាល្លឺម៉ង់​នៅ​កីឡដ្ឋាន Stade de France រដ្ឋធានី​ប៉ារីស មាន​ការ​វាយប្រហារភេរវកម្ម​មួយ​បាន​កើតឡើង ដែល​បណ្ដាល​ឲ្យ​មនុស្ស​១៣០​នាក់​បាត់បង់​ជីវិត និង​ច្រើន​នាក់​ផ្សេងទៀត​រង​របួស។ កីឡដ្ឋាន Stade de France នេះ នឹង​ត្រូវ​ប្រើ​សម្រាប់​បើក​កម្មវិធី នៅថ្ងៃ១០ ខែ​មិថុនា និង​ប្រើ​សម្រាប់​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ Euro ឆ្នាំ​២០១៦៕

 

ចុចអាន៖ អេស្ប៉ាញ​ ​នឹង​ប្រកួត​មិត្តភាព​ជាមួយ​កូរ៉េខាងត្បូង​ និង​បូស្នី​មុន Euro 2016

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ BBC