បទល្មើស​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្តព្រះវិហារ នៅតែ​បន្ត​កើតមាន​យ៉ាង​រលូន​

​ក្នុងខណៈដែល​គណៈកម្មកា​រ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ កំពុងតែ​បើក​ប្រតិបត្តិការ​តាម​បទបញ្ជា​របស់លោក ហ៊ុន សែន នោះ​គឺ​ឈ្មួ​នៅតែ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្តព្រះវិហារ ចូល​ខេត្តកំពង់ធំ យ៉ាង​រលូន​ដោយមាន​ការឃុបឃិត​ជាមួយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ពុករលួយ​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ឲ្យ​លោក ឆេង គឹម​សុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ ចាត់វិធានការ​ទប់ស្កាត់​សកម្មភាព​ដឹកឈើ​ខុសច្បាប់​ក្នុង​ខេត្តព្រះវិហារ​ជាបន្ទាន់ ព្រោះ​មេ​រដ្ឋបាល​ព្រៃឈើ​ក្នុង​ខេត្ត​នេះ មិនដែល​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ប្រកបដោយ​ប្រសិទ្ធភាព​ឡើយ​។

ប្រភពពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា ស្ត្រី​ម្នាក់​ឈ្មោះ ណែម គឺជា​ឈ្មួញ​ដែល​បន្តធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើមូល​ខុសច្បាប់​ចេញពី​តំបន់​ព្រំដែន​ប្រាសាទព្រះវិហារ ចូលមក​ខេត្តកំពង់ធំ​យ៉ាង​រលូន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា កាលពី​ល្ងាច​ថ្ងៃទី​២៩ ខែកុម្ភៈ កន្លងទៅ​ថ្មីៗ​នេះ​ស្ត្រី​ឈ្មួញ​ឈើ​ឈ្មោះ ណែម បាន​ដឹក​ឈើមូល​ចេញពី​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ហុង​សុភាព នៅក្បែរ​កងពលតូច​អន្តរាគមន៍​លេខ​៧​ក្នុង​ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ សម្ដៅ​មក​ខេត្តកំពង់ធំ​។ ការដែល​ឈ្មោះ ណែម អាច​ដឹកជញ្ជូន​ឈើមូល​បាន​យ៉ាង​រលូន គឺ​ដោយសារ​គាត់​មាន​ទំនាក់ទំនង​ជាមួយ​សម​ត្ថ​កិច្ច​ជាច្រើន​កន្លែង​តាមផ្លូវ​ជាតិ​លេខ​៦២ ពី​ខេត្តព្រះវិហារ មកដល់​ព្រំប្រទល់​ខេត្តកំពង់ធំ ហើយ​ក្នុង​មួយ​យប់​ឈ្មួញ​រូបនេះ​អាច​ដឹកជញ្ជូន​ឈើ​ចាប់ពី​៣​ទៅ​៤​រថយន្ត​យី​ឌុប ហើយ​ក្នុង​មួយខែ​សរុប​ប្រមាណ​៣០​ទៅ​៤០​រថយន្ត​យី​ឌុប ដោយ​គ្រាន់តែ​បង់លុយ​ថ្លៃ​បាយទឹក​ឲ្យ​សមត្ថកិច្ច​តាម​ដងផ្លូវ​។

សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន​បាន​ឲ្យ​ដឹងថា មាន​មន្ត្រី​យោធា​ជាន់ខ្ពស់​ម្នាក់​ឋានៈ​នាយ​ឧត្ដមសេនីយ៍ គឺជា​អ្នកធ្វើ​ខ្នងបង្អែក​ឲ្យ​ស្ត្រី​ឈ្មួញ​ឈើ​ឈ្មោះ ណែម ហេតុនេះហើយ​ទើប​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​ទាល់តែសោះ​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា​ស្ត្រី​ឈ្មោះ ណែម មាន​ប្ដី​ជា​មន្ត្រី​កងរាជអាវុធហត្ថ​ក្នុង​ខេត្តកំពង់ធំ​ផងដែរ ដូច្នេះ​សមត្ថកិច្ច​តូចតាច​នៅតាម​ដងផ្លូវ​បានត្រឹមតែ​ហុចដៃ​សុំ​លុយ​តិចតួច​ពី​ឈ្មួញ​ឈើ​រូបនេះ ហើយ​នាំគ្នា​រក្សា​ភាព​ស្ងៀមស្ងាត់​។ បញ្ហា​នេះ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ គួរពិនិត្យមើល​សកម្ម​ភាព​ដឹកឈើ​របស់​ចែ​ណែម ជាបន្ទាន់​ព្រោះ​សេចក្ដីរាយការណ៍​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​សកម្មភាព​ដឹកឈើ​មូល​ពី​តំបន់​ព្រំដែន​ប្រាសាទព្រះវិហារ ឆ្លងកាត់​ផ្លូវជាតិ​លេខ​៦២ ចូលមក​ខេត្តកំពង់ធំ នៅតែ​កើតឡើង​យ៉ាង​គគ្រឹកគគ្រេង​គ្មាន​សមត្ថកិច្ច​ណា​បង្ក្រាប​ឡើយ​៕

252525លោក ឆេង គឹមសុន អគ្គនាយករដ្ឋបាលព្រៃឈើ a3-copy