ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​៣ ភូមិ​កំពង់ទួល ស្រុក​ក​ណ្ដ​ល​ស្ទឹង ជា​ប្រភព​ចំណូល​របស់​មន្ត្រី​ពុករលួយ​

ក្រុម​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៣ បាន​ឲ្យ​ដឹងថា ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ចំណុច​ភូមិ​កំពង់ទួល ស្រុក​កណ្ដាលស្ទឹង ក្រោម​ការគ្រប់គ្រង​រប​ស់លោក ជួរ ឈុន​ឡេង អនុប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកណ្ដាល បានធ្វើ​សកម្មភាព​ជំរិត​យកលុយ​ពី​ពួកគាត់​តាម​អំពើ​ចិត្ត​។ ក្រុម​ឈ្មួញ​និង​អាជីវករ​បាន​បញ្ជាក់ថា បើទោះបី​ពួកគាត់​ដឹកទំនិញ​មិន​លើស​ទម្ងន់​យ៉ាងណាក៏ដោយ ក៏​ត្រូវតែ​បង់ថ្លៃ​ក្បាល​រថយន្ត​ឲ្យ​ក្រុមមន្ត្រី​ជញ្ជីង​ថ្លឹង​រថយន្ត​ក្នុងភូមិ​កំពង់ទួល​នោះដែរ​។ ជាងនេះទៅទៀត​រថយន្ត​ធំៗ​ផ្ទុក​លើស​ទម្ងន់​អាច​បើកបរ​ឆ្លង​កាត់មុខ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ចំណុច​កំពង់ទួល​យ៉ាង​រលូន​ឲ្យ​តែ​ម្ចាស់​រថយន្ត​ទាំងនោះ​បង់លុយ​ឲ្យ​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​តាម​ការកំណត់​។

មន្ត្រីរាជការ​ក្នុង​ខេត្តកណ្ដាល បាន​ឲ្យ​ដឹងថា ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​៣ ភូមិ​កំពង់ទួល គឺជា​ប្រភព​ចំណូល​របស់លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល និង​លោក ជួរ ឈុន​ឡេង អនុប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​នេះ​។ សូម្បីតែ​រថយន្ត​ប្រជាកសិករ​ដឹក​កសិផល​ឆ្លងកាត់​ក៏ត្រូវ​បង់លុយ​ឲ្យ​ក្រុម​ជញ្ជីង​ថឹ្ល​ង​រថយន្ត​ជាប្រចាំ​ដែរ ទើប​អាច​រួច​ផុតពី​ការ​ធ្វើទុក្ខបុកម្នេញ​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា លោក លឹម ស៊ី​ដេ​នី​ន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ប្រហែល​ទទួលបាន​ចំណែក​យ៉ាងច្រើន​ពី​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​៣ ភូមិ​កំពង់ទួល ស្រុក​កណ្ដាលស្ទឹង ទើប​បណ្ដោយ​ឲ្យ​មន្ត្រី​ទាំងនោះ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ បច្ចុប្បន្ន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ភូមិ​កំពង់ទួល មិន​ខុសពី​កុងត្រូលជជុះ​ចាំ​ជំរិត​យកប្រាក់​ពី​ឈ្មួញ អាជីវករ និង​ប្រជាពលរដ្ឋ​នោះទេ ព្រោះ​រថយន្ត​ដឹក​លើស​ទម្ងន់​ឬ​មិន​លើស​ទម្ងន់​ត្រូវតែ​ចូល​បង់លុយ​ឲ្យ​ពួកគេ​។

ម្ចាស់​រថយន្ត​ដឹកទំនិញ​ក៏ដូចជា​ម្ចាស់​រថយន្ត​ដឹក​ដី ដឹក​ខ្សាច់ ឬ​ដឹក​ក្រួស​ថ្ម បាន​ឲ្យ​ដឹងថា នៅពេល​បើកបរ​ឆ្លងកាត់​មុខ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​៣ ភូមិ​កំពង់ទួល ស្រុក​កណ្ដាលស្ទឹង ទោះបី​ផ្ទុក​លើស​ទម្ងន់​ឬ​មិន​លើស​ទម្ងន់​គឺ​ពួកគេ​ត្រូវ​បង់លុយ​ចាប់ពី​២​ម៉ឺន​រៀល​រហូតដល់​១០​ម៉ឺន​រៀល​។ សកម្មភាព​របស់​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​នៅលើ​ផ្លូវជាតិ​លេខ​៣​នោះ គឺ​ពួកគេ​អាច​ប្រមូល​លុយ​ក្នុង​មួយថ្ងៃៗ​ជាច្រើន​លាន​រៀល​យកទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​តាមរបៀប​ពុករលួយ​ដល់​ឆ្អឹង​តែម្តង​។ ប្រការនេះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គួរពិនិត្យមើល​ឡើងវិញ​ជាបន្ទាន់ ព្រោះ​ផ្លូវជាតិ​លេខ​៣​និង​ស្ពាន​លើផ្លូវ​នេះ​ត្រូវ​ប្រឈម​នឹង​ការខូចខាត​ជា​បន្តបន្ទាប់​ដោយសារ​រថយន្ត​ដឹកទំនិញ​លើស​ទម្ងន់ ចំណែក​ក្រុមមន្ត្រី​ជញ្ជីង​ថ្លឹង​រថយន្ត​របស់​ក្រសួង​សាធារណការ​និង​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល គិតតែ​ពី​រឿង​ប្រមូល​លុយ​ចែកគ្នា​យ៉ាង​ត្រជាក់ចិត្ត​៕

T-0126លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ WAT-060115