កែវ វាសនា លាត​ត្រដាង​ពី​ស្ត្រី​​​ម្នាក់​ដែល​ជា​ដៃគូរកស៊ី​ជាមួយគ្នា

លោក កែវ វាសនា បាន​ប្រកែក​​ថា ​ស្ត្រី​ម្នាក់​ដែល​ចូលហ៊ុន​​បើក​ហាង​គ្រឿង​សម្អាង​ជា​មួយ​លោក មិនមែន​ជា​​ភរិយា​លោក​ឡើយ គ្រាន់តែ​​មិត្តភ័ក្ដិ​​ប៉ុណ្ណោះ។

 

 

កែវ វាសនា លាត​ត្រដាង​ពី​ស្ត្រី​​​ម្នាក់​ដែល​ជា​ដៃគូរកស៊ី​ជាមួយគ្នា
លោក​ថ្លែង​បែប​នេះ បន្ទាប់​ពី​ប្រភព​​ដែល​សូម​មិន​បញ្ចេញ​ឈ្មោះ​មួយ​បង្ហើប​ថា កែវ វាសនា កំពុង​មាន​ទំនាក់ទំនង​ជា​មួយ​ជា​កូន​មន្ត្រី​ធំ​ម្នាក់ ដែល​មាន​ទ្រព្យ​ច្រើន ហើយ​បាន​ចូល​ហ៊ុន​រកស៊ី​ជា​មួយ​គ្នា​​ថែម​ទៀត​ផង។
ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថាតារា​ចម្រៀង​មក​ពី​ខេត្ត​កំពង់​ឆ្នាំង​រូប​នេះ និង​ស្ត្រី​ម្នាក់​នោះ តែង​ហៅ​គ្នា​ប្ដី​ប្រពន្ធ​​ជា​និច្ច ទោះបី​មិន​ទាន់​រៀបការ​ក្ដី ។ ជា​មួយ​គ្នា​នោះ​ ​ភាគី​ខាង​ស្រី ក៏​តែង​តែ​ជួយ​ផ្គត់ផ្គង់​តារា​ចម្រៀង​ម្នាក់​នេះ​ជា​និច្ចទាំង​រថយន្ត​ជិះ​រាល់​ថ្ងៃ ​ក៏​ដូច​ជា​ការ​រកស៊ី​ជា​​ដើម​​។
ទោះ​បែប​នេះ​ក្ដី លោក កែវ វាសនា បាន​ប្រកែក ដោយ​តារា​ចម្រៀង​​ម្នាក់​នេះ​បញ្ជាក់​ថា ស្ត្រី​ម្នាក់​នោះ​ មិនមែន​ជា​សង្សារ​ ឬ​ជា​ប្រពន្ធ​លោក​ឡើយ ពោល​គឺ​គ្រាន់​តែ​ជា​​​មិត្តភ័ក្ដិ​ តែ​ជិតស្និទ្ធ​ប៉ុណ្ណោះ។ ម្ចាស់​បទ “កូលាប​ពុល​ដី” រូប​នេះ​ ​បាន​បន្ត​​ទៀត​ថា លោក​បាន​ស្គាល់​​គ្នា​ជាង​៥ឆ្នាំ​មក​ហើយ ហើយ​ដោយ​សារ​ទំនាក់ទំនង​មាន​​ភាព​ជិតស្និទ្ធ​​ ទើប​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​​ច្រឡំថា​សង្សារ​នឹង​គ្នា​។ យ៉ាង​​ណា លោក​អះអាង​​ថា ទំនាក់​ទំនង​ពួក​លោក គ្រាន់​ជា​មិត្តភក្ដិ​ប៉ុណ្ណោះ  ។
តារា​ចម្រៀង​ម្នាក់​នេះ បាន​បន្ត​ទៀត​ថា ដោយសារតែ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​​មាន​ការ​ទុកចិត្ត​គ្នា​បែប​នេះ ទើប​លោក​បាន​សម្រេចចិត្ត​ដាក់​ទុន​រកស៊ី​ជា​មួយ​គ្នា។ ហាង​ដែល​លោក​​បើក​ជាង២ខែ​មុន​នោះ គឺ​លក់​ផលិតផល​គ្រឿង​​សម្អាង​នាំ​ចូល​ពី​ប្រទេស​ម៉ាឡេស៊ី។ ដើម​ទុន​​បើក​ហាង​​ខាង​លើ ត្រូវ​បាន​​តារា​ចម្រៀង​ម្នាក់​នេះ ទម្លាយ​ឲ្យ​ដឹង​ថា ​អស់​រហូត​ដល់​ទៅ​ជិត៣ម៉ឺន​ដុល្លារ។ ទោះ​យ៉ាង​នេះ​ក្ដី ទីតាំង​ក៏​ដូច​ជា​យីហោ​ហាង លោក កែវ វាសនា មិន​បាន​​បញ្ជាក់​ឲ្យ​ដឹង​ឡើយ។
វិល​មក​ទំនាក់ទំនង​ជា​មួយ​នារី​ខាង​លើ​​ ទៅ​ថ្ងៃ​ខាង​មុខ តើ​អាច​ឈាន​ដល់​​​ដំណាក់​កាល​មាន​ស្នេហា​ជា​មួយ​គ្នា ​ឬ​យ៉ាង​ណា​នោះ កែវ វាសនា បញ្ជាក់​ថា មិន​ហ៊ាន​សន្និដ្ឋាន​មុន​​ឡើយ៕
អត្ថបទ៖ ខុត សីហា