​Kelly Clarkson បង្ហើប​រឿង​ពិត​ដ៏​ក្ដុកក្ដួល​ពី​ក្រោយ​អត្ថន័យ​​បទ​ “Piece By Piece”

នៅ​ក្នុង​សម្ភាសន៍​មួយ​ជាមួយ​ពិធីករ Ryan Seacrest នា​ពេល​ថ្មី​ៗ​នេះ តារា​ចម្រៀង​អាមេរិក Kelly Clarkson បាន​និយាយ​ពី​ដើមចម​ដែល​បណ្ដាល​ឲ្យ​នាង​សរសេរ​បទ​ចម្រៀង “Piece By Piece” ដែល​ធ្វើ​ឲ្យ​មនុស្ស​រាប់​លាន​នាក់​ស្រក់​ទឹក​ភ្នែក​និង​រំជួល​ចិត្ត តាម​រយៈ​ការ​សម្ដែង​របស់​នាង​លើ​ឆាក American Idol កាល​ពី​សប្ដាហ៍​កន្លង​ទៅ។

 

​Kelly Clarkson បង្ហើប​រឿង​ពិត​ដ៏​ក្ដុកក្ដួល​ពី​ក្រោយ​អត្ថន័យ​​បទ​ “Piece By Piece”

 

Kelly បាន​បង្ហើប​ថា​អត្ថន័យ​សំខាន់​នៃ​បទ​ចម្រៀង​នេះ គឺ​ចង់​និយាយ​ពី​អវត្តមាន​របស់​ឪពុក​ក្នុង​ជីវិត​របស់​នាង។ អតីត​ម្ចាស់​ជយលាភី​ដំបូង​បំផុត​ក្នុង​កម្មវិធី American Idol ​ពេល​បទ​ចម្រៀង​នេះ នាង​នឹក​ដល់​ទាំង​ឪពុក​​នាង Stephen Clarkson និង​ស្វាមី​របស់​នាង​គឺ​លោក Brandon Blackstock។

 

“ពេល​ឃើញ​ប្ដី​របស់​ខ្ញុំ​ស្រឡាញ់​កូន​ស្រី​គ្រប់​ពេល​ គ្រប់​វេលា ទៅ​ដល់​ទីណា​ក៏​បាន​ដើម្បី​តែ​កូន វា​ធ្វើ​ឲ្យ​ខ្ញុំ​រំភើប​ចិត្ត​ខ្លាំង​ណាស់។ ខ្ញុំ​គិត​ថា​កូន​ខ្ញុំ​ក៏​ទទួល​អារម្មណ៍​ដូច្នេះ​ដែរ”។​

 

តារា​ចម្រៀង​រូប​នេះ​បាន​បន្ត​ថា ការ​ធំ​ដឹង​ក្ដី​ឡើង​ដោយ​គ្មាន​ឪពុក​គឺ​​ជា​ចន្លោះ​ ប្រហោង​ធំ​មួយ​ក្នុង​ជីវិត​របស់​នាង ហើយ​នៅ​ពេល​ក្លាយ​ជា​ម្ដាយ​ឪពុក​របស់​គេ នាង​​កាន់​តែ​មាន​អារម្មណ៍​ថា​កម្សត់​ថែម​ទៀត​ពេល​នឹក​ឃើញ​ឪពុក​ខ្លួន​ឯង។

 

ឪពុក​ម្ដាយ​របស់ Kelly បាន​លែងលះ​គ្នា​តាំង​ពី​តារា​វ័យ ៣១ឆ្នាំ​រូប​នេះ នៅ​អាយុ​៦ឆ្នាំ។ ក្រោយ​ការ​លែងលះ​នេះ Kelly ជា​កូន​ពៅ​បាន​នៅ​ជាមួយ​ម្ដាយ បង​ប្រុស​ម្នាក់​រស់​នៅ​ជាមួយ​ឪពុក ហើយ​បង​ស្រី​ម្នាក់​ទៀត​បាន​ទៅ​រស់​នៅ​ជាមួយ​ម្ដាយ​មីង។ បើ​ទោះ​ជា​មាន​​​ការ​ឈឺចាប់​ខ្លាំង​ដោយ​សារ​ការ​បាក់បែក​នេះ ប៉ុន្តែ​ម្ចាស់​បទ “Because of You” បាន​ព្រម​ទទួល​យក​ហេតុផល​ដែល​ឪពុក​របស់​នាង​ចាកចេញ​ហើយ​ក៏​មិន​ប្រកាន់​នឹង​លោក​ដែរ។

 

“វា​​ជា​​រឿង​ត្រឹម​ត្រូវ ​ដែល​យើង​គួរ​ធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​សង្គ្រោះ​ចំណង​អាពាហ៍ពិពាហ៍​មួយ​ឲ្យ​គង់វង្ស ប៉ុន្តែ​ចុង​ក្រោយ​វា​នឹង​រឹត​តែ​ឈឺចាប់ ប្រសិន​បើ​យើងនៅ​តែ​ទ្រាំ​រស់​នៅ​ជាមួយ​មនុស្ស​ដែល​មិន​អាច​ផ្ដល់​ក្ដី​ស្រឡាញ់​និង​សេចក្ដី​សុខ​ពិត​ឲ្យ​យើង ហើយ​ការ​ខិតខំ​ទាំង​អស់​ក៏​គ្មាន​ន័យ​ដែរ”។ Kelly និយាយ​ប្រាប់ Seacrest ៕​

 

ចុចអាន៖បេក្ខជន​កំពូល​ភ្លាវ​​ទាំង​១០រូប​នៅ​ American Idol​

ចុចអាន៖តារា​​ចម្រៀង៥​រូប​ដែល​​ជោគជ័យ​ខ្លាំង ក្រោយ​ធ្លាក់​ពី “American Idol”

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ huffingtonpost