រដ្ឋមន្រ្តីព័ត៌មាន ៖ បុគ្គលមួយចំនួន ប្រើFacebook ខុសការពិត កំពុងជាប់ពន្ធនាគារ ជាបន្តបន្ទាប់

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងថា បុគ្គលមួយចំនួន ដែលបានប្រើប្រាស់ បណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក (Facebook) មានលក្ខណៈបំភ្លៃ អុជអាល ខុសការពិត កំពុងតែជាប់ ពន្ធនាគារជាបន្តបន្ទាប់ តាមអំណាចនៃច្បាប់ជាធរមាន។

លោក ខៀវ កាញារីទ្ធ បានថ្លែងក្នុងឱកាស បើកសន្និបាទ បូកសរុបការងារវិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០១៥ និង ទិសដៅការងារភារកិច្ចឆ្នាំ២០១៦នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦ថា  ហ្វេសប៊ុក ក៏មានជ្រុង មួយអវិជ្ជមានរបស់វាផងដែរ ក្រោយអ្នកលេងមួយ ចំនួនមានចរិកជ្រុលនិយម និងអសីលធម៌ បានយកហ្វេសប៊ុក ធ្វើជាវេទិកាញុះញង់ អុជអាល ជេរប្រមាថ បំផ្លើស បំភ្លៃ មួលបង្កាច់ខុសការពិត ប្រើរូបភាពកាត់ត តម្លើងរូបភាព បន្ថែមជាដើម។

លោកបន្តថា “ក្នុងនោះក៏មានក្ខណៈប្រមាថអសីលធម៌ អាសអាភាសសព្វបែបយ៉ាង ឆ្លងផុតពីសិទ្ធសេរីភាព នៃការបញ្ចេញមតិ ឈានចូលបទល្មើសបរិហាកេរ្តិ៍ ប្រមាថមើលងាយយ៉ាងធ្ងន់ធ្ងរ ដែលច្បាប់មិនអាចលើក លែងបាន។  ជាក់ស្តែង បុគ្គលមួយចំនួនដែលប្រើប្រាស់ ហ្វេស ប៊ុកបែបនេះ កំពុងតែជាប់ពន្ធធានាគារ ជាបន្តបន្ទាប់ តាមអំណានៃច្បាប់ជាធរមាន”។

លោករដ្ឋមន្រ្តីបន្ថែមថា បណ្តាញព័ត៌មានកំពុងមានការរីកចម្រើនខ្លាំង ហើយបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក ក៏បានក្លាយជា មធ្យោយបាយដ៏ពេញនិយមមួយសម្រាប់កម្ពុជានាពេលបច្ចុប្បន្ន ដែលបានដឹង ព័ត៌មាននានាពីបណ្តាញសង្គមដ៏ពេញនិយមមួយនេះ។

ហ្វេសប៊ុក បានក្លាយជា មធ្យោបាយដ៏ពេញនិយម សម្រាប់ប្រជាពលរដ្ឋកម្ពុជាទូទៅ ចាប់តាំងប្រជាពលរដ្ឋ សាមមញ្ញទូទៅ អ្នកលក់ អាជីវករ អ្នកជំនួញធំៗ កម្មករ សិស្ស និស្សិត បញ្ញវ័ន្ត មន្រ្តីរាជការ រហូតដល់អ្នក នយោបាយ ដែលកំពុងតែច្បាមយក ហ្វេស ប៊ុក ធ្វើជាឧបករណ៍ឃោសនាដ៏មុតស្រួចរបស់ខ្លួន ក្នុងការអូសទាញ អ្នកគាំទ្រ និងវាយប្រហារលើគូប្រជែងរបស់ខ្លួន៕