ដើម​បណ្ដឹង​ថា​សមាជិក​គ្រួសារ​ត្រូវ​បាន​ខ្មែរ​ក្រហម​សម្លាប់​ព្រោះ​ជាប់​សែស្រឡាយ​វៀតណាម

អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៅ​ថ្ងៃ​ទី​១ ខែ​មីនា បន្ត​ស្ដាប់​ការ​ថ្លែង​ទុក្ខសោក​របស់​ដើម​បណ្ដឹង​រដ្ឋប្បវេណី ដែល​រង​ផល​ប៉ះពាល់​ដោយ​របប​កម្ពុជា​ប្រជាធិបតេយ្យ ក្នុង​ពេល​ប្រព្រឹត្ត​លើ​ក្រុម​មនុស្ស​ដែល​គេ​កំណត់​ជា​គោលដៅ​ជាក់លាក់ គឺ​ជនជាតិ​ចាម វៀតណាម និង​អ្នក​រដ្ឋការ​នៃ​របប​សាធារណរដ្ឋ​ខ្មែរ។

ដើម​បណ្ដឹង​រដ្ឋប្បវេណី​ដែល​ឡើង​មក​ថ្លែង​ទុក្ខសោក​នៅ​ចំពោះ​មុខ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង នៅ​ថ្ងៃ​ទី​១ មីនា សុទ្ធតែ​បាន​អះអាង​ថា សមាជិក​គ្រួសារ​ពួក​គាត់​ជាច្រើន​នាក់ ត្រូវ​បាន​ពួក​ខ្មែរ​ក្រហម​យក​ទៅ​សម្លាប់ ព្រោះ​តែ​ជាប់​សែស្រឡាយ​ជនជាតិ​វៀតណាម។

ដើម​បណ្ដឹង​រដ្ឋប្បវេណី​ទី​៤ មក​ពី​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ មួយ​រូប គឺ​លោកស្រី ខូង មួយ ថ្លែង​ថា ម្ដាយ​លោកស្រី​ជា​ជនជាតិ​វៀតណាម និង​ឪពុក​ជា​ជនជាតិ​ចិន ត្រូវ​បាន​ពួក​ខ្មែរ​ក្រហម​យក​ទៅ​សម្លាប់៖ «ទៅ​លេង​ផ្ទះ ទៅ​ដល់​អត់​ឃើញ​ឪពុក​ម្ដាយបង​ប្អូន​ខ្ញុំ ឃើញ​តែ​ផ្ទះ​ទទេ។ ខ្ញុំ​នៅ​យំ​ចាំ​ដល់​ល្ងាច​ម៉ោង​ប្រហែល ៣ ឃើញ​តែ​ផ្ទះ​ទទេ។ ដល់​រួច​ឃើញ​អ៊ំ​មួយ​នៅ​ផ្ទះ​ជិត​ហ្នឹង គាត់​ប្រាប់​ថា ម៉ាក់​ឯង​គេ​យក​ទៅ​វាយ​ចោល​ហើយ! ម៉ាក់​ឯង​ខំ​ស្រែក​ពេញ​ផ្លូវ​ប្រាប់​ថា ផ្ដាំ​កូន​ខ្ញុំ​មួយ​ផង​ថា គាត់​ទៅ​ហើយ

លោកស្រី​បញ្ជាក់​ថា ក្រៅ​ពី​ឪពុក​ម្ដាយ ក៏​មាន​សាច់ញាតិ​ជា​បង​ប្អូន និង​ក្មួយ​ចំនួន ១១​នាក់​ផ្សេង​ទៀត ក៏​ត្រូវ​កម្មាភិបាល​ខ្មែរ​ក្រហម​ប្រមូល​យក​ទៅ​សម្លាប់​ទាំងអស់។ លោកស្រី​បន្ថែម​ថា លោកស្រី​នៅ​តែ​ឈឺ​ចាប់​នៅ​ពេល​រំឭក​រឿង​នេះ​ឡើង​វិញ។

រីឯ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​មក​ពី​ខេត្ត​ក្រចេះ គឺ​លោក អ៊ុច ស៊ុនឡាយ ក៏​អះអាង​នៅ​ចំពោះ​មុខ​អង្គ​ជំនុំ​ជម្រះ​ថា ពួក​ខ្មែរ​ក្រហម​បាន​យក​សមាជិក​គ្រួសារ​របស់​លោក​ចំនួន ១៣​នាក់​ទៅ​សម្លាប់​នៅ​កោះ​ទ្រង់ ក្នុង​ខេត្ត​ក្រចេះ នោះ​ដែរ។ លោក អ៊ុច ស៊ុនឡាយ បន្ត​ថា គណៈ​សហករណ៍​បាន​បញ្ឆោត​លោក​ឲ្យ​ទៅ​កាប់​ឫស្សី​បង្អោង​ត្នោត​នៅ​ឆ្ងាយ ហើយ​ចាប់​ប្រពន្ធ និង​កូន​របស់​លោក ៣​នាក់​ដែល​ជាប់​សាច់​ឈាម​ជា​ជនជាតិ​វៀតណាម យក​ទៅ​សម្លាប់៖ «ពេល​នោះ​ឈ្មោះ មឿន ជា​គណៈ​សហករណ៍​បាន​ក្រោក​ឈរ​ឡើង ហើយ​និយាយ​ថា សមមិត្ត​មាន​គុណ​សម្បត្តិ​ខ្ពស់​ណាស់​ជាមួយ​នឹង​បក្ស​វណ្ណៈ​កម្មករ​យើង។ សមមិត្ត​បាន​ខិតខំ​បំពេញ​ការងារ​កម្ចាត់​ធាតុ​ដើម លះ​បង់​ខ្ពស់​ជូន​បក្ស​វណ្ណៈ​កម្មករ​កសិករ តែ​ប្រពន្ធ​កូន​សមមិត្ត យើង​ខ្ញុំ​បាន​ប្រមូល​ទៅ​ទុក​មួយ​ដុំ​ហើយ។ សូម​សមមិត្ត​កាត់​សាច់​ស្អុយ​នេះ​ចេញ​ចុះ! ខ្ញុំ​បាទ​ធ្លាប់​តែ​ឮ​ថា​បោស ធ្លាប់​តែ​ឮ​ថា​កម្ទេច ម្ដង​នេះ​គេ​ថា​ឲ្យ​កាត់​សាច់​ស្អុយ​ហ្នឹង​ចេញ កុំ​ឲ្យ​នៅ​អាឡោះអាល័យ! សមមិត្ត​ត្រូវ​តែ​លះបង់​ខ្ពស់ ហើយ​និយាយ​តាម​បក្ស​របស់​ខ្ញុំ ក្រោក​ឈរ​ឡើង...ទោះ​បី ៣០​ឆ្នាំ ៤០​ឆ្នាំ​នេះ​កន្លង​ទៅ​ពិត​មែន ទឹក​ភ្នែក​បាន​ហូរ​រាប់​ខែ​រាប់​ឆ្នាំ​ទៅ​ហើយ តែ​ពេល​នេះ​ក៏​តែ​នឹក​ឃើញ មិន​អាច​បំភ្លេច​បាន​សោះ​ឡើយ»

លោក​ថ្លែង​ទៀត​ថា ឪពុក​របស់​លោក​ដែល​មិន​មែន​ជា​ជនជាតិ​វៀតណាម ក៏​ត្រូវ​គេ​យក​ទៅ​សម្លាប់​ដែរ ដោយសារ​តែ​គាត់​មិន​ព្រម​បោះបង់​ការ​គោរព​ព្រះពុទ្ធ​សាសនា៖ «ឪពុក​ខ្ញុំ​បាទ​ជា​អាចារ្យ​វត្ត​ឈ្មោះ អ៊ុច ស៊ុនលី ហៅ តាំង ឆាយ ក៏​ត្រូវ​បាត់បង់​ដោយ​គ្រាន់​តែ​គាត់​រក​ដើម​ព្រិច​ងាប់ៗ យក​មក​ដុត ដើម្បី​ធ្វើ​ធូប​គាត់​នមស្សការ​ព្រះរតនត្រ័យ ហើយ​កង​ឈ្លប​វា​បាន​មើល​ឃើញ វា​ថា​ស្អី ព្រះរតនត្រ័យ​ស្អី? ទៅ​ព្រះពុទ្ធ​ជា​ទី​ពឹង​ជា​រឭក​ស្អី គឺ​ចាប់​ចង​អូស​យក​ទៅ។ ក្នុង​នោះ​ការ​ដែល​ចាប់​ចង​អូស មាន​សមមិត្ត យៀន ជា​អ្នក​មក​ប្រាប់​ថា ឪ​គ្រូ ឡាយ ឯង​ជឿ​ងប់​ហើយ​លើ​ពុទ្ធសាសនា អា​ហ្នឹង​ឲ្យ​វា​ទៅ​កន្លែង​ព្រះពុទ្ធ​ជា​ទី​ពឹង​ជា​ទី​រឭក​ចុះ

លោក អ៊ុច ស៊ុនឡាយ គឺ​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ទី​៥ ដែល​ឡើង​មក​ថ្លែង​ទុក្ខសោក​នៅ​ក្នុង​សវនាការ​សាលា​ដំបូង ទាក់ទង​នឹង​ការ​ប្រព្រឹត្ត​របស់​ពួក​ខ្មែរ​ក្រហម​ទៅ​លើ​ក្រុម​មនុស្ស ដែល​គេ​កំណត់​ជា​គោលដៅ​ជាក់លាក់ ក្នុង​នោះ​គឺ​ការ​ប្រព្រឹត្ត​ចំពោះ​អតីត​អ្នក​រដ្ឋការ​នៃ​របប​សាធារណរដ្ឋ​ខ្មែរ​ចំពោះ​ជនជាតិ​ចាម និង​ជនជាតិ​វៀតណាម ក៏ប៉ុន្តែ​អង្គ​ហេតុ​នេះ មិន​រាប់​បញ្ចូល​នូវ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ដែល​ប្រព្រឹត្ត​ឡើង​ដោយ​កងទ័ព​បដិវត្តន៍​កម្ពុជា នៅ​លើ​ដែនដី​វៀតណាម នោះ​ទេ។

ការ​ថ្លែង​ពី​ទុក្ខ​វេទនា​របស់ លោក អ៊ុច ស៊ុនឡាយ នឹង​ត្រូវ​បន្ត​នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែ​មីនា ទៀត។

បន្ទាប់​ពី​ការ​ថ្លែង​ទុក្ខសោក​របស់ លោក អ៊ុច ស៊ុនឡាយ អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង នឹង​ចាប់​ផ្ដើម​ធ្វើ​សវនាការ​ពិនិត្យ​ភស្តុតាង​ក្នុង​ប្រធានបទ​ទី​៤ នៃ​សំណុំ​រឿង​០០២ វគ្គ​២ ទាក់ទង​នឹង​ការ​បោស​សម្អាត​ផ្ទៃ​ក្នុង​នៃ​បក្ស​កុម្មុយនិស្ត​កម្ពុជា និង​មន្ទីរ​សន្តិសុខ ៣​កន្លែង គឺ​មន្ទីរ​សន្តិសុខ​អូរ​កន្សែង នៅ​ខេត្ត​រតនគិរី មន្ទីរ​សន្តិសុខ​ភ្នំ​ក្រោល ខេត្ត​មណ្ឌលគិរី និង​មន្ទីរ​សន្តិសុខ "-២១" នៅ​ភ្នំពេញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។