គណៈកម្មការ​ទី​៨​នៃ​រដ្ឋសភា​គាំទ្រ​សកម្មភាព​ការងារ​របស់​អង្គការ​ជី​អ៊ី​សេត​អាល្លឺម៉ង់​

នៅ​ដើម​សប្តាហ៍​នេះ លោកស្រី កែ សុវណ្ណ​រតន៍ ប្រធាន​គណៈកម្មការ​ទី​៨​នៃ​រដ្ឋសភា និង​ជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀមរាប បាន​ថ្លែងអំណរគុណ ដល់​អង្គការ ជី​អ៊ី​សេត ដែល​បាន​ចូលរួម​គាំទ្រ ដល់​មូលនិធិ​សមធម៌ ជួយ​ប្រជាពលរដ្ឋ​ដែល​គ្មាន​លទ្ធភាព ឲ្យ​មានលទ្ធភាព ទៅប្រើ​ប្រាស់​សេវា​សុខាភិបាល ពោលគឺ​ទៅ​ព្យាបាល​ជំងឺ ក្នុងករណី​សង្គ្រោះបន្ទាន់ សម្រាលកូន នៅតាម​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​នានា​របស់​រដ្ឋ ដោយ​ឥត​គិត​ប្រាក់​។​

​ថ្នាក់ដឹកនាំ សមាជិក​គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីត​យុទ្ធ​វជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​កិច្ចការនារី ដែល​ដឹកនាំ​ដោយ លោកស្រី កែ សុវណ្ណ​រតន៍ ក៏បាន​ថ្លែងអំណរគុណ ដល់​អង្គការ ជី​អ៊ី​សេត ដែល​កន្លងមក បាន​ជួយឧបត្ថម្ភ​គាំទ្រ ដល់​គណៈកម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​កិច្ចការនារី បាន​ទៅធ្វើ​ទស្សនកិច្ច​សិក្សា​ស្វែងយល់ វិស័យ​សុខាភិបាល នៅ​ប្រទេស​ឥណ្ឌូនេស៊ី​។​

​គួរ​បញ្ជាក់ថា ថ្នាក់ដឹកនាំ សមាជិក​គណៈកម្មការ​ទី​៨​នៃ​រដ្ឋសភា ដឹកនាំ​ដោយ លោកស្រី កែ សុវណ្ណ​រតន៍ បាន​ជួបប្រជុំ​ពិភាក្សា​ការងារ ជាមួយ លោក ស្ទេស​ហ្វ ផ្លេ​ម​ម៉ា តំណាង​អង្គការ ជី​អ៊ី​សេត កាលពី​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០១៦ នៅ​វិមាន​រដ្ឋសភា ដើម្បី​ពិនិត្យ​សិក្សា ធ្វើយ៉ាងណា​ជួយ​ជំរុញ សកម្មភាព​មូលនិធិ​សមធម៌ ឲ្យ​កាន់តែ​ទូលំទូលាយ ជួយ​ប្រជាពលរដ្ឋ​ឲ្យ​ទទួលបាន​សេវា​សុខភាព​កាន់តែ​ច្រើនឡើង​។ នៅក្នុង​កិច្ចប្រជុំ​ខាងលើនេះ លោក ស្ទេស​ហ្វ ផ្លេ​ម​ម៉ា បាន​ថ្លែងថា​អង្គការ ជី​អ៊ី​សេត តែង​បាន​ជួបប្រជុំ​សូម​យោបល់ ពី​អ្នកតាក់តែង​គោលនយោបាយ ដែលមាន សមាជិក​ព្រឹទ្ធសភា រដ្ឋសភា និង​សមាជិក​រាជរដ្ឋាភិបាល ដើម្បី​ជំរុញ​កិច្ចការ​មនុស្សធម៌ ខាង​វិស័យ​សុខាភិបាល គឺ​សកម្មភាព មូលនិធិ​សមធម៌​នេះ ឲ្យ​រីកដុះដាល​នៅ​ទូទាំងប្រទេស​តែម្តង​។​

​លោក ស្ទេស​ហ្វ ផ្លេ​ម​ម៉ា បាន​សង្កត់ធ្ងន់ថា អង្គការ ជី​អ៊ី​សេត តែងតែ​ស្តាប់​មតិយោបល់ ខាង​អង្គការ​មិនមែន​រដ្ឋាភិបាល និង​ដៃគូ ពាក់ព័ន្ធ​ទាំងអស់​ផងដែរ ដើម្បី​យកមក​ធ្វើជា​ត្រីវិស័យ ក្នុង​ការជួយ​ប្រជាពលរដ្ឋ​ក្រីក្រ​ឲ្យ​លោក​មក​ទទួល​សេវា​សុខភាព​ប្រកបដោយ​គុណភាព​។ ជុំវិញ​បញ្ហា​ចោទ​ខាងលើនេះ គណៈកម្មការ​ជំនាញរ​ដ្ឋ​សភា នឹង​លើក​យកទៅ​ជជែក​ពិភាក្សា ជាមួយ​ខាង​រដ្ឋាភិបាល ពីព្រោះ​នេះ​ជា​កិច្ចការ​សង្គម និង​ជា​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ផងដែរ​៕

12801393_735092679925409_7149002620790593587_n 12805764_735092676592076_1258311643645162535_n 12795282_735092673258743_5632898458936843186_n